ក្រុង​វ៉ាស៊ីនតោនៈ ការសិក្សា​ថ្មី​មួយ​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា កូរ៉េខាងជើង​កំពុង​ប្រតិបត្តិការ​មូលដ្ឋាន​ចំនួន ១៣ កន្លែង​មិន​ត្រូវ​បាន​ប្រកាស​ដើម្បី​លាក់​មីស៊ីល​ចល័ត និង​មីស៊ីល​បំពាក់​នុយក្លេអ៊ែរ​ខណៈ​ការ​រីក​ចម្រើន​ជាប់​គាំង​ដោយសារ​គំនិត​ផ្តួចផ្តើម​អំពី​គោល​នយោបាយ​ការបរទេស​របស់​ប្រធានា​ធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ។

លោក​ ត្រាំ បាន​សរសើរ​ជំនួប​កំពូល​កាលពី​ខែមិថុនា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​ គីម ជុង​អ៊ុន ដោយ​បាន​បើក​ផ្លូវ​ឈាន​ទៅ​រក​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​បាន​កាត់​បន្ថយ​ភាព​តាន​តឹង​ដែល​មិន​ដល់​មួយ​ឆ្នាំ​ផង បាន​នាំ​ឲ្យ​ប្រទេស​ទាំង ២ ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​ជម្លោះ។

ចាប់តាំងពី​ជំនួប​នៅ​ប្រទេស​ សិង្ហ​បុរី​ នោះមក​កូរ៉េខាងជើង​បាន​ឈប់​ធ្វើតេស្ត​នុយក្លេអ៊ែរ និង​មីស៊ីល​ដោយ​រុះរើ​ទីតាំង​តេស្ត មីស៊ីល និង​បាន​សន្យា​បំផ្លាញ​ចោល​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​ធំ​របស់​ប្រទេស​នេះ ប្រសិន​បើ​អាមេរិក​ផ្តល់​សម្បទាន។

ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ ( CSIS) នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា កូរ៉េខាងជើង​មាន​មូលដ្ឋាន​ប្រតិបត្តិការ​មីស៊ីល​ចំនួន ១៣ កន្លែង ដែល​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស និង​ថាមាន​ច្រើន​បំផុត ២០ កន្លែង។

លោកគីម ជុងអ៊ុន ​​(កណ្តាល​) មើល​កា​រតេស្តប្រព័​ន្ធអាវុ​ធ​ប្រឆាំងយន្តហោះ។ AFP

លោក Victor Cha ដែលជា​មេដឹកនាំ​កម្មវិធី​របស់​អាមេរិក​នៃ CSIS បាន​ប្រាប់​កាសែត The New York Times ដែល​បាន​រាយការណ៍​អំពី​ការ​សិក្សា និង​លទ្ធផល​ស្វែងរក​របស់​ខ្លួន​ដោយ​បាន​លើក​ឡើង​ថា ជា​ការ​បំភាន់​ភ្នែក​របស់​ក្រុង​ព្យុងយ៉ាង។

លោក Cha ដែល​ធ្លាប់ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង​សេ​អ៊ូ​ល​បាន​ថ្លែងថា ការងារ​នេះ​កំពុង​បន្ត។ អ្វីដែលអ្នក​គ្រប់គ្នា​ព្រួយបារម្ភ​នោះ គឺថា លោក​ ត្រាំ នឹង​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ដ៏​អាក្រក់​មួយ ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ទីកន្លែង​តេស្ត​តែមួយ និងរុះរើ​សម្ភារ​ជាច្រើន ហើយ​ជា​ថ្នូរ​មក​វិញ​នោះ ពួកគេ​ទទួល​បានកិច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ។

ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​និង​ក្រុមអ្នកវិភាគ បាន​និយាយ​សម្រាល​ដល់​របាយការណ៍​នោះ ដោយ​បញ្ជាក់​ថា ទីកន្លែង​មីស៊ីល​ជាច្រើន ត្រូវបាន​គេ​ដឹង​ច្រើន​ឆ្នាំ​មក​ហើយ ចំណែកឯ​ក្រុង​ព្យុងយ៉ាង​វិញ មិន​ដែល​សុខ​ចិត្ត​បោះ​បង់​ចោល​ទេ។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​ម​ជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) បាន​ឲ្យ​ដឹងថា មូលដ្ឋាន​មីស៊ីល​ទាំង​នោះ​នៅ​ទូទាំង​ប្រទេស មាន​ទាំង​នៅ​ក្រោម​ដី និង​នៅ​តាម​ជ្រលង​ភ្នំ​ជាដើម និង​ត្រូវ​បាន​រៀបចំ​ជើង​ទម្រ​បាញ់​មីស៊ីល​ចល័ត​ដើម្បី​ដក​ចេញ និង​រំកិល​ចេញ​ពី​ទីតាំង​បាញ់​បាន​យ៉ាង​ឆាប់​រហ័ស៕