កាល​ពី​ថ្ងៃ​ចន្ទ ទី ៨ មីនា ក្រុមហ៊ុន​ផលិត​ឱសថ​ស្វ៊ីស Adienne Pharma & Biotech បាន​ប្រកាស​ថា ពួក​គេ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី (RDIF) ដើម្បី​ផលិត​វ៉ាក់សាំង​កូវីដ ១៩ Sputnik V នៅ​រោងចក្រ​របស់​ពួក​គេ​ជិត​ទីក្រុង Milan ប្រទេស​អ៊ីតាលី ​នាពេល​ឆាប់ៗ​នេះ។

លទ្ធផល​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនា​វដ្ដី​វេជ្ជសាស្ត្រ​បង្ហាញ​ថា វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​មាន​ប្រសិទ្ធភាព​ប្រមាណ ៩២ ភាគរយ ការ​ឆ្លង​ជំងឺ​កូវីដ ១៩ បន្ទាប់​ពី​ការ​ចាក់​ចំនួន ២ ដូស។ វ៉ាក់សាំង​នេះ​មាន​លក្ខណៈ​ងាយ​ស្រួល​ស្ដុក​ជាង​វ៉ាក់សាំង Pfizer និង Moderna របស់​អាមេរិក។

យ៉ាង​ហោចណាស់​ប្រទេស ២០ ជុំវិញ​ពិភពលោក​បាន​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន ហើយ​ចាប់​ផ្ដើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ ប៉ុន្តែ​ប្រទេស​លោក​ខាង​លិច​ភាគ​ច្រើន​នៅ​មិន​ទាន់​មាន​ការ​ទុក​ចិត្ត​សុវត្ថិភាព​វ៉ាក់សាំង​នេះ​នៅ​ឡើយ៕