កាលពីថ្ងៃអង្គារទី ១២ វិទ្យាស្ថាន Butantan ប្រទេសប្រេស៊ីល បានប្រកាសថាវ៉ាក់សាំងជំងឺកូវីដ ១៩ CoronaVac ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានប្រសិទ្ធភាពត្រឹមតែ ៥០.៤% ប៉ុណ្ណោះ ដែលទាបជាងអត្រាប្រសិទ្ធភាពរាយការណ៍ពីមុនៗ។
ប្រេស៊ីល គឺជាប្រទេសដែលធ្វើរួចរាល់ការសាកល្បងវ៉ាក់សាំងនេះដំណាក់កាលចុងក្រោយមុនគេ តែបានពន្យារការចេញលទ្ធផលចំនួនបីដង ធ្វើឱ្យមានការសង្ស័យលើតម្លានៃការសាកល្បង។ កាលពីសប្ដាហ៍មុន វិទ្យាស្ថាន Butantan បានប្រកាសថាវ៉ាក់សាំង CoronaVac គឺមានប្រសិទ្ធភាព ៧៨% ខុសពីប្រសិទ្ធភាពដែលត្រូវបានប្រកាសនៅថ្ងៃអង្គារ។
រីឯនៅតួកគីវិញ កាលពីខែធ្នូ ២០២០ អាជ្ញាធរបានសន្និដ្ឋានថាវ៉ាក់សាំងដដែលនេះគឺមានប្រសិទ្ធភាព ៩១.២៥% ដែលស្រដៀងនឹងប្រសិទ្ធភាពរបស់វ៉ាក់សាំងលោកខាងលោកខាងលិចដែលផលិតដោយ Pfizer/BioNTech និង Moderna ជាដើម។
ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បានក្លាយជាប្រទេសទីមួយនៅខាងក្រៅប្រទេសចិន ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ CoronaVac ក្នុងគ្រាអាសន្ន ដោយលើផ្អែកការសន្និដ្ឋានពីទិន្នន័យបឋមថាមានប្រសិទ្ធភាព ៦៥,៣%៕