ក្រុងញូវ​ដែលីៈ ​ក្រុម​អាជ្ញាធរ​ឥណ្ឌាបាន​ធ្វើ​​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​​ និង​ការ​ស្វែង​រក​ទ្រង់​ទ្រាយ​ធំ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ស្វែង​រក​មនុស្ស​ ៣៩ ​នាក់ ​កំពុង​បាត់​ខ្លួន​ ក្រោយ​ពី​ទូក​ទេស​ចរណ៍​ពួក​គេបាន​ក្រឡាប់​ភ្លាម​ៗ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​មួយ​។​

​ប៉ូលិស​បាន​ថ្លែង​ប្រាប់​ AFP ​ថា ​សាក​សព ​៨​ នាក់ ​ត្រូវ​បាន​គេ​ស្រង់​ចេញ​ពី​ទឹក​ ដែល​បាន​លិច​កាល​ពី​ពេល​កន្លង​ទៅ​សរុប​ចំនួន​ ១២​ នាក់​ ក្រោយ​ពី​ឧប្បត្តិ​ហេតុ​នៅ​ទន្លេ​ Godavari ​នៅ​រដ្ឋ​ Andhra ​Pradesh ​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ​។​

​មន្ត្រី​ប៉ូលិស​ប្រចាំ​តំបន់​លោក​ Adnan ​Asmi ​បាន​ថ្លែង​ថា ​ទូក​នោះ​កំពុង​ដឹក​អ្នក​ដំណើរ​សរុប​ទាំង​អស់​ ៧៣ ​នាក់​ ក្នុង​ចំណោម​ពួក​គេ​មាន ​២៦​ នាក់​ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​។​

​ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះ​ជិត​ ៣០០​ នាក់​ ដែល​បាន​ប្រើ​ប្រាស់​ទូក​និង​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​ បាន​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​នោះ​មាន​ចេញ​ពី​កង​នាវា​ជើង​ទឹក​ឥណ្ឌា​ និង​កង​កម្លាំង​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​ជាតិ​ផង​ដែរ​៕ SK