ក្រុង​ម៉ូស្គូ​: ​ក្រសួង​ការ​បរ​ទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​ធ្វើ​អធិការ​កិច្ច​មក​ពី​អង្គ​ការ​ឃ្លាំ​មើល​និង​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​លើ​ពិភព​លោក​បាន​ទៅ​ដល់​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ទី​ប្រជុំ​ជន​ឌូម៉ា​នៅ​ស៊ីរី​ជាទី​ដែល​បទ​ចោទ​ប្រកាន់​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​បាន​កើត​ឡើង​នា​ដើម​ខែ​នេះ​។​

ក្រុម​អ្នក​ធ្វើ​អធិ​ការ​កិច្ច​មួយ​ក្រុម​មក​ពី​អង្គ​ការ​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ (​OPCW​) ​បាន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​រយៈ​ពេល​មួយ​សប្តាហ៍​ប៉ុន្តែ​មិន​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ក្នុង​ទី​ក្រុង​ឡើយ​ដោយ​សារ​មាន​ក្តី​បារម្ភ​ពី​បញ្ហា​សន្តិ​សុខ​។​ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​​ក្រសួង​នេះ​ដដែល​បាន​ឲ្យ​ដឹង​ថា​៖​ «​យោង​តាម​ប្រ​ភព​ព័ត៌​មាន​ដែល​យើង​ទទួល​បាន​បេសក​កម្ម​ពិសេស​របស់ ​OPCW…បាន​ទៅ​ដល់​នា​ព្រឹក​ថ្ងៃ​ទី​២១​ក្នុង​ទី​ក្រុង​ឌូម៉ា​នៅ​កន្លែង​នានា​ដែល​គេ​សង្ស័យ​ថា​មាន​សារ​ធាតុ​គីមី​ពុល​។​

«​សន្តិ​សុខ​របស់​ OPCW​ ត្រូវ​បាន​ធានា​មិន​ត្រឹម​តែ​ដោយ​ភាគី​ស៊ីរី​ឡើយ​ប៉ុន្តែ​ក៏​ដោយ​ទី​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​រុស្ស៊ី​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​ផង​ដែរ​»​។​

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះ​បន្ទាន់​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់​អំឡុង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដែល​គេ​សង្ស័យ​បង្ក​ឡើង​ក្នុង​ទី​ក្រុង​ឌូម៉ា​(​ Douma ​)​ក្បែរ​ទី​ក្រុង​​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មេសា​ដែល​ត្រូវ​បាន​គេ​ថ្កោល​ទោស​លើ​កង​កម្លាំង​របស់​ប្រធានា​ធិបតី​បាសារ​អាល់-អាសាដ​។​

រដ្ឋា​ភិបាល​ស៊ីរី​បាន​ធ្វើ​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​គីមី​និង​បាន​អញ្ជើញ​ឲ្យ​ក្រុម​អធិ​ការ​កិច្ច​របស់​ OPCW​ ធ្វើ​ការ​ស៊ើប​អង្កេត​ទៀត​ផង​។​

ក្រសួង​ការ​បរ​ទេស​រុស្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ខ្លួន​មាន​ក្តី​រំពឹង​ថា​OPCW​នឹង​អនុវត្ត​ «​ការ​ស៊ើប​អង្កេត​ដោយ​មិន​លំអៀង​មួយ​»​អំពី​បញ្ហា​នេះ​។​ ក្រសួង​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖​«​ជា​ពិសេស​ចាប់​តាំង​ពី​ដំណើរ​ទស្សន​កិច្ច​លើក​ទី​មួយ​ទៅ​កាន់​កន្លែង​កើត​ហេតុ​នៃ​បទ​សង្ស័យ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​កំណត់​ត្រា​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី​»​៕​ AFP/ SN