ក្រុង​បេរូត​:​ ក្រុម​អ្នក​ឃ្លាំ​មើល​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​យុទ្ធ​ជន​ដំបូង​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម ​(​IS​) ​បាន​ចាក​ចេញ​ពី​តំបន់​ឈរ​ជើង​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​ក្នុង​រដ្ឋ​ធានី​នៅ​ស៊ីរី​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​បង្កើត​ឡើង​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ស្វិត​ស្វាញ​ជា​ច្រើន​សប្តាហ៍​។​

លោក ​Rami​ Abdel ​Rahman​​ ប្រមុខ​របស់​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​ស៊ីរី​ (​SOHR​)​​ មាន​មូលដ្ឋាន​នៅ​អង់​គ្លេស​បាន​ឲ្យ​ដឹង​ថា​៖​«​នៅ​ពេល​ព្រឹក​ព្រហាម​ក្រុម​យុទ្ធ​ជន​IS​និង​ក្រុម​សាច់​ញាតិ​របស់​ពួក​គេ​៦​រថ​យន្ត​ក្រុង​បាន​ចាក​ចេញ​ពី​ជំរំ​ប៉ាឡេស្ទីន​ Yarmuk​ និង​សង្កាត់​ Tadamun​ ដែល​នៅ​កៀក​គ្នា​»​។​

លោក​Abdel​ Rahman​បាន​ឲ្យ​ដឹង​ថា​ក្រុម​រថ​យន្ត​ក្រុង​ទាំង​អស់​នោះ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​វាល​ខ្សាច់​ដ៏​ល្វឹង​ល្វើយ​នៅ​ស៊ីរី​ជា​ទី​ដែល​ក្រុម​IS​ត្រួត​ត្រា​ដែន​ដី​មួយ​ចំនួន​។​

លោក​មិន​មាន​ព័ត៌​មាន​លម្អិត​អំពី​ចំនួន​មនុស្ស​ដែល​ជិះ​នៅ​លើ​រថ​យន្ត​ទាំង​នោះ​ឡើយ ​ប៉ុន្តែ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ពួក​គេ​ភាគ​ច្រើន​គឺ​ជា​សាច់​ញាតិ​របស់​ក្រុម​ជីហាដ​និង​មិន​មាន​ប្រដាប់​អាវុធ​ឡើយ​។​

ការ​ជម្លៀស​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​បញ្ចប់​ការ​វាយ​ប្រហារ​រយៈ​ពេល​មួយ​ខែ​ដ៏​សាហាវ​មួយ ​ដើម្បី​បណ្តេញ​ក្រុម​ IS​ ចេញ​ពី​ទីតាំង​ឈរ​ជើង​ចុង​ក្រោយ​នៅ​ក្នុង​ទី​ក្រុង​ដាម៉ាស​ភាគ​ខាង​ត្បូង​៕​