កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៤ មករា ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ទៅ​ដល់​ក្រុង​វូហាន ​ប្រទេស​ចិន ​ក្រោយ​ពី​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយសារ​បញ្ហា​ឯកសារ។

ក្រោយ​ពី​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ដល់​ក្រុង​វូហាន ​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​បាន​ទៅ​ដល់​ក្រុង​នេះ​នៅ​ថ្ងៃទី ១៤ ​មករា ​ក្រោយ​ពី​មាន​ការ​ទទូច​មិន​ពេញ​ចិត្ត​ពី​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក។​ វត្តមាន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្រុង​វូហាន ​គឺ​ក្នុង​គោល​បំណង​សិក្សា​ស្រាវជ្រាវ​ពី​ដើម​កំណើត​វីរុស​កូវីដ ១៩។

យោង​តាម​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភព​លោក អ្នក​ជំនាញ​ស្រាវជ្រាវ​អន្តរជាតិ​ដែល​អង្គការ​បាន​បញ្ជូន​ទៅ​ក្រុង​វូហាន​លើក​នេះ ​មាន​ចំនួន ​១០ នាក់ និង​អ្នក​ស្រាវជ្រាវ ​២ ​រូប​ទៀត​ ដែល​បាន​ទៅ​​មុន​កាល​ពី​ខែ​កក្កដា​ ឆ្នាំ ​២០២០។

អង្គការ​សុខភាព​ពិភព​លោក​បាន​បញ្ជាក់​ថា ការ​បញ្ជូន​ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​ទៅ​ក្រុង​វូហាន​នេះ​ គឺ​មិនមែន​ស្វែងរក​ថា​ភាគី​ណា​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ។ ​ប៉ុន្តែ​ជា​ការ​ស្រាវជ្រាវ​ដើម្បី​រក​ប្រភព​ឱ្យ​ច្បាស់លាស់​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ។​

លោកស្រី​ Marion​ Koopmans ជា​សមាជិក​ក្រុម​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​កាល​ពី​ខែ ធ្នូ ​ឆ្នាំ ២០២០ ហើយ​លោកស្រី​សន្និដ្ឋាន​ថា ​វីរុស​ SARS-CoV-2 បាន​ឆ្លង​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស។

យោង​តាម​សារព័ត៌មាន​ BBC អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភព​លោក​ លោក​ Mike Ryan បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​សប្តាហ៍​នេះ​ថា៖ «យើង​កំពុង​ស្វែងរក​ចម្លើយ​ដែល​អាច​ជួយ​សង្រ្គោះ​យើង​នា​ពេល​អនាគត​មិនមែន​រក​អ្នក​ដែល​ត្រូវ​ស្តីបន្ទោស​ឡើយ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ ​គឺ​ធ្វើ​ឡើង​ដើម្បី​រក​ឱ្យ​ឃើញ​ពី​របៀប​ដែល​វីរុស​នោះ​លេច​ចេញ​មក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ករណី​កូវីដ​ដំបូង ​គឺ​កើត​មាន​ឡើង​កាល​ពី​ចុង​ឆ្នាំ ២០១៩ ​នៅ​ក្រុង​វូហាន​ប្រទេស​ចិន ដែល​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ​ជាង ​៩ ​លាន​នាក់​ក្នុង​សកល​លោក​គិត​ត្រឹម​ថ្ងៃទី ​១៤​ មករា។

នៅ​មុន​ការ​ទៅ​ដល់​របស់​ក្រុម​អ្នក​ជំនាញ ​១០ ​រូប​នេះ ទីក្រុង​ប៉េកាំង​ ក៏​កំពុង​តែ​សិក្សា​ស្វែងរក​ពេលវេលា ​និង​ទីកន្លែង​ជាក់លាក់​ដែល​វីរុស​នេះ​រាត​ត្បាត​ដែរ។ ​អ្នក​ការ​ទូត​ជាន់​ខ្ពស់​ចិន លោក វ៉ាង យី​ បាន​និយាយ​ថា៖ ​«ការ​សិក្សា​កាន់​តែ​មាន​ច្រើន​ឡើងៗ​ ដែល​បាន​បង្ហាញ​ថា ​វីរុស​នេះ​បាន​លេច​ចេញ​ពី​តំបន់​ជាច្រើន»។

ប្រទេស​ចិន ​ធ្លាប់​បាន​អះអាង​ថា ​វីរុស​នេះ ​អាច​មិនមែន​កើត​មាន​ឡើង​នៅ​ប្រទេស​ចិន ដោយ​មាន​សារព័ត៌​មាន​ចិន​បាន​រាយការណ៍​កាល​ពី​ឆ្នាំ ​២០២០ ថា ​វីរុស​នេះ​អាច​មាន​ប្រភព​ពី​តំបន់​ផ្សេង។ ប៉ុន្តែ​ការ​រាយការណ៍​នេះ​ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​​និយាយ​ថា ជា​ការ​លើក​ឡើង​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។

ទោះបី​ជា​មាន​អ្នក​ជំនាញ​ស្រាវជ្រាវ ​២ ​រូប ដែល​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បញ្ជូន​ទៅ​ក្រុង​វូហាន ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ ​២០២០ ​ក៏​ដោយ​ក៏​អ្នក​ទាំង ​២ ​ហាក់​ដូច​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​នូវ​ព័ត៌មាន​ពី​ក្រុម​ស្រាវជ្រាវ​របស់​ចិន​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​នេះ។

ប្រទេសចិន កន្លង​មក រង​ការ​ចោទ​ប្រកាន់​ពី​ការ​បិទ​ព័ត៌មាន​ពី​ការ​រីក​រាលដាល​ដំបូង​កាល​ពី​ឆ្នាំ ​២០១៩ ដែល​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​រីក​រាលដាល​នេះ​កើត​ឡើង៕​​​