ក្រុងយ៉ាំងហ្គោន៖ ក្រុមអ្នកគាំទ្ររបស់លោកស្រី អ៊ុងសាន ស៊ូជី កំពុងទិញសំបុត្រធ្វើដំណើរតម្លៃ ២ ពាន់ដុល្លារ ដើម្បីទៅក្រុងឡាអេ ជាការបង្ហាញការគាំទ្រយ៉ាងត្រឹមត្រូវ ខណៈប្រទេស មីយ៉ាន់ម៉ា បានប្រឈមមុខការចោទប្រកាន់ពីបទអំពើប្រល័យពូជសាសន៍ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិនៅក្នុងខែធ្នូនេះ។
ក្រុមអ្នកគាំទ្របានប្រមូលផ្តុំគ្នា ដោយមានកាន់ផ្ទាំងប្រកាស និងការចេញសារអបអរសាទរគាំទ្រតាមអនឡាញ បន្ទាប់ពីការប្រកាស គួរឲ្យភ្ញាក់ផ្អើល ដោយមេដឹកនាំស៊ីវិលរបស់ប្រទេស មីយ៉ាន់ម៉ា កាលពីសប្តាហ៍មុនថា លោកស្រី អ៊ុងសាន ស៊ូជី នឹងធ្វើជាតំណាងដោយផ្ទាល់ឲ្យប្រទេស មីយ៉ាន់ម៉ា នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ម្ចាស់ពានរង្វាន់ប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី នឹងការពារការបង្ក្រាបរបស់យោធាកាលពីឆ្នាំ ២០១៧ ប្រឆាំងក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
បុគ្គលិកលោក ម៉ា ចូឡាយ បាននិយាយថា អ្នកគ្រប់គ្រងការធ្វើដំណើរម្នាក់កំពុងរៀបចំការធ្វើដំណើររយៈពេល ៥ ថ្ងៃ ទៅកាន់ទីក្រុងឡាអេ ដែលរួមមានការធ្វើទិដ្ឋាការ និងការដឹកជញ្ជូន ជាផ្នែកនៃកញ្ចប់មួយមានតម្លៃ ២ ១៥០ ដុល្លារ ជាអាត្រាដែលហាមប្រាមសម្រាប់មនុស្សភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
អ្នកស្រី ផេនស៊ីឡូ ដ៏មានឥទ្ធិពលនៅក្នុងបណ្តាញសង្គម និងពិធីករទូរទស្សន៍ល្បីឈ្មោះលោក អឹមជី អឹមជី អាយី គឺស្ថិតនៅក្នុងចំណោម ២០ នាក់ ឬក្រុមមនុស្សដែលបានចុះហត្ថលេខានៅក្នុងកិច្ចសន្យានោះរួចជាស្រេច។
អ្នកស្រី ផេនស៊ីឡូ មានវ័យ ២៩ ឆ្នាំ បានថ្លែងប្រាប់ AFP កាលពីថ្ងៃសុក្រថា៖ «ខ្ញុំជឿជាក់ថា នេះគឺជាកាតព្វកិច្ចរបស់យើងជាពលរដ្ឋមីយ៉ាន់ម៉ា» ដោយបានស្នើឲ្យសង្គមហ្វេសប៊ុកមួយចំនួន ដែលមានអ្នកគាំទ្រលោកស្រីចំនួន ១,១ លាននាក់ ដែលមានបំណងចង់ធ្វើរឿងដូចគ្នានោះ។
«ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យពិភពលោកបានដឹងអំពីជនរួមជាតិរបស់អ្នកស្រី គឺគាំទ្រអ្នកស្រីយ៉ាងពេញទំហឹង»។
ប្រទេស អាហ្វ្រិកខាងលិច គឺប្រទេស ហ្គំប៊ី នឹងបើកករណីសំណុំរឿងក្តីរបស់ខ្លួននៅតុលាការ ICJ នៅថ្ងៃទី ១០ ខែធ្នូ ក្នុងនាមតំណាងឲ្យប្រទេសសមាជិកចំនួន ៥៧ របស់អង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម (OIC)។
ប្រទេសមូស្លីមភាគច្រើន បានចោទប្រកាន់មីយ៉ាន់ម៉ា ពីបទរំលោភបំពានសន្ធិសញ្ញាស្តីពីកិច្ចព្រមព្រៀងអំពើប្រល័យពូជសាសន៍របស់ UN តាមរយៈ «ប្រតិបត្តិការបោសសម្អាត» ដោយបង្ហូរឈាមប្រឆាំងសហគមន៍រ៉ូហ៊ីងយ៉ារបស់ខ្លួនកាលពី ២ ឆ្នាំមុន។
ជនរ៉ូហ៊ីងយ៉ាប្រហែល ៧៤ ម៉ឺននាក់ បានរត់ភៀសខ្លួនចូលទៅក្នុងជំរំជាច្រើននៅបង់ក្លាដែស ដោយពួកគេបាននិយាយប្រាប់អំពីអំពើឃាតកម្មជាច្រើនដូចជា ការចាប់រំលោភ និងការដុតបំផ្លាញផ្ទះសំបែងនៅក្នុងភូមិរបស់ពួកគេជាដើម៕ AFP/SK