ក្រុង​វ៉ា​ស៊ីន​តោនៈ​ ក្រុម​សមាជិក​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ពុធ ​បាន​ស្នើ​​ឲ្យ​អាមេរិក​​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រមុខ​កង​ទ័ព​មីយ៉ាន់ម៉ា​​ ដោយ​បាន​និយាយ​ថា មាន​កិច្ចការ​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​ធ្វើ ​ដើម្បី​នាំ​ឲ្យ​មាន​ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ក្រុម​​ជន​រ៉ូហ៊ីងយ៉ា​។​

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​លោក​រដ្ឋមន្ត្រី​ការ​បរទេស ម៉ៃក៍ ប៉ុម​ប៉េអូ​ និង​លោក​រដ្ឋមន្ត្រី​រតនាគារ​ជាតិ​ Steven Mnuchin ព្រឹទ្ធសភា​ ៤ រូប ​បាន​ថ្លែង​ថា ​មីយ៉ាន់ម៉ា​ មិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​រីក​ចម្រើន​គួរ​ឲ្យ​ទុក​ចិត្ត​ទេ​ ថ្វី​បើ​មាន​ការ​ថ្កោល​ទោស​​ពី​អន្តរជាតិ​ទៅ​លើ​ការ​សម្លាប់​រង្គាល​ និង​អំពើ​ហិង្សា​លើ​ភេទ​ប្រឆាំង​នឹង​ក្រុម​​សមាជិក​នៃ​ជន​ភាគ​តិច​មូស្លីម។​

ក្រុម​សមាជិក​ព្រឹទ្ធសភា​ក្នុង​នោះ​មាន​ Dick Durbin សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​លេខ ​២ ​បាន​ថ្លែង​ថា ទណ្ឌកម្ម​ប្រឆាំង​ប្រមុខ​កង​ទ័ព​មីយ៉ាន់ម៉ា​ លោក​ឧត្តមសេនីយ៍ Min Aung Hlaing និង​មន្ត្រី​កំពូល​​ៗ​ជា​ច្រើន​រូប​ទៀត​ នឹង​បង្ហាញ​ពី​ការ​មិន​អាច​អត់ឱន​ឲ្យ​បាន​របស់​អាមេរិក​ចំពោះ​ទង្វើ​​រំលោភ​សិទ្ធិ​មនុស្ស​។

ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​រួមមាន​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក​ Todd Young នៃ​រដ្ឋ​អ៊ីនដៃអាណា​ដែល​បាន​កា្លយ​ជា​មជ្ឈមណ្ឌល​សម្រាប់​​ជន​ភៀស​ខ្លួន​មក​ពី​មីយ៉ាន់ម៉ា ​បាន​សរសេរ​ថា៖ «​រដ្ឋ​ការ​របស់​លោក ​ត្រាំ​​​ នឹង​​​ផ្ញើសារ​មួយ​ដែល​ថា​ អាមេរិក​គាំទ្រ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ការ​រំលោភ​​សិទ្ធិ​មនុស្ស ​ដែល​មាន​ឯកសារ​ត្រឹមត្រូវ​ប្រឆាំង​នឹង​ក្រុម​ជន​រ៉ូហ៊ីងយ៉ា​ និង​ជន​ភាគ​តិច​ដទៃ​ទៀត»។

ក្រសួង​រតនាគារ​ជាតិ​ កាល​ពី​ខែ​សីហា​ បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មេ​បញ្ជា​ការ ​៤ រូប​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​សម្លាប់​មនុស្ស​៕ AFP/PSA