ក្រុង​បាកដាដ៖ ​មនុស្ស​រាប់​ពាន់​នាក់​បាន​ចូល​រួម​តវ៉ា​ហិង្សា​នៅ​ក្នុង​ទីក្រុង​បាកដាដ​ និង​នៅ​តាម​ទីក្រុង​ផ្សេង​ទៀត​នៅ​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយ​ពួក​គេ​មាន​ការ​សោក​សង្រេង​យ៉ាង​ខ្លាំង ​ប៉ុន្តែ​បាន​ផ្គើន​​ទៅ​នឹង​រដ្ឋាភិបាល​ ក្រោយ​ពី​មនុស្ស ​២០ ​នាក់ ​នៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ស្លាប់​​ ពី​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ ដែល​ក្រុម​បាតុករ​បាន​ពិពណ៌នា​ថា​ជា​ «​ការ​សម្លាប់​រង្គាល​» ​​នៅ​អ៊ីរ៉ាក់​។​

ចលនា​តវ៉ា​បាន​ប្រឈម​មុខ​ជាមួយ​ការ​ព្រួយ​បារម្ភ​ផ្សេង​ទៀត ​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រោយ​ពី​មាន​យន្តហោះ​ដ្រូន​បំពាក់​ដោយ​អាវុធ ​១ ​គ្រឿង​ បាន​យក​ផ្ទះ​របស់​បព្វជិត​អ៊ីរ៉ាក់​លោក Moqtada ​Sadr ​និង​ការិយាល័យ​របស់​លោក​ជា​គោលដៅ​វាយ​ប្រហារ​ ហើយ​លោក​បាន​ថ្លែង​ថា អាច​នឹង​ឈាន​ទៅ​រក​ការ​មាន ​«​សង្គ្រាម​ស៊ីវិល​នៅ​អ៊ីរ៉ាក់​»​។​

ការ​កើត​មាន​ឡើង​នៃ​វិនាសកម្ម​ បាន​គំរាម​កំហែង​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ប្រទេស អ៊ីរ៉ាក់ ​ចាប់​តាំង​ពី​ខែ​តុលា​ ជា​ចល​នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​ និង​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​យ៉ាង​​ច្រើន​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

ក្រុម​គ្រូ​ពេទ្យ​បាន​​ថ្លែង​​ថា​ កាល​​ពី​រសៀល​ថ្ងៃ​​សុក្រ​​​​ ក្រុម​អ្នក​តវ៉ា​​យ៉ាង​​តិច​​​ ​២០ ​នាក់​​​បាន​ស្លាប់​ ឬ​​​​រង​របួស​​​​​​ជា​ច្រើន​នាក់​ទៀត​​​ ​ដែល​ក្រោយ​មក​​បាន​​បង្ហាញ​​​​ថា​​ ពួក​គេ​​​បាន​ស្លាប់​ ខណៈ​​​មនុស្ស​​រាប់​សិប​នាក់​​ផ្សេង​ទៀត​បាន​រង​របួស​ នៅ​ពេល​មាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ចំនួន​ បាន​វាយ​ប្រហារ​ទៅ​លើ​អគារ​ធំ​មួយ​ជា​ទី​ដែល​ក្រុម​អ្នក​តវ៉ា​បាន​ដេក​ធ្វើ​បាតុកម្ម​អស់​ជា​ច្រើន​សប្តាហ៍​នៅ​ទីនោះ​។​

ក្រុម​គ្រូ​ពេទ្យ​បាន​ថ្លែង​ថា​ ​មន្ត្រី​ប៉ូលិស ​៤ ​នាក់​បាន​ស្លាប់ ​ដោយ​ក្រុម​សាក្សី​បាន​និយាយ​ថា​ ក្រុម​ខ្មាន់​កាំភ្លើង​នោះ​ បាន​បាញ់​នៅ​ក្នុង​ទី​ងងឹត​ចេញ​ពី​កំពូល​អគារ​នោះ​ សំដៅ​ទៅ​កាន់​សង្កាត់ ​Al-Sinek ​ជា​ទី​ដែល​ក្រុម​កងកម្លាំង​សន្តិសុខ​ឈរ​ជើង​ប្រចាំការ​នៅ​ទីនោះ​។​

ចំនួន​អ្នក​ស្លាប់ ​និង​រង​របួស​បាន​កើន​ឡើង​ពេញ​មួយ​ថ្ងៃ​សៅរ៍​ ខណៈ​ដែល​ក្រុម​បាតុករ​បាន​រង​របួស​ហើយ​ក្រុម​មន្ត្រី​ប៉ូលិស​បាន​ស្លាប់​នៅ​ក្នុង​​មន្ទីរពេទ្យ​។​

យោង​តាម​តួ​លេខ​សរុប​របស់ ​AFP ​បាន​ពី​ក្រុម​គ្រូ​ពេទ្យ​ ប៉ូលិស​ និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ អំពើ​ហិង្សា​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​៤៥០ ​នាក់​៕ AFP/SK