ក្រុងបេរូតៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថាអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើស៊ីរីភាគខាងត្បូងជាច្រើនកាលពីល្ងាចថ្ងៃសៅរ៍ ដោយជំរុញឲ្យប្រព័ន្ធការពារដែនអាកាសឆ្លើយតប ២ យប់ជាប់គ្នា។
លោក Rami Abdel Rahman ប្រមុខឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅអង់គ្លេស បានថ្លែងថា៖ «យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលយ៉ាងតិច ៣ គ្រាប់ ចេញពីតំបន់ Golan Heights»។
លោក Rami Abdel Rahman បានប្រាប់ AFP ថា ការវាយប្រហារ ២ លើក ដោយយកកងកម្លាំងស៊ីរី ដែលបានគ្រប់គ្រងខេត្ត Quneitra របស់ប្រទេសនេះ ជាគោលដៅចំណែកមីស៊ីលគ្រាប់ទី៣ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស ស៊ីរី។
ទីភ្នាក់ងារសារព័ត៌មានសាណារបស់ស៊ីរី បានរាយការណ៍ថា៖ «មីស៊ីល ដែលត្រូវបានបាញ់ចេញពីដែនដីកាន់កាប់ដោយអ៊ីស្រាអែលត្រូវបានប្រព័ន្ធការពារដែនអាកាសស៊ីរីចាប់បាន»។
យោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអំពីរបាយការណ៍ ដែលបានវាយប្រហារជាច្រើនលើកនៅពេល ត្រូវបានចោទសួរដោយកាសែត AFP នោះទេ។
សារព័ត៌មានសាណា បានរាយការណ៍ឲ្យដឹងថា ការវាយប្រហារទាំងនោះ បានកើតឡើងមួយថ្ងៃ ក្រោយពីប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ចេញពីទឹកដីអ៊ីស្រាអែល។
«គោលដៅសត្រូវជាច្រើនកន្លែង» ត្រូវបានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រនៅខេត្ត Quneitra ដែលនៅក្បែរតំបន់ Golan Heights ជាផ្នែកដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែលនោះ។
ការប្រយុទ្ធគ្នារាប់រយលើក ត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលនៅប្រទេស ស៊ីរី ពួកគេភាគច្រើនធ្វើឡើង ដើម្បីប្រឆាំងទៅនឹងអ្វី ដែលខ្លួននិយាយថាយកក្រុមអ៊ីរ៉ង់ និងក្រុមអ៊ិស្លាមនិយមហេបូឡាហ៍ ជាគោលដៅនោះ។
អ៊ីស្រាអែល បានថ្លែងថា ខ្លួនបានប្តេជ្ញាចិត្ត ដើម្បីទប់ស្កាត់គូសត្រូវអ៊ីរ៉ង់របស់ខ្លួន មិនឲ្យបង្កើតយោធានៅក្នុងប្រទេស ស៊ីរី ជាទីដែលក្រុងតេអេរ៉ង់គាំទ្រ លោក បាសារ អាល់-អាសាដ នៅក្នុងសង្គ្រាមអស់រយៈពេល ៨ ឆ្នាំ របស់ប្រទេសមួយនេះ ដែលបានបណ្តាលឲ្យមនុស្សប្រហែល ៤០ ម៊ឺននាក់ស្លាប់៕ AFP/SK