ក្រុមហ៊ុន​ស្បែក​ជើង​ និង​សំលៀកបំពាក់​កីឡា​អាមេរិក Nike បាន​រង​ការ​វាយ​ប្រហារ​ពាក្យ​សំដី​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​ បន្ទាប់​ពី​ការ​រក​ឃើញ​សេចក្ដី​ថ្លែងការណ៍​ចេញ​ដោយ​ក្រុមហ៊ុន​នេះ​ថា​ ពួក​គេ​មាន «ការ​ព្រួយបារម្ភ» ពី​ការ​រាយការណ៍​ថា​ មាន​បង្ខំ​ឱ្យ​ធ្វើ​ការ​កើត​ឡើង​ក្នុង​តំបន់​ស៊ីនជាំង (Xinjiang) ហើយ​នឹង​ឈប់​ប្រើ​សំឡី​កប្បាស​ផលិត​ក្នុង​តំបន់​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ២៥ មីនា ​ប្រធានបទ​ជុំវិញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន Nike បាន​ស្ថិត​ក្នុង​ចំណោម​ប្រធានបទ​ទទួល​ការ​ពិភាក្សា​ច្រើន​ជាង​គេ​ក្នុង​បណ្ដាញ​សង្គម Weibo។ តារា​ភាពយន្ត​ចិន​ដ៏​មាន​ប្រជាប្រិយភាព​លោក Wang Yibo បាន​បញ្ចប់​កិច្ចសន្យា​ជា​អ្នក​តំណាង​ឱ្យ​ក្រុមហ៊ុន Nike ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​លើ​បណ្ដាញ​សង្គម។

ស្រដៀង​នឹង​នេះ កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រុមហ៊ុន​សំលៀកបំពាក់​ស៊ុយអែត H&M ក៏​បាន​រង​ការ​វាយ​ប្រហារ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​ពី​ពួក​គេ​និយាយ​ដូច​សេចក្ដី​ថ្លែងការណ៍​របស់ Nike៕