
លោកឧត្តមសេនីយ៍ទោ Tun Myat Naing (កណ្តាល)។ រូបថត AFP
កាលពីថ្ងៃសុក្រ ក្រុមប្រដាប់អាវុធអារ៉ាកានបានដោះលែងសមាជិកគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីប្រជាធិបតេយ្យ ៣ នាក់ ដែលត្រូវបានគេចាប់ខ្លួនពេលកំពុងធ្វើយុទ្ធនាការនៅរដ្ឋរ៉ាក់ឃីននៅខែតុលា មុនពេលបោះឆ្នោត និងបានដោះលែងទាហានរដ្ឋាភិបាលខាងនយោបាយ និងសន្តិសុខក្នុងតំបន់ ៣ នាក់ទៀត ដែលត្រូវបានគេចាប់ខ្លួនកាលចុងឆ្នាំ ២០១៩។
ក្រុមអ្នកវិភាគបាននិយាយថា ការដោះលែងនេះមានគោលបំណងកសាង «ការជឿទុកចិត្តគ្នាទៅវិញទៅមក» និងសម្រេចបាននូវ «បទឈប់បាញ់គ្នាយូរអង្វែង» រវាងរដ្ឋាភិបាលក្រុមប្រដាប់អាវុធអារ៉ាកាន និងយោធាមីយ៉ាន់ម៉ាទាក់ទិនបញ្ហាលុបចោលការបោះឆ្នោតនៅរដ្ឋរ៉ាក់ឃីន កាលពីខែវិច្ឆិកា។
បេក្ខភាពឈរឈ្មោះបោះឆ្នោតទាំង ៣ រូប ត្រូវបានគេចាប់ខ្លួននៅភូមិហ្លួងខាកាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅ។ អ្នកទាំង ៣ សុទ្ធតែជាបេក្ខភាពឈរឈ្មោះបោះឆ្នោតសម្រាប់តំណាងឱ្យសង្កាត់ Taungup របស់រដ្ឋរ៉ាក់ឃីន ដែលក្នុងនោះរួមមាន អ្នកស្រី Daw Chit Chit Chaw បេក្ខភាពឈរឈ្មោះសម្រាប់សភាជាន់ទាប អ្នកស្រី Daw Ni Ni May Myint បេក្ខភាពឈរឈ្មោះសម្រាប់សភាជាន់ខ្ពស់ និងលោក U Min Aung បេក្ខភាពឈរឈ្មោះនៅរដ្ឋសភា។
អ្នកនាំពាក្យរបស់ក្រុមប្រដាប់អាវុធអារ៉ាកា លោក Khaing Thu Kha បាននិយាយក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា ការសម្រេចឱ្យដោះលែងនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំតាមអ៊ីនធឺណិតលើកទី២ រវាងលោកឧត្តមសេនីយ៍ទោ Tun Myat Naing និងប្រធានគណៈកម្មាធិការចរចាសន្តិភាពយោធានៅថ្ងៃទី ៣០ ខែធ្នូ កន្លងទៅ។
ក្រៅពីនេះក្រុមប្រដាប់អាវុធអារ៉ាកានក៏បានដោះលែងទាហាន ៣ នាក់ រួមមានលោក U Myint Aung លោក Nan Win Maung និងលោក Wai Lin Aung នៃកងវរសេនាតូចថ្មើរជើងលេខ ៣១៣ ក្រោមកងពលតូចលេខ ៧៧ កាលពីព្រឹកថ្ងៃសុក្រ ដដែលនេះនៅទីប្រជុំជន Paletwa ភាគខាងត្បូងរដ្ឋឆិន។ អ្នកទាំងនេះ ត្រូវបានគេឃុំខ្លួនក្នុងពេលមានការហាត់សមប្រយុទ្ធគ្នាកាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងភូមិមួយនៅ Paletwa ដែលពេលនោះទាហានទាំង ៣ រូបនេះ មានសុខភាពមិនសូវល្អ។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Zaw Min Tun បានបញ្ជាក់ប្រាប់សារព័ត៌មាន The Irrawaddy ទាក់ទិននឹងការដោះលែងជនស៊ីវិល និងទាហាននេះថា៖ «យើងទទួលបានទាហានទាំង ៣ នាក់នេះ ហើយចំណែកឯសមាជិកគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីប្រជាធិបតេយ្យទាំង ៣ នាក់ នឹងត្រូវផ្ទេរទៅកាន់រដ្ឋធានី Sittwe នៃរដ្ឋ Rakhine នៅរសៀលថ្ងៃសុក្រ នេះឯង»។
ខាងក្រុមប្រដាប់អាវុធអារ៉ាកាន លោក Khaing Thu Kha បាននិយាយថា ក្រុមអារ៉ាកាននឹងដោះលែងអ្នកជាប់ឃុំបន្ថែមទៀតក្នុងករណីអ្នកដែលជាប់ឃុំឃាំងមានវ័យចំណាស់ ឬឈឺពោលគឺ «អាស្រ័យលើវឌ្ឍនភាពនៃកិច្ចចរចាសន្តិភាព»។
យ៉ាងណាមិញគណបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យបានទទួលជ័យជម្នះមួយផ្សេងទៀតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែវិច្ឆិកា។ ទោះយ៉ាងណានៅរដ្ឋរ៉ាក់ឃីន គណបក្សនេះបាត់បង់អាសនៈយ៉ាងច្រើន ដែលខ្លួនធ្លាប់តែឈ្នះកាលពីឆ្នាំ ២០១៥។
ប្រមាណជា ២ ភាគ ៣ នៃចំនួនប្រជាជនរបស់រដ្ឋរ៉ាក់ឃីន មិនបានចូលរួមបោះឆ្នោតទេ បន្ទាប់ពីគណៈកម្មការបោះ ឆ្នោតបានបិទការិយាល័យបោះឆ្នោតមួយចំនួន ដោយអះអាងថា មកពីអសន្តិសុខដោយសារតែការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមបះបោររបស់កងទ័ពអារ៉ាកាន។
ក្រុមប្រដាប់អាវុធអារ៉ាកាន និងយោធាមីយ៉ាន់ម៉ា បានផ្អាកការប៉ះទង្គិចគ្នាប្រហែល ២ ខែកន្លងមកហើយ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងឥតឈប់ឈរ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ មក។ កិច្ចចរចាដែលឈានដល់ការផ្អាកការប្រយុទ្ធគ្នានេះ ត្រូវបានសម្របសម្រួលដោយប្រធានមូលនិធិជប៉ុន គឺលោក Yohei Sasakawa ដែលបានសម្តែងក្តីសង្ឃឹមថា អាចនឹងជាចលនានៃការបន្តឱ្យមានការបោះឆ្នោតរដ្ឋរ៉ាក់ឃីនឡើងវិញ។
ភាគីទាំង ២ បានធ្វើកិច្ចចរចាក្រៅផ្លូវការចំនួន ៣ លើករួចមកហើយនៅថ្ងៃទី ២៥ ខែវិច្ឆិកា ថ្ងៃទី ៩ ធ្នូ និងថ្ងៃទី ៣០ ខែធ្នូ ដើម្បីព្យាយាមធ្វើឱ្យមានសន្តិភាពជាផ្លូវការ។ ចំណែកប្រជាជនដែលភៀសខ្លួនពីតំបន់ប្រយុទ្ធរាប់ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅផ្ទះវិញ ចាប់តាំងពីការប្រយុទ្ធបានផ្អាកមក។
លោក U Maung Maung Soe អ្នកវិភាគកិច្ចការនយោបាយ និងកិច្ចការជនជាតិភាគតិចបាននិយាយថា៖ «នៅពេលកិច្ចប្រជុំចុងក្រោយដែលមានបុគ្គលអ្នកសម្រេចចិត្តសំខាន់ៗ វានឹងជួយកសាងនូវការជឿទុកចិត្តគ្នាទៅវិញទៅមក។ វាហាក់ដូចជាភាគីទាំងសងខាង កំពុងព្យាយាមឱ្យមានបទឈប់បាញ់គ្នារវាងគ្នាយ៉ាងមុតមាំ»។
លោកប្រាកដក្នុងចិត្តថា ការប្រយុទ្ធគ្នានៅរដ្ឋរ៉ាក់ឃីននឹងអាចបញ្ចប់នៅពេលណាមួយដ៏ខ្លី។
កិច្ចពិភាក្សាជាច្រើនបាននិយាយថា ក្រុមប្រដាប់អាវុធអារ៉ាកាន និងយោធាមីយ៉ាន់ម៉ា បានដកចំនួនកងទ័ពដែលពង្រាយតាមទីតាំងប្រយុទ្ធ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ជាគន្លឹះមួយក្នុងការបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយនៅក្នុងរដ្ឋរ៉ាក់ឃីន។
កងទ័ពអារ៉ាកានបានជាប់គាំងនៅក្នុងសមរភូមិជាមួយយោធាដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ាអស់រយៈពេលជិត ២ ឆ្នាំហើយ និងបានតស៊ូប្រយុទ្ធ ដើម្បីទាមទារសិទ្ធិសម្រាប់ប្រជាជនរ៉ូហ៊ីងយ៉ាក្នុងប្រទេសនេះ។
យ៉ាងណាមិញ ភាគីទាំង ២ ត្រូវបានគេចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ដោយបានធ្វើឱ្យស្លាប់ និងរងរបួសមនុស្សរាប់រយនាក់ នឹងធ្វើឱ្យជនស៊ីវិលប្រមាណ ២០ ម៉ឺននាក់ បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅកាន់តំបន់មួយ ដែលស្ថិតនៅក្រោមការរឹតត្បិតតឹងរ៉ឹងបំផុត៕