នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ហ្វេសប៊ុក​នឹង​ចាប់​ផ្ដើម​ពិភាក្សា​ឡើង​វិញ​ជាមួយ​នឹង​រដ្ឋាភិបាល​អូស្ត្រាលី​ទាក់ទង​នឹង​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ចម្រូងចម្រាស​នាពេល​ថ្មីៗ​នេះ។

ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​មួយ​នេះ​បាន​បិទ​រាល់​អត្ថបទ​ព័ត៌មាន​នានា មិន​ឱ្យ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​ច្បាប់​ដែល​នឹង​តម្រូវ​ឱ្យ ​Facebook និង Google បង់​ថ្លៃ​ដល់​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​មាតិកា​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នេះ។

លោក Morrisson បាន​និយាយ​ថា៖ «ខ្ញុំ​រីករាយ​ណាស់​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សម្រេច​ចិត្ត​ផ្សះផ្សា​ជាមួយ​យើង​ជា​ថ្មី​ម្តង​ទៀត និង​ធ្វើ​ការ​ពិភាក្សាគ្នា​បន្ត​ទៀត ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ការពារ​ដែល​យើង​ចង់​ធ្វើ និង​ធានា​ឱ្យ​បាន​នូវ​សង្គម​ប្រជាធិបតេយ្យ​សេរី​មួយ​ដែល​ទទួល​បាន​ព័ត៌មាន​បើក​ចំហ»។

ដោយ​ឡែក​ក្រុមហ៊ុន Google បាន​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​អាជ្ញាប័ណ្ណ​ជាមួយ​អ្នក​បោះពុម្ពផ្សាយ​រួមទាំង​ក្រុមហ៊ុន​គ្រប់គ្រង​ព័ត៌មាន​របស់​លោក Murdoch រួច​ហើយ ខណៈ​ក្រុមហ៊ុន Facebook នៅ​មិនទាន់​នៅ​ឡើយ។

ជាមួយ​គ្នានេះ​ដែរ ក្រុមហ៊ុន​នេះ (Facebook) ត្រូវ​បាន​គេ​រិះគន់​​ជា​ខ្លាំង​ចំពោះ​ការ​បិទ​បណ្តាញ​ភ្ជាប់​ទៅ​នឹង​គេហទំព័រ​របស់​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ក្នុង​ពេល​ដែល​ប្រទេស​ចាប់​ផ្តើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ក្នុង​សប្តាហ៍​នេះ។

លោក Simon Milner អនុប្រធាន​គោល​នយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន Facebook ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Sydney Morning Herald កាលពី​ថ្ងៃ​សុក្រ​ថា៖ «នេះ​ជា​រឿង​ពិបាក​នឹង​ធ្វើ។ យើង​មិនដែល​ធ្វើ​វា​ពី​មុន​មក​ទេ។ យើង​មាន​ការ​សោកស្តាយ​ណាស់​ចំពោះ​កំហុស​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ការ​អនុវត្ត​មួយ​ចំនួន​កន្លងមក»។

យ៉ាងណា​មិញ ក្រុមហ៊ុន Facebook និង Google ធ្លាប់​បាន​និយាយ​ថា សំណើ​របស់​អូស្ត្រាលី​បាន​គំរាមកំហែង​ដល់​គោលការណ៍​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​សេរី។ ទោះយ៉ាង​ណា​រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​តែ​បន្ត​ទៅ​មុខ​ជានិច្ច​ជាមួយ​នឹង​សំណើ​នេះ ​ដែល​អាច​នឹង​ត្រូវ​បាន​បង្កើត​ជា​ច្បាប់​ថ្មី​មួយ ក្រោយ​ព្រឹទ្ធសភា​បាន​អនុម័ត។ បច្ចុប្បន្ន​សំណើ​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​របស់​ប្រទេស​នេះ​រួច​ទៅ​ហើយ។

លោក Morrison បាន​លើក​ឡើង​ពី​វិធាន​ស្រដៀង​គ្នា​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​ប្រទេស​កាណាដា ដែល​ប្រទេស​នេះ​គ្រប់គ្រង​លើ​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​បាន​និយាយ​ថា៖ «ជំហរ​របស់​រដ្ឋាភិបាល​អូស្ត្រាលី បង្ហាញ​ជាក់​ច្បាស់​ណាស់​ប្រជាជន​នឹង​ដឹង​ថា ​អន្តរជាតិ​នឹង​គាំទ្រ​អូស្រ្តាលី​ជំហរ​ខ្លាំង»។

ដោយឡែក លោក Mike Masnick ជា​ស្ថាបនិក និង​ជា​អ្នក​វិភាគ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន Techdirt គាំទ្រ Facebook ដោយ​អះអាង​ថា ការ​ហាមឃាត់​ព័ត៌មាន​នេះ ​គឺ​ដើម្បី​ផលប្រយោជន៍ «អ៊ីធឺណិត​សេរី និង​បើក​ចំហ» ព្រោះ​ច្បាប់​អូស្ត្រាលី​នឹង​បង្ខំ​ឱ្យ​ក្រុមហ៊ុន Google និង Facebook បង់ «ពន្ធ​តំណ​ភ្ជាប់» ដែល​គាត់​គិត​ថា ជា​ការ​ធ្វើ​ឱ្យ «មាន​បញ្ហា​រញ៉េរញ៉ៃ»។

លោក Masnick បាន​សរសេរ​ថា៖ «ក្រុម​អ្នក​កាសែត​ខ្ជិល​ច្រអូស​មួយ​ចំនួន ដែល​មិន​បាន​សម្រប​ខ្លួន​នឹង​រក​មើល​គំរូ​អាជីវកម្ម​ទៅ​តាម​សម័យកាល​អ៊ីនធឺណិត​មិន​ត្រឹមតែ​ចង់​ធ្វើ​ការ​ផ្សព្វផ្សាយ​ដោយ​សេរី​ទេ ថែម​ទាំង​ចង់​ទទួល​បាន​ប្រាក់​កម្រៃ​ពី​បណ្ដាញ​សង្គម​វិញ​ទៀត។ នេះ​វា​ដូច​ជា​ការ​និយាយ​ថា​ NBC មិន​ត្រឹមតែ​ត្រូវ​បើក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ Techdirt ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​ត្រូវ​បង់ថ្លៃ​ឱ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​គិត​ថា រឿង​ពន្ធ​ស្អី​នេះ​មិន​សម​ហេតុផល​ទេ»។

ទោះ​យ៉ាងណា​ក្ដី ប្រទេស​អូស្ត្រាលី បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​មិន​ផ្លាស់ប្ដូរ​សំណើ​របស់​ខ្លួន​ទេ បើ​ទោះបី​ជា​មាន​ការ​ជំទាស់​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ក្ដី។

អ្នក​តំណាង​ក្រុមហ៊ុន Facebook កាល​ពី​ថ្ងៃ​ចន្ទ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​កាលពី​សប្តាហ៍​មុន។

យ៉ាងណាមិញ ក្រុមហ៊ុន Lobby group DIGI ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន Facebook Google និង​ក្រុមហ៊ុន​ដទៃទៀត​ដូចជា Twitter ជាដើម បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា សមាជិក​របស់​ខ្លួន​បាន​យល់ព្រម​អនុម័ត​ក្រមប្រតិបត្តិ​ឧស្សាហកម្ម ​ដើម្បី​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​អ៊ីនធឺណិត​ហើយ៕