ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ប្រទេស​យេម៉ែន កាល​ពី​ថ្ងៃ​អាទិត្យ​បាន​អះអាង​ពី​ការ​វាយ​ប្រហារ​មីស៊ីល និង​យន្តហោះ​ដ្រូន​ដែល​បាន​យក​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​នៅ​ជិត​ខាង ជា​គោល​ដៅ និង​បាន​គំរាម​វាយ​ប្រហារ​ជាច្រើន​ទៀត ​ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នោះ​កើន​ឡើង​យ៉ាង​ខ្លាំង។

ក្រុម​យុទ្ធជន​ហ៊ូធី​បាន​បង្កើន​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​នេះ ​ខណៈ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអ៊ូឌីត បាន​វាយ​សង្គ្រប់​ទៅ​លើ​ទីតាំង​នានា​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​យេម៉ែន ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​បញ្ឈប់​ការ​វាយ​លុក​របស់​ពួក​គេ​ក្នុង​គោលបំណង​ដណ្តើម​យក​បន្ទាយ​រឹងមាំ​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​ម៉ារីប​ភាគ​ខាង​ជើង។

សង្គ្រាម​ជាច្រើន​ឆ្នាំ​មក​នេះ បាន​រុញច្រាន​ប្រទេស​យេម៉ែន ធ្លាក់​ចូល​មាត់​ជ្រោះ​នៃ​ភាព​ស្រេកឃ្លាន​រួច​ស្រេច​ទៅ​ហើយ។

ប្រទេស​អារ៉ាប៊ី សាអ៊ឌីត ដែល​បាន​គាំទ្រ​រដ្ឋាភិបាល​យេម៉ែន​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​កម្ទេច​ចោល​មីស៊ីល​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី ដែល​បាន​យក​ទីក្រុង​រីយ៉ាដ​ជា​គោលដៅ​នោះ។

អ្នក​នាំពាក្យ​ហ៊ូធី​លោក Yah-ya al-Saree បាន​និយាយ​ថា៖ «កិច្ច​ប្រតិបត្តិការ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​មីស៊ីល​បាលីស្ទិក ១ គ្រាប់ ​និង​ដ្រូន ១៥ គ្រឿង ដោយ​បាន​យក​តំបន់​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​រីយ៉ាដ​ជា​គោលដៅ។ នេះ​បើ​យោងតាម​ទូរទស្សន៍ Al Masirah TV របស់​ក្រុម​ឧទ្ទាម។

ទូរទស្សន៍ ​Al Ekhbariya គ្រប់គ្រង​ដោយ​រដ្ឋ​របស់​អារ៉ាប៊ី ​សាអ៊ូឌីត បាន​និយាយ​ថា៖ «បំណែក​របស់​មីស៊ីល​នោះ​បាន​ខ្ទាត​រប៉ាត់រប៉ាយ​ធ្លាក់​ក្នុង​សង្កាត់​មួយ​ចំនួន​នៅក្នុង​ទីក្រុង​រីយ៉ាដ ដោយ​បណ្តាល​ឱ្យ​ផ្ទះ​យ៉ាង​តិច ១ ខ្នង​រង​ការ​ខូចខាត ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់ ឬ​រងរបួស ត្រូវ​បាន​គេ​រាយការណ៍​នោះ​ទេ»។

អ្នក​ឆ្លើយឆ្លង​សារព័ត៌មាន AFP ប្រចាំ​នៅ​អារ៉ាប៊ី សាអ៊ូឌីត​បាន​រាយការណ៍​ថា បាន​ឮ​សំឡេង​ផ្ទុះខ្លាំងៗ​ជា​ច្រើន​គ្រាប់ ដោយ​រូបភាព​វីដេអូ​តាម​ទូរទស្សន៍​បង្ហាញ​ឱ្យ​ឃើញ​ពន្លឺ​ភ្លឺ​ពេញ​ផ្ទៃមេឃ។

ក្រុម​ចម្រុះ​បាន​និយាយ​ថា ខ្លួន​ចាប់​បាន​ដ្រូន​ហ៊ូធី​ចំនួន ៦ គ្រឿង ​ដោយ​បាន​យក​ព្រះរាជាណាចក្រ​នេះ​ជា​គោលដៅ​ក្នុង​នោះ​មាន​ទីក្រុង​នៅ​ភាគ​ខាង​ត្បូង ​គឺ​ទីក្រុង Khamis Mu shait និង​ Jizan។

អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​វាយប្រហារ​របស់​ក្រុម​ហ៊ូធី​ទៅ​លើ​ទីតាំង​មាន​ប្រជាជន​រស់នៅ​ច្រើន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស លោក Ned Price បាន​និយាយ​ថា៖ «ការ​វាយ​ប្រហារ​ទាំង​នោះ មិន​គ្រាន់តែ​គំរាម​កំហែង​ដល់​ជន​ស្លូត​ត្រង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្តី​សង្ឃឹម​ចំពោះ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​យេម៉ែន ​ទៀត​ផង»។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្ស៊ឺណែវ ក្រុម​អ្នក​ជំនាញ ​Eminent មាន​សមាជិក ៣ នាក់ ​ទទួល​បន្ទុក​ការងារ​នៅ​ប្រទេស​យេម៉ែន បាន​និយាយ​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ជម្លោះ​យ៉ាង​សាហាវ​ព្រៃផ្សៃ​នេះ កំពុង​កើត​ឡើង​ចំពោះ​ប្រជាជន​ស៊ីវិល។

ចាប់​តាំង​ពី​ជម្លោះ​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៤ អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ជន​ស៊ីវិល​ជាង ១៨ ៤០០ នាក់​បាន​ស្លាប់ ហើយ​បាន​និយាយ​ទៀត​ថា ៨០ ភាគរយ​នៃ​ប្រជាជន ២៩ លាន​នាក់​របស់​ប្រទេស​នេះ​ ត្រូវ​ការ​ជំនួយ​មនុស្សធម៌ និង ១៦ លាន​នាក់​កំពុង​ស្រេកឃ្លាន៕