ក្រុមហ៊ុន​ Apple និង Amazon បាន​ដក​បណ្ដាញ​សង្គម​ Parler ដែល​មាន​ភាព​ពេញ​និយម​ជាមួយ​ក្រុម​អ្នក​គាំទ្រ​លោក​ Trump ចេញ​ពី App Store និង​សេវាកម្ម​គេហទំព័រ​រៀងៗ​ខ្លួន​ ដោយ​បាន​ចោទ​បណ្ដាញ​សង្គម​នេះ​ថា​ មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​សម្រាប់​ការពារ​ការ​រាលដាល​នៃ​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​។

កាល​ពី​ថ្ងៃ​សៅរ៍​ទី ​៦ មករា Apple បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «យើង​បាន​ផ្អាក Parlerពី App Store រហូត​ដល់​ពួក​គេ​ដោះស្រាយ​បញ្ហា​ទាំង​នេះ»។ កាល​ពី​ថ្ងៃ​សុក្រ​ Appleបាន​ទុក​ពេល​ ២៤ ម៉ោង​ឱ្យ​​ Parler ធ្វើ​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​កម្មវិធី​របស់​ពួក​គេ ដោយ​បាន​លើក​ឡើង​ថា​ ក្រុម​បាតុករ​បាន​ប្រើ​បណ្ដាញ​សង្គម​នេះ ​ដើម្បី​ធ្វើ​ការ​សម្របសម្រួល​ការ​ឡោមព័ទ្ធ​អគារ​សភា​អាមេរិក​។

រី​ឯ​ Amazon វិញ​នឹង​ដក​ Parler ចេញ​ពី​អង្គភាព Amazon Web Services (AWS) នៅ​ម៉ោង ​១១:៥៩ យប់​​​ថ្ងៃ​អាទិត្យ​ ទី ១០ ដោយ​លើក​​ឡើង​ថា​ Parler បាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​សេវាកម្ម​របស់ AWS ដោយ​ខកខាន​មិន​បាន​ដោះស្រាយ​បញ្ហា​ការ​កើន​ឡើង​​​ជា​លំដាប់​នៃ​សារ​គាំទ្រ​អំពើ​ហិង្សា។ ​ការ​ដក​ដោយ AWS នឹង​ធ្វើ​ឱ្យ​ Parler បាត់​មុខ​ពី​អ៊ីនធឺណិត​ បើ​សិន​ពួក​គេ​មិន​រក​ក្រុមហ៊ុន​សេវាកម្ម​គេហទំព័រ​ផ្សេង​ទៀត ​ដើម្បី​ប្រតិបត្តិការ​គេហទំព័រ​ពួក​គេ​៕