The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​យោធា​មីយ៉ាន់ម៉ា​បានចាត់ទុក​រដ្ឋាភិបាល​ស្រមោល​ជា «អង្គការ​ភេរវកម្ម»




ក្រុម​យោធា​មីយ៉ាន់ម៉ា​បានចាត់ទុក​រដ្ឋាភិបាល​ស្រមោល​ជា «អង្គការ​ភេរវកម្ម»

Content image - Phnom Penh Post
សិក្ខាកាម​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​សម្ព័ន្ធជាតិ​ការ៉ែ KNU នៅ​ថ្ងៃ​ថ្ងៃទី ៩ ឧសភា។ AFP

ក្រុម​យោធា​មីយ៉ាន់ម៉ា​បានចាត់ទុក​រដ្ឋាភិបាល​ស្រមោល​ជា «អង្គការ​ភេរវកម្ម»

ក្រុម​យោធា​មីយ៉ាន់ម៉ា ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) កាលពី​រាត្រី​ថ្ងៃទី ៨ ខែឧសភា បានចាត់ទុក​រដ្ឋាភិបាល​ស្រមោល ដែល​បង្កើតឡើង​ដោយ​ក្រុមតំណាងរាស្ត្រ​ស៊ីវិល​ថា​ជា «អង្គការ​ភេរវកម្ម»។

ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា ដែល​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ ដើម្បី​ប្រជាធិបតេយ្យ (NLD) កាលពី​ថ្ងៃទី ១ កុម្ភៈ​មក មាន​ការផ្ទុះ​ការតវ៉ា និង​អំពើហិង្សា​នានា​កើតឡើង​ទូទាំង​ប្រទេស។ ក្រុម​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ភាគច្រើន​មកពី NLD ដែល​កំពុង​គេចខ្លួន​បាន​ប្រមូល​ផ្ដុំគ្នា​បង្កើត​ជា​គណៈកម្មការ​តំណាង​សភា CRPH ក្រោយមក​បាន​បង្កើតជា​រដ្ឋាភិបាល​ស្រមោល​មួយ​ឈ្មាះ​ថា​ក្រុម​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ NUG។

ក្រុម NUG តែងតែ​អះអាងថា ខ្លួន​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​មីយ៉ាន់ម៉ា ដោយ​សំអាង​លើ​លទ្ធផល​បោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដែល​គណបក្ស NLD ទទួល​បាន​អាសនៈ​ភាគច្រើន​នៅក្នុង​សភា។

រហូត​ដល់​ថ្ងៃទី ៥ ឧសភា NUG បាន​បង្កើតជា​កងកម្លាំង​ការពារ​ប្រជាជន ហៅ​កាត់​ថា PDF។ បើតាម NUG ការបង្កើត​កងទ័ព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ប្រមែប្រមូល​កម្លាំង​គ្រប់​មជ្ឈដ្ឋាន រាប់បញ្ចូល​ទាំង​កងកម្លាំង​ប្រដាប់អាវុធ​របស់​ជនជាតិ​ភាគតិច​នៅ​មីយ៉ាន់ម៉ា​ ដើម្បី​ប្រឆាំងនឹង​ក្រុម​យោធា។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទូរទស្សន៍​ជាតិ ដែល​កាន់កាប់​ដោយ​ក្រុម​យោធា​បានប្រកាស​ដាក់បញ្ចូល​ទាំង​ក្រុម​សភា ក្រុម​រដ្ឋាភិបាល និង​កងទ័ព PDF ទៅក្នុង​បញ្ជី​អង្គការ​ភេរវកម្ម។

ទូរទស្សន៍​ជាតិ​នេះ​បានប្រកាស​ថា៖ «យើង​សូម​ឲ្យ​ប្រជាជន​គ្រប់រូប កុំ​គាំទ្រ​អំពើ​ភេរវកម្ម ព្រមទាំង​ផ្ដល់ជំនួយ​ដល់​ក្រុម CRPH ក្រុម NUG និង​កងកម្លាំង PDF ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ប្រជាជន»។

ការចាត់​ទុកជា «អង្គការ​ភេរវកម្ម» នេះ​បាន​សេចក្ដីថា សូម្បីតែ​អ្នកកាសែត​នៅ​មីយ៉ាន់ម៉ា​សម្ភាស​ជាមួយ​ក្រុម​រដ្ឋាភិបាល​ស្រមោល NUG និង​ក្រុម​ពាក់ព័ន្ធ ក៏​អាច​នឹង​ប្រឈម​នឹង​ការចាប់ខ្លួន​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា ដែល​អ្នក​ក្នុងស្រុក​ហៅថា​ Tatmadaw ផងដែរ។

មុនពេល​ចាត់ទុក​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា​ជា​អង្គការ​ភេរវកម្ម ក្រុម​យោធា​មីយ៉ាន់ម៉ា Tatmadaw បាន​ចាត់ទុក​ក្រុម​ទាំងនេះ​ជា «អង្គការ​ក្រៅច្បាប់» ព្រមទាំង​ចេញ​សាលដីកា​ចាប់ខ្លួន​អ្នកនយោបាយ​ស៊ីវិល​ជាច្រើន ក្រោម​បទចោទ​ក្បត់ជាតិ។

NUG មិនទាន់មាន​ប្រតិកម្ម​ភ្លាមៗ​តប​នឹង​ការប្រកាស​របស់​ក្រុម​យោធា​ឡើយ គិត​ត្រឹម​ថ្ងៃទី ៩ ឧសភា ប៉ុន្តែ​កាលពី​ខែមីនា កន្លងទៅ​គណៈកម្មការ​តំណាង​សភា CRPH ក៏បាន​ចាត់ទុក​រដ្ឋបាល​ក្រុម Tatmadaw ជា «អង្គការ​ភេរវកម្ម» ក្រោយ​មាន​ការបង្ក្រាប​ដោយ​អំពើហិង្សា​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​នឹង​របប​សឹក។

កន្លងមក មីយ៉ាន់ម៉ា​ច្រើនតែ​ដាក់បញ្ចូល​អង្គការ​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច​នានា ទៅក្នុង​បញ្ជី​អង្គការ​ភេរវកម្ម។ កាលពី​ខែ​មីនា ឆ្នាំ ២០២០ កន្លងទៅ គណៈកម្មការ​ប្រឆាំង​អំពើ​ភេរវកម្ម​មីយ៉ាន់ម៉ា បាន​ចាត់ទុក កងកម្លាំង​អារ៉ាកាន់ (Arakan Army) ដែល​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ក្រុម​យោធា​មជ្ឈិម​មីយ៉ាន់ម៉ា​នៅ​តំបន់​ជនជាតិ​រ៉ូហ៊ីងយ៉ា នាឯ​រដ្ឋ​រ៉ាក់ឃីន។

ក្រោយពេល​រដ្ឋប្រហារ​ខែកុម្ភៈ ក្រុម Tatmadaw បាន​ដក​ក្រុម​កងទ័ព​អារ៉ាកាន់ ចេញពី​បញ្ជី​អង្គការ​ភេរវកម្ម ខណៈ​ក្រុម​មួយ​នេះ​មិនបាន​បញ្ចេញ​គោលជំហរ​ណាមួយ​គាំទ្រ​ការតវ៉ា​នឹង​រដ្ឋប្រហារ៕

ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍