ក្រុងខាទុំៈ ក្រុមសាក្សី បាននិយាយថា កងទ័ពស៊ូដង់ ត្រូវបានដាក់ពង្រាយនៅជុំវិញទីបញ្ជាការនានាក្នុងក្រុងខាទុំរបស់ខ្លួនកាលពីថ្ងៃចន្ទ ខណៈក្រុមអ្នកតវ៉ារាប់ពាន់នាក់ដែលបានជំរុញឲ្យយោធាចូលរួមអំពាវនាវឲ្យមេដឹកនាំ អូមារ- អាល់-បាសៀរ លាលែងពីតំណែង បានទប់ទល់ជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែករបស់កងកម្លាំងប្រដាប់អាវុធដើម្បីធ្វើការតវ៉ានៅថ្ងៃទី ៣។
ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេស ស៊ូដង់ កាលពីខែធ្នូ ក្រុមភ្នាក់ងារចារកម្មជាតិ និងសេវាសន្តិសុខ (NISS) ដ៏មានឥទ្ធិពល និងប៉ូលិសប្រឆាំងកុបកម្ម បានបង្ក្រាបទៅលើក្រុមបាតុករទាំងនោះ ប៉ុន្តែកងទ័ព មិនបានចេញមកអន្តរាគមន៍នោះទេ។
ក្រុមអ្នកតវ៉ាចាប់តាំងពីថ្ងៃ សៅរ៍បានចេញមកឡោមព័ទ្ធបន្ទាយទាហាន ដែលជាលំនៅឋានរបស់លោកប្រធានាធិបតី អូមារ- អាល់-បាសៀរ និងក្រសួងការពារជាតិ នៅក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតអស់រយៈពេលជាច្រើនខែមកនោះ។
ក្រុមសាក្សីបាននិយាយថា ទាហានកំពុងដាក់របាំងការពារតាមផ្លូវជាច្រើននៅជិតបរិវេណនោះ ក្រោយពីក្រុមកងសន្តិសុខ NISS និងប៉ូលិសខកខានមិនបានរារាំាងលើក្រុមបាតុករទាំងនោះ។
ក្រុមសាក្សីបានប្រាប់ AFP ថា រថយន្តជាច្រើនគ្រឿងដែលបានដឹកក្រុមសមាជិកភ្នាក់ងារចារកម្ម និងក្រុមប៉ូលិសប្រឆាំងកុបកម្មដែលបានមកដល់ក្នុងពេលថ្មី បាននៅកន្លែងតវ៉ា នោះកាលពីថ្ងៃចន្ទ។
សាក្សីម្នាក់ បាននិយាយនៅក្នុងលក្ខខណ្ឌអនាមិកថា៖ «បន្ទាប់ពីពេលនោះមក ក្រុមកងកម្លាំងសន្តិសុខ បានចាប់ផ្តើមបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា»។
ក្រុមសាក្សីបាននិយាយទៀតថា សំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានលាន់ឮឡើង ប៉ុន្តែសំឡេងគ្រាប់កាំភ្លើងទាំងនោះ មិនត្រូវបានដឹងថា ថាតើអ្នកណាគឺជាអ្នកបាញ់នោះទេ៕ AFP/SK