ក្រុងកាប៊ុលៈ​ មនុស្ស​យ៉ាងតិច ៣​នាក់​ ត្រូវ​បាន​​ស្លាប់​ នៅ​ពេល​អ្នកវាយ​ប្រហារអត្ត​ឃាត​ បាន​ចុច​បំផ្ទុះ​ខ្លួន​ឯង​កាល​ពីថ្ងៃ​ចន្ទ​ នៅ​ក្នុង​ក្រុង​កាប៊ុល​ នៅ​​ក្បែរ​​ទីដែល​ពល​រដ្ឋ​អាហ្វ​ហ្គានីស្ថាន​ រាប់សិបនាក់ កំពុង​​ធ្វើ​ការ​ប្រឆាំង​​ការ​វាយ​ប្រហារ​របស់​ក្រុម​តាលី​បង់​ទៅ​លើ​ក្រុម​កុល​សម្ព័ន្ធ​ជន​ជាតិ​ភាគ​តិច​ហាហ្សា​រ៉ា​។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​លោក​Wahid​Majroh​ បាន​ថ្លែង​ថា ​មនុស្ស​៨​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​នៅ​ខាង​មុខ​វិទ្យា​ល័យ​មួយ​នៅ​តំបន់​ទីប្រជុំ​ជន​នៃរដ្ឋធានី​​ក្រុង​អាហ្វ​ហ្គានី​ស្ថាន​។

រូប​ថត​មួយ​សន្លឹក ​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រា​ត​នៅ​តាម​​បណ្តាញ​WhatsApp ​បាន​បង្ហាញ​ឲ្យឃើញ​​សាក​សព​ជាច្រើ​ន ​​ដេកនៅលើដី​​។

អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃ​លោក​Nasrat​Rahimi ​បាន​ថ្លែង​ថា៖​«​អ្នក​វាយប្រហារអត្ត​ឃាតនោះ ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ដើរ​​សំដៅ​ទៅ​ក្រុម​អ្នក​តវ៉ា ​ប៉ុន្តែ​អ្នកវាយប្រហារ​​​អ​ត្តឃាត​នោះ​ បាន​ឈប់​នៅ​កន្លែង​ប៉ុស្តិ៍​ សន្តិសុខ​មួយ​កន្លែង​នៅ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​កន្លែង​នោះ​»៕ SK