ក្រុង​ខារទុំៈ ​ចលនា​ស៊ូដង់​ដែល​ការ​​​​តវ៉ា​របស់​ខ្លួន បាន​​ទម្លាក់​ជន​ផ្តាច់ការ​ អូមារ-​អាល់-​បាសៀរ​ ដែល​បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ចន្ទ​ឲ្យ​អ្នក​គាំទ្រ​​បន្ត​ប្រមូល​ផ្តុំ​នៅ​ពេល​យប់​ ដើម្បី​ថ្កោល​ទោស​ «​ការ​សម្លាប់​រង្គាល​»​ ទៅ​លើ​ក្រុម​បាតុករ​នៅ​ក្រុង​ខារទុំ​។​

យោង​តាម​ក្រុម​វេជ្ជ​បណ្ឌិត ​និង​សាក្សី​បាន​ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់ ​ដែល​បាន​បោះ​ជំរំ​នៅ​ខាង​ក្រៅ​ទី​បញ្ជាការ​យោធា​ក្រុង​ខារទុំ​អស់​ជា​ច្រើន​សប្តាហ៍​ បាន​រង​នូវ​ការ​បង្ក្រាប​យ៉ាង​ហិង្សា ​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​ក្នុង​ឯកសណ្ឋាន​យោធា​កាល​ពី​ថ្ងៃ​ទី ​៣ ​ខែ ​មិថុនា​ ដោយ​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស​។​

ការ​តវ៉ា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​អស់​ ជា​ច្រើន​សប្តាហ៍​ ជា​ដំបូង​ដោយ​ធ្វើ​ការ​ទម្លាក់​លោក ​បាសៀរ​ ហើយ​ក្រោយ​មក​ទៀត​ទាមទារ​ឲ្យ​ក្រុម​ឧត្តមសេនីយ៍​យោធា​ ដែល​បាន​ទម្លាក់​លោក អូមារ-អាល់-បាសៀរ ​នោះ ​ត្រូវ​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ស៊ីវិល​គ្រប់គ្រង​ជំនួស​វិញ​។​

ការ​បោះ​ជំរំ​តវ៉ា ​​ត្រូវ​បាន​បំបែក​ទៅ​វិញ​ ក្រោយ​ពី​កិច្ច​ពិភាក្សា​រវាង​សម្ព័ន្ធមិត្ត ​ដើម្បី​សេរីភាព​ និង​ការ​ផ្លាស់​ប្តូរ​ ក្រុម​ចលនា​តវ៉ា​ក្រោម​ឆត្រ​ និង​ក្រុមប្រឹក្សា​យោធា​អាជ្ញា​កណ្តាល​បាន​បរាជ័យ ជុំវិញ​ការ​ប្រគល់​អំណាច​ទៅ​ឲ្យ​ស៊ីវិល​គ្រប់គ្រង​ជំនួស​វិញ​។​

យោង​តាម​ក្រុម​វេជ្ជ​បណ្ឌិត​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ចលនា​តវ៉ា​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាង​តិច ​១២៨ ​នាក់​បាន​ស្លាប់​ ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី ​៣​ ខែ ​មិថុនា​ ភាគច្រើន​ ត្រូវ​​បាន​​គេ​បោស​សម្អាត​នៅ​ថ្ងៃ​តវ៉ា​នោះ​។

ក្រសួង​សុខាភិបាល​ បាន​ដាក់​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នោះ​ត្រឹម​ ​៦១ ​នាក់​។​

កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុម​សម្ព័ន្ធមិត្ត​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​ពេល​យប់​នៅ​ក្នុង​តំបន់​លំនៅឋាន៕ AFP/SK