ក្រុង​តេ​ហ្គូ​ស៊ី​ហ្គាល់​ប៉ាៈ ​ក្រុម​មន្ត្រី​សុខា​ភិបាល ​បាន​និយាយ​ថា​ តម្រួត​យោធា​ហុង​ឌូ​រ៉ាស់ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​និស្សិត ​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ ​​ដោយ​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​តិច ​៥​នាក់ ​រង​របួស​។​

និស្សិត​រាប់​រយ​នាក់​នៅ​សាកល​វិទ្យា​ល័យ​ស្វយ័ត​ជាតិ​នៃ​ក្រុង​ហុង​ឌូរ៉ាស់ ​កំពុង​ទាម​ទារ​ឲ្យ​​លោក​ប្រធានា​ធិបតី​ Juan Orlando Hernandez​ ចុះ​ចេញ​ពី​តំណែង ក្រោយ​ពី​ការ​មាន​បាតុ​កម្ម​ប្រឆាំង​នឹង​រូប​លោក​កាល​តែ​ខ្លាំង​ឡើង​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​មនុស្ស​៣​នាក់​ បាន​ស្លាប់​នៅ​អំឡុង​ការ​តវ៉ា​នោះ។

លោក​ Armando Sarmiento ប្រធាន​ផ្នែក​អភិ​វឌ្ឍន៍​ស្ថាប័ន​នៅ​សាកល​វិទ្យា​ល័យ​មាន​មូល​ដ្ឋាន​នៅ​ក្រុង​តេ​ហ្គូ​ស៊ី​ហ្គាល់​ប៉ា​ បាន​ថ្លែង​ប្រាប់​ AFPថា៖​ «តម្រួត​យោធា​ប្រហែល ​៤០ ​នាក់​បាន​ចូល​ទៅ​ក្នុង​បរិ​វេណ​សាកល​វិទ្យា​ល័យ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត»។

​​លោក​ Sarmiento​ បាន​បន្ត ​ថា ពួក​គេ​ដេញ​ចាប់​ក្រុម​និស្សិត ដោយ​បាន​បាញ់​ពួក​គេ​ដោយ​ប្រើ​គ្រាប់​ពិត​៕ PSA