រដ្ឋធានីប៊ីស្កេកៈ ក្រុមបាតុករ​នៅ​កៀហ្ស៊ីស៊ីស្ថាន ដែល​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​សម្រុក​ចូលកាន់កាប់​អគារ​រដ្ឋសភា និង​វិមាន​ប្រធានាធិបតី​នៅក្នុង​រដ្ឋធានី​ប៊ីស្កេក​នៅ​ថ្ងៃ​អង្គារ ទី​ ៦ ខែតុលា​។

មុន​ចូល​កាន់កាប់​អគារ​រដ្ឋសភា ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​កាលពី​ថ្ងៃ​ចន្ទ​។ បើតាម​អាជ្ញាធរ កៀហ្ស៊ីស៊ីស្ថាន ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ជិត​ ៦០០ ​នាក់​បាន​រងរបួស​ដោយសារ​ការប៉ះទង្គិច​គ្នា​។

តាមរយៈ​ខ្សែ​វីដេអូ​ចែកចាយ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​សកម្មភាព​បាតុករ​ខ្លះ ឡើង​ផ្លោះ​របង ខ្លះ​រុញ បំបាក់​ទ្វាររបង ដើម្បី​ចូលក្នុង​បរិវេណអគារ និង ខ្លះ​ទៀត​បាន​បាច​ពង្រាយ​ឯកសារ​ជាច្រើន​ចេញ​ពី​បង្អួច​បន្ទប់​ការិយាល័យ​នានា ហើយ​បន្ទាប់មក​ក៏​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​វិមាន​ប្រធានាធិបតី​តែម្តង​។

ការតវ៉ា​បាន​ផ្ទុះឡើង​ដោយ​មាន​ការចូលរួម​ពី​ប្រជាជន​រាប់ពាន់​នាក់ ក្រោយពី​មានតែ​គណបក្ស​ ៤ ប៉ុណ្ណោះ​ក្នុង​ចំណោម​គណបក្ស​ចំនួន​ ១៦ ​ដែល​ទទួលបាន​សំឡេងឆ្នោត​គ្រប់គ្រាន់ ឬ លើស​ ៧ ​ភាគរយ ដើម្បី​ទទួលបាន​អាសន:​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​ប្រទេស កៀហ្ស៊ីស៊ីស្ថាន ​កាលពី​ថ្ងៃអាទិត្យ ទី​ ៤ ខែតុលា ឆ្នាំ​ ២០២០​។

ក្នុង​ចំណោម​គណបក្ស​ទាំង​ ៤ គណបក្ស​ចំនួន​ ២ ទទួលបាន​ ៩១ អាសនៈ​ប្រហាក់ប្រហែល​នឹង​ ៣ ​ភាគ ៤ ​នៃ​អាសន:​សរុប ​១២០ ​ក្នុង​សភា​។

គណបក្ស​ទាំង​ ២ ​នោះ​គឺ​គណបក្ស Birimdik​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រធានាធិបតី បច្ចុប្បន្ន​លោក Sooronbai Jeenbekov និង​គណបក្ស Mekenim Kyrgyzstan ដែល​ត្រូវបាន​គេ​​ចាត់ទុក​ថា​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស Birimdik​។

ក្រុម​ជិតស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​ត្រូវបាន​គេ​ចោទប្រកាន់​ថា បាន​ទិញ​សន្លឹកឆ្នោត និង​ធ្វើការ​បំភិតបំភ័យ​អ្នកបោះឆ្នោត​។

ការចោទប្រកាន់​នេះ​ត្រូវ​បាន​អ្នកឃ្លាំ​មើល​អន្តរជាតិ​មួយចំនួន​រួមទាំង​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប ​(OSCE) លើកឡើង​ថា ជា​ការចោទប្រកាន់​ដែល​អាច​ជឿ​ទុកចិត្ត​បាន​និង​ជា​បុព្វហេតុ​មួយ​នាំឱ្យ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​បំផុត​។

ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក​របស់ កៀហ្ស៊ីស៊ីស្ថាន បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ គណបក្ស​ចាញ់ឆ្នោត​ទាំង​ ១២ បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។

មេដឹកនាំ​គណបក្ស Reforma លោកស្រី Klara Sooronkulova បាន​និយាយថា​៖ «​យើងទាំងអស់​គ្នា​បាន​ឃើញ​នូវ​ទង្វើ​គ្មាន​ច្បាប់ទម្លាប់​ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​កាលពី​ម្សិលមិញ​» ដោយ​លោកស្រី​ចង់​សំដៅ​ដល់​ការដាក់​សម្ពាធ​លើ​អ្នកបោះឆ្នោត ការបំភិតបំភ័យ​អ្នកបោះឆ្នោត និង​ការសូកប៉ាន់​។

សមាជិក​គណបក្ស Ata Meken លោក Zhanar Akayev បាន និយាយ​ថា​៖ «​យើង​បាន​ជជែក​ជាមួយ​គណបក្សប្រឆាំង​ទាំងអស់ និង​បាន​បង្កើត​សម្ព័ន្ធភាព​ប្រឆាំង​។ ឥឡូវនេះ​យើង​កំពុងតែ​បង្កើត​ក្រុមប្រឹក្សា​មួយ​ដើម្បី​សម្របសម្រួល ហើយ​ទាមទារ​ឱ្យ​គណ:កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រយៈពេល​ ២៤ ម៉ោង​»​។

លោក​ប្រធានាធិបតី Jeenbekov វិញ​បាន​ពិពណ៌នា​ថា ការតវ៉ា​នេះ​គឺជា​ការប៉ុនប៉ង​ដណ្ដើម​អំណាច​ដោយ​ខុសច្បាប់ ប៉ុន្តែ​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា អាជ្ញាធរ​បាន​គិត​អំពី​ការបោះឆ្នោត​ម្ដងទៀត​ផងដែរ​។

លោក​បាន​អញ្ជើញ​ឱ្យមាន​ការប្រជុំ​រវាង​គណបក្ស​ទាំង​ ១៦ នៅ​ព្រឹក​ថ្ងៃ​អង្គារ ដើម្បី​ដោះស្រាយ​វិវាទ​នេះ​។

ទោះជា​យ៉ាងណា ក្រោយពី​បាន​សម្រុកចូល​អគារ​រដ្ឋសភា និង​វិមានប្រធានាធិបតី ក្រុម​បាតុករ​បាន​សម្រុក​ចូលទៅ​ស្នាក់ការ​កណ្ដាល​នៃ​គណ:កម្មាធិការ​សន្តិសុខ​ជាតិ និង​បាន​ដោះលែង​អតីត​ប្រធានាធិបតី​លោក Almazbek Atambayev ដែល​​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​កាត់ទោស​ឱ្យ​​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ពី​បទ​ពុករលួយ បន្ទាប់ពី​លោក​បាន​បែកបាក់​​ទំនាក់ទំនង​ជាមួយ​អ្នក​ស្នង​តំណែង​ដែល​លោក​បាន​ជ្រើសរើស​ដោយផ្ទាល់ ​គឺ​លោក​ Jeenbekov ជា​ប្រធានាធិបតី​បច្ចុប្បន្ន​។

អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ​គឺ គណបក្ស​ប្រជាធិបតេយ្យ​សង្គម​កៀហ្ស៊ីស៊ីស្ថាន​ (SDPK) ​របស់​លោក​ប្រធានាធិបតី Sooronbai Jeenbekov មិនបាន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំនេះ​ទេ ដោយសារ​កង្វះ​បេក្ខជន​ក្រោយពី​ការចាប់ខ្លួន​លោក​ Almazbek Atambayev ជាហេតុ​នាំឱ្យ​ក្រុម​មួយចំនួន​បាន​ផ្ដាច់ខ្លួន​ងាក​ទៅ​គាំទ្រ​លោក Atambayev វិញ​ឬក៏​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង​។

គួរ​បញ្ជាក់ថា ប្រទេស​ជា​អតីត​រដ្ឋ​របស់​សហភាពសូវៀត​នេះ​មាន​ប្រវត្តិ​ខ្វះ​ស្ថិរភាព​នយោបាយ​។

ក្នុង​រយ:ពេល​ ១៥ ​ឆ្នាំ​ចុងក្រោយ ប្រធានាធិបតី​ ២ ​រូប​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ដោយសារ​ការបះបោរ​ពី​សាធារណជន​៖ ប្រធានាធិបតី​ទី​ ១ លោក Askar Akayev នៅ​ឆ្នាំ ២០០៥ និង ប្រធានាធិបតី​ទី​ ២ លោក Kurmanbek Bakiyev នៅក្នុង​ឆ្នាំ ២០១០​។

ប្រសិនបើ​បាតុកម្ម​តវ៉ា​នេះ អូសបន្លាយ​ពេល​កាន់តែ​យូរ​នោះ កៀហ្ស៊ីស៊ីស្ថាន អាច​នឹង​ស្ថិត​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​រុស្សី​ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​នយោបាយ ឬ​សន្តិសុខ​ដូចជា បេឡារុស និង អាមេនី ជាដើម​ដែរ​៕