បុរី​ញូវយ៉ក៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​អំពាវនាវ​ឲ្យ​ក្រុម​ភា​គី​សង្គ្រាម​ទាំង ​២ ​នៅ​លីប៊ី​ ត្រូវ​ប្រញាប់​ប្រញាល់​ឲ្យ​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​មួយ​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ដំណើរការ​នយោបាយ​មួយ​ ដោយ​មាន​បំណង​ចង់​ឲ្យ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​សម្បូរ​ប្រេង​​នេះ​។​

កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​ស្តីពី​ជំនួប​កំពូល​លីប៊ី​នៅ​ចុង​សប្តាហ៍​ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​អំពី​ការ​បង្កើត​គណៈកម្មការ​យោធា​មួយ​ ដែល​ត្រូវ​បាន​គេ​សង្ឃឹម​ថា​ នឹង​បង្ហាញ​ផ្លូវ​ឲ្យ​មាន​ការ​ចូលរួម​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស ​លីប៊ី​។​

បទ​ឈប់​បាញ់​នោះ ​នឹង​រួម​បញ្ចូល​សមាជិក ​៥ ​ក្រុម​មក​ពី​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ និង​ក្រុម​ប្រឆាំង​ស្មោះ​ត្រង់​ជាមួយ​យោធា​របស់​បុរស​ខ្លាំង​ គឺ​លោក​ ​ហ្គាលីហ្វា​ ​ហាហ្វតារ​។​

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​៖ «សមាជិក​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ស្នើ​ឲ្យ​ក្រុម​ភាគី​ជាប់​ពាក់ព័ន្ធ​លីប៊ី​ទាំង​អស់​ បង្កើត​គណៈកម្មការ​យោធា ​៥ បូក ​៥​ ដើម្បី​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។​

លោក ​អេរដូហ្គែន​ (កណ្តាល​) និង​​លោក ម៉ៃក៍ ប៉ុមប៉េអូ (ឆ្វេង​) ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជំនួប​សន្តិភាព​ស្តីពី​លីប៊ី។​AFP

ប្រទេស ​អាហ្វ្រិក​ខាង​ជើង ​បាន​ហែកហួរ​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ រវាង​ក្រុម​ប្រ​ឆាំង​ប្រដាប់​អាវុធ​គូ​បដិបក្ខ​ចាប់​តាំង​ពី​មាន​ការ​បះបោរ​បាន​គាំទ្រ​ដោយ​អង្គការ​ណាតូ​នៅ​ឆ្នាំ ​២០១១ ​បាន​សម្លាប់​ជន​ផ្តាច់ការ​លោក ​មួម៉ា ​ហ្គាដាហ្វី ​ហើយ​បាន​ទម្លាក់​របប​របស់​លោក​។​

ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​មុន រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​(GNA) ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ បាន​វាយ​បក​វិញ​ ប្រឆាំង​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​យុទ្ធជន​ស្មោះត្រង់​ជាមួយ​លោក ​ហ្គាលីហ្វា​ ហាហ្វតារ​ ដែល​បាន​គាំទ្រ​ដោយ​ក្រុម​ប្រទេស​មួយ​ចំនួន​ នៅ​ក្នុង​នោះ​មាន​ប្រទេស ​រុស្ស៊ី​ អេហ្ស៊ីប​ ​អារ៉ាប់រួម​ និង​ប្រទេស ​បារាំង​។​

នៅ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​អន្តរជាតិ​កងកម្លាំង​របស់​លោក ​ហាហ្វតារ ​បាន​រាំង​ខ្ទប់​មិន​ឲ្យ​នាំ​ប្រេង​ចេញ​ពី​កំពង់ផែ​សំខាន់​របស់​ប្រទេស លីប៊ី​។​

ក្រុង​ទី្រប៉ូលី​ជា​ទី​ដែល​​​ដំណោះស្រាយ​​ចំពោះ​​ជម្លោះ​នៅ​តែ​​មិន​ប្រាកដ​ប្រជា ទោះបី​មាន​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ក្តី​។ AFP

វិធាន​នោះ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រទេស​មួយ​នេះ ​ដើម្បី​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​ប្រទេស ​តួកគី​ ដែល​បាន​បញ្ជូន​កង​កម្លាំង ​ដើម្បី​គាំទ្រ​ក្រុម​គូបដិបក្ខ​​លោក ​ហាហ្វតារ​។​

យោង​តាម​អង្គការ ​UN បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​យោធា​​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ដោយ​បាន​បង្កើន​ការងារ​ជាមួយ​ការ​បើក​ចំហ​ឲ្យ​មាន​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ ឲ្យ​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​ជា​អចិន្រ្តៃយ៍​មួយ​ ធ្វើ​ទៅ​តាម​ការ​ស្នើសុំ​របស់​ក្រុម​មេ​ដឹកនាំ​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​។​

បទ​ឈប់​បាញ់​ត្រូវ​បាន​គាំទ្រ​រួម​រុស្ស៊ី ​និង​តួកគី​ ហើយ​បាន​រៀបចំ​ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​ និង​​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១២ ខែមករា៕ AFP/SK