
គ្រូពេទ្យជប៉ុនម្នាក់កំពុងប្រើស៊ីរុាំងបូមវ៉ាក់សាំងកូវីដ ១៩ Pfizer-BioNTech។ រូបថត AFP
ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រជប៉ុន ២ រួមគ្នាបង្កើតស៊ីរ៉ាំងដែលបឺតយកវ៉ាក់សាំងកូវីដបានម្ដង ៧ ដូស ពីដបវ៉ាក់សាំង ក្រោយប្រទេសនេះជួបប្រទះបញ្ហាកង្វះស៊ីរ៉ាំងចាក់វ៉ាក់សាំងកូវីដ ១៩ ខណៈពេលកំពុងចែកចាយវ៉ាក់សាំងដល់ប្រជាជននៅទូទាំងប្រទេស។
ជាទូទៅ ដបវ៉ាក់សាំងកូវីដដូចជា វ៉ាក់សាំង Pfizer មានផ្ទុកវ៉ាក់សាំងប្រមាណពី ៥ ទៅ ៦ ដូសប៉ុណ្ណោះ។
ក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាពជប៉ុន បានអនុម័តឱ្យប្រើប្រាស់ស៊ីរ៉ាំងនេះហើយ ខណៈក្រុមហ៊ុនទាំង ២ គ្រោងនឹងផ្គត់ផ្គង់ស៊ីរ៉ាំងថ្មីនេះសរុបជាង ៤០ លានស៊ីរ៉ាំងនៅដំណាច់ឆ្នាំ ២០២១ នេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់វ៉ាក់សាំង Pfizer-BioN Tech ត្រូវបានគេដាក់ក្នុងដបវ៉ាក់សាំងមានចំណុះប្រមាណ ២,២៥ មិល្លីលីត្រ ដោយ ១ ដូស ត្រូវបានគេកម្រិតប្រើប្រមាណ ០,៣ មិល្លីលីត្រប៉ុណ្ណោះ ដើម្បីចាក់ដល់ប្រជាជន។
ជាទ្រឹស្តី វ៉ាក់សាំង ១ ដប មានចំនួន ៧ ដូស ប្រសិនបើបូមអស់ពីដប។ ប៉ុន្តែជាទូទៅគេបូមបានតែ ៥ ដូសប៉ុណ្ណោះ បើប្រើស៊ីរ៉ាំងធម្មតា ពីព្រោះតំណក់ខ្លះនៅសល់ក្នុងដប ខណៈម្ជុលមិនអាចទៅដល់ចុងដប។ សូម្បីតែ ស៊ីរ៉ាំងពិសេសក៏មិនមានសមត្ថភាពបូមអស់លើស ៦ ដូស ក្នុង ១ ដបដែរ។
ស៊ីរ៉ាំងថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Top Corp., មានមូលដ្ឋាននៅទីក្រុងតូក្យូ ត្រូវបានអនុម័ត ដោយក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាពជប៉ុន កាលពីខែកុម្ភៈ ដែលធ្លាប់បានគេធ្វើតេស្តថា អាចបូមដល់ទៅ ៧ ដូសពីដប។
ក្រុមហ៊ុនTop Corp., គ្រោងនឹងចាប់ផ្តើមចែកចាយស៊ីរ៉ាំងថ្មីនេះ នៅដើមខែឧសភា ហើយរំពឹងថា នឹងអាចផ្គត់ផ្គង់ដល់ ២០ លានស៊ីរ៉ាំងនៅចុងឆ្នាំ ២០២១។ ក្រុមហ៊ុននេះ ក៏គ្រោងនឹងបង្កើនបរិមាណចែកចាយដល់ទៅ ៥០-៦០ លានស៊ីរ៉ាំងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២២ ទៅ។
ក្រុមហ៊ុន Terumo Corp ក៏បានទទួលការអនុម័តពីក្រសួង កាលពីថ្ងៃទី ៥ ខែមីនា ដែរ ចំពោះប្រភេទស៊ីរ៉ាំងដែលអាចបូមបានដល់ទៅ ៧ ដូស ក្នុង ១ ដប។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូមួយនេះ នឹងចាប់ផ្តើមផលិត និងដឹកជញ្ជូនផលិតផលខ្លួនដោយគ្រោងនឹងផ្គត់ផ្គង់ពី ២០ លានស៊ីរ៉ាំងនៅក្នុងអំឡុងឆ្នាំ ២០២១ នេះដែរ។
ដោយឡែកក្រុមហ៊ុន Nipro Corp.ដែលមានមូលដ្ឋាននៅខេត្ត អូសាកា ក៏កំពុងធ្វើការផលិតស៊ីរ៉ាំងថ្មី ដែលមានសមាសភាពប្រហាក់ប្រហែលនឹងស៊ីរ៉ាំងចេញពីក្រុមហ៊ុនទាំង ២ ខាងលើ និងកំពុងពិចារណាផ្ដើមផលិតកម្មដ៏ធំមួយរបស់ខ្លួននៅឆ្នាំនេះដូចគ្នា។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែកន្លងទៅ ប្រទេសជប៉ុន បានខិតខំរក្សាចំនួនស៊ីរ៉ាំងពិសេស ដោយធ្វើយ៉ាងណា កុំឱ្យខ្ជះខ្ជាយចំនួនដូស ក្នុងវ៉ាក់សាំង ១ ដប ប៉ុន្តែរោងចក្រនៅប្រទេសជប៉ុន ពិបាកក្នុងការផលិតផលិតផលខ្លួនឱ្យទាន់តម្រូវការបង្កឱ្យមានការបារម្ភថា អាចនឹងមានការខ្ជះខ្ជាយចំនួនវ៉ាក់សាំងរាប់លានដូស ដែលបូមមិនអស់ចេញពីដបវ៉ាក់សាំង។
ដោយមានចំនួនប្រជាជនសរុប ១២៦ លាននាក់ ប្រទេសជប៉ុន កាលពីខែមុន បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១៤៤ លានដូស គ្រប់គ្រាន់សម្រាប់ប្រជាជន ៧២ លាននាក់ ដោយចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងខ្លួនកាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងទៅ៕