ក្រុម​សង្គម​ស៊ីវិល​បាន​ទទូច​ដល់​បណ្តា​ប្រទេស​ដែល​កោះ​ប្រជុំ​បន្ទាន់​ស្ដីពី​វិបត្ដិ​ក្រុម​រ៉ូហ៊ីងយ៉ា​ ស្ថិត​ក្រោម​ការ​គាំទ្រ​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ឱ្យ​ទទួល​ស្គាល់​ថា​ អំពើ​ប្រល័យ​ពូជ​សាសន៍ ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៣៥ ​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត ​ឱ្យ​ទទួល​ស្គាល់​ថា ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​។​

កាល​ពី​ខែ​សីហា ​ឆ្នាំ ២០១៧ ​យោធា​មីយ៉ាន់ម៉ា​ បាន​ដឹកនាំ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​បុរស ​ស្ត្រី និង​កុមារ​រ៉ូហ៊ីងយ៉ា ​ដែល​ការ​វាយ​ប្រហារ​នេះ​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​រត់​ភៀស​ខ្លួន​ ទៅ​កាន់​ប្រទេស​បង់ក្លាដែស​។​

ប្រតិបត្ដិការ​បង្ក្រាប​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា ​គឺ​ជា​ប្រធានបទ​នៃ​ការ​ស៊ើប​អង្កេត​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​។​

នៅ​ក្នុង​សេចក្តី​សម្រេច​បណ្តោះអាសន្ន​មួយ​ចេញ​កាល​ពី​ខែ​មករា ​តុលាការ​បាន​ប្រាប់​មីយ៉ាន់ម៉ា​ឱ្យ​ចាត់​វិធានការ​បន្ទាន់​ ដើម្បី​ការពារ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ដោយ​និយាយ​ថា​ ​សកម្មភាព​នេះ​ បាន​បង្ក​ការ​ខូចខាត​ដែល​មិន​អាច​ពិពណ៌នា​បាន ​ចំពោះ​សិទ្ធិ​របស់​ពួក​គេ​។​ អាស៊ាន​វិញ​បាន​ប្រកាន់​ជំហរ​ថា​ ខ្លួន​ជឿ​ទុក​ចិត្ត​លើ​គណៈកម្មការ​ស៊ើប​អង្កេត​របស់​មីយ៉ាន់ម៉ា​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​។​ អាស៊ាន​អះអាង​ថា ​ខ្លួន​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ជា​សមាជិក​នោះ​ទេ​។​

រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អង់គ្លេស​លោក Dominic ​Raab​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «ថ្ងៃ​នេះ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពិភព​លោក​កុំ​ឱ្យ​ងាក​ចេញ​ពី​ការ​រង​ទុក្ខ​វេទនា​របស់​ក្រុម​រ៉ូហ៊ីងយ៉ា ​និង​ចាត់​វិធានការ​ចាំបាច់ ​ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​»​។​ ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​អង់គ្លេស​ ចក្រភព​អង់គ្លេស​ បាន​ដាក់​ទណ្ឌកម្ម​ឧត្តម​សេនីយ៍​មីយ៉ាន់ម៉ា ​២ ​រូប​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា ​ពួក​គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ ​«​ចំពោះ​អំពើ​ឃោរឃៅ​នៃ​ការ​បោស​សម្អាត​ជនជាតិ​ភាគ​តិច​»​។​

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​លើក​ឡើង​ដែរ​ថា​ ជំរំ​ដាក់​ក្រុម​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ជា​ពន្ធនាគារ​បើក​ចំហ​ ខណៈ​ពេល​ដែល​លោក ​Marzuki Darusman​ ជា​ប្រធាន​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​មីយ៉ាន់ម៉ា​ បាន​ព្រមាន​នៅ​ឆ្នាំ ​២០១៨ ថា «​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​តែ​កំពុង​បន្ត​ គឺ​បន្ដ​ទៅ​លើ​ជនជាតិ​ភាគ​តិច​របស់​មីយ៉ាន់ម៉ា​»​។ ​ឧត្ដម​ស្នងការ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ ​(UNHCR) ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ការ​វិល​ត្រឡប់​របស់​ក្រុម​រ៉ូហ៊ីងយ៉ា​ ប្រកប​ដោយ​សុវត្ថិភាព ​និង​និរន្តរភាព​ គឺ​ពឹង​ផ្អែក​ទៅ​លើ​អាជ្ញាធរ​មីយ៉ាន់ម៉ា​»​។​

គួរ​ជម្រាប​ជូន​ថា ​ខណៈ​ពេល​ដែល​ក្រុម​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់ ​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ និង​កន្លែង​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​ ការ​ប៉ាន់​ស្មាន​មួយ​បង្ហាញ​ថា ​មាន​ក្រុម​រ៉ូហ៊ីងយ៉ា​ចំនួន ​៦០ ​ម៉ឺន​នាក់ ​ស្ថិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។​ ក្នុង​នោះ រួម​ទាំង​នៅ​ក្នុង​ជំរំ​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នៅ​រដ្ឋ​រ៉ាក់ឃីន​ផង​ដែរ​ បន្ទាប់​ពី​ភាព​ចលាចល​នៅ​ក្នុង​សហគមន៍​កាល​ពី​ឆ្នាំ ​២០១២​។​

អស់​រយៈពេល ​៣ ​ឆ្នាំ​ ហើយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​គាប​សង្កត់​ទៅ​លើ​ក្រុម​រ៉ូហ៊ីងយ៉ា ​ដោយ​ឱ្យ​ពួក​គេ​ទទួល​យក​ការ​ផ្ទៀងផ្ទាត់​ជាតិ​សាសន៍ (NVCs)​ ដែល​តម្រូវ​ឱ្យ​ពួក​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា ​«​ជន​បរទេស​»​ លុប​បំបាត់​អត្តសញ្ញាណ​ដើម ​និង​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​របស់​ពួក​គេ​។ ​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​សហភាព​មីយ៉ាន់ម៉ា​បាន​បដិសេធ​សមាសភាព​បេក្ខជន​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​នាក់​ ដែល​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ក្នុង​ការ​បោះ​ឆ្នោត​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។ ​លោក​Aye​ Win ​ដែល​ជា​បេក្ខជន​រ៉ូហ៊ីងយ៉ា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​បាន​ដក​សិទ្ធិ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ដែរ​។​

ទោះ​បី​មាន​សម្ពាធ​ពី​អន្តរជាតិ​ក៏​ដោយ​ មីយ៉ាន់ម៉ា​រួម​ជា​មួយ​អាស៊ាន​ មិន​អាច​ផ្តល់​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​មនុស្ស​ធម៌​នេះ​បាន​ឡើយ​។ ​សព្វ​ថ្ងៃ​ក្រុម​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​ចាត់​ទុក​ជា ​«ប្រជាជន​រស់នៅ​លើ​ទូក​»​ ពោល​គឺ​ត្រូវ​បាន​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​គ្មាន​កោះ​ត្រើយ​ ក្នុង​លក្ខខណ្ឌ​មិន​សម​ស្រប​ ដូច​ជា​រស់នៅ​ក្នុង​ជំរំ ​Cox''s​ Bazar ​ជា​កន្លែង​មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាល​ដាល​កូវីដ ​១៩​ និង​ជា​កន្លែង​មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​។​ សម្រាប់​មីយ៉ាន់ម៉ា​មិន​ទទួល​ស្គាល់​ក្រុម​រ៉ូហ៊ីងយ៉ា​ជា​ពលរដ្ឋ​ទេ​ ទោះបី​ពួក​គេ​បាន​រស់នៅ​ក្នុង​ប្រទេស​នេះ​អស់​ជាច្រើន​ជំនាន់​មក​ហើយ​ក៏​ដោយ​។​ មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ប្រើ ​សូម្បី​តែ​ពាក្យ​រ៉ូហ៊ីងយ៉ា​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ចាក់​ស្រែះ​រក​មុខ​ដោះស្រាយ​មិន​ឃើញ​នេះ​ មីយ៉ាន់ម៉ា​ក៏​ធ្លាប់​ឆ្លើយ​តប​ទៅ​អន្ដរជាតិ​ផង​ដែរ​កន្លង​មក​ គឺ​ថា​រដ្ឋាភិបាល​នឹង​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​បញ្ចប់​វិបត្ដិ​ក្រុម​រ៉ូហ៊ីងយ៉ា​។​ ​ដោយ​ឡែក​ការ​ចេញ​បញ្ជា​ឱ្យ​ធ្វើ​ប្រតិបត្ដិការ​បង្ក្រាប​ក្នុង​អំឡុង​ឆ្នាំ ​២០១៧​ គឺ​ជា​ការ​​បង្ក្រាប​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​ ដែល​បាន​លប​វាយ​ប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​។ ​មិន​ត្រឹម​មិន​សហការ​ក្នុង​ការ​បង្ក្រាប​ក្រុម​សកម្ម​ប្រយុទ្ធ​ ប៉ុន្ដែ​បែរ​ជា​មាន​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​សំណាក់​ក្រុម​នេះ ​រហូត​ក្លាយ​ជា​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​។​

យោធា​មីយ៉ាន់ម៉ា​ ក៏​ធ្លាប់​បដិសេធ​ពី​អំពើ​ឃោរឃៅ​មួយ​ចំនួន​ដែល​អន្ដរជាតិ​ចោទ​ប្រកាន់ ​និង​ ហ៊ាន​និយាយ​ទៀត​ថា​ ប្រសិន​រក​ឃើញ​ថា ​មាន​ទាហាន​ណា​ម្នាក់​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​មែន​ គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​អាច​រួច​ខ្លួន​ឡើយ​៕​

សុខ ស្រីលុច