
លោក Bill Gates សហប្រធាននៃមូលនិធិ Bill & Melinda Gates Foundation។ AFP
ក្រុមហ៊ុន Microsoft កំពុងស៊ើបអង្កេតសហស្ថាបនិកនៃក្រុមហ៊ុន គឺលោក Bill Gates ជុំវិញរឿងរ៉ាវទំនាក់ទំនងស្នេហារវាងលោក និងបុគ្គលិករយៈពេលជាង ២០ ឆ្នាំ ក្រោយពេលលោក សម្រេចចាកចេញពីតំណែងប្រឹក្សាភិបាលក្នុងក្រុមហ៊ុនកាលពីឆ្នាំមុន។
ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ដំណើរការស៊ើបអង្កេត បានចាប់ផ្ដើមជាបណ្ដើរៗហើយ។ សារព័ត៌មាន the Journal បានដកស្រង់ចេញពីប្រភពអនាមិកមួយថា សមាជិកក្រុមប្រឹក្សាភិបាលបានជួលក្រុមហ៊ុនមេធាវីមួយកាលពីចុងឆ្នាំ ២០១៩ ដើម្បីធ្វើការស៊ើបអង្កេតទាក់ទិននឹងករណីនេះ ក្រោយមានបុគ្គលិកក្រុមហ៊ុន Microsoft ម្នាក់ បានចោទប្រកាន់ថា នាងមានទំនាក់ទំនងផ្លូវភេទជាមួយលោក Gates អស់រយៈពេលជាច្រើនឆ្នាំ។
អ្នកនាំពាក្យម្នាក់របស់លោក Gates ម្នាក់ដែលមិនបញ្ចេញឈ្មោះបានទទួលស្គាល់ការចោទប្រកាន់នេះថាជាការពិតដែរ។ យ៉ាងណាមិញ ការសម្រេចចិត្តផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល គឺមិនមានជាប់ទាក់ទងនឹងបញ្ហានេះទេ។
នៅក្នុងសារអេឡិចត្រូនិកផ្ញើរទៅកាន់សារពត៌មាន Associated Press ក្រុមហ៊ុន Microsoft បានឱ្យដឹងថាខ្លួនបានទទួលដឹងពីករណីនេះកាលពីពាក់កណ្តាលឆ្នាំ ២០១៩។
ប្រភពដដែលបានឱ្យដឹងថា៖ «គណៈកម្មាធិការក្រុមប្រឹក្សាភិបាល បានពិនិត្យមើលលើករណីនេះ ដោយមានទាំងជំនួយពីក្រុមហ៊ុនច្បាប់ខាងក្រៅបន្ថែមទៀត ដើម្បីធ្វើការស៊ើបអង្កេតឱ្យហ្មត់ចត់។ តាមរយៈការស៊ើបអង្កេតនេះក្រុមហ៊ុន Microsoft បានផ្តល់ការគាំទ្រយ៉ាងច្រើនដល់បុគ្គលិកដែលបានលើកឡើងពីក្ដីព្រួយបារម្ភនេះ»។
គួរបញ្ជាក់ផងដែរថា ព័ត៌មាននៃការស៊ើបអង្កេតនេះបានលេចចេញក្រោយពីលោក Gates និងអ្នកស្រី Melinda Gates បានប្រកាសពីការលែងលះ បន្ទាប់ពីរៀបការអស់រយៈពេល ២៧ ឆ្នាំ៕