ក្រុងហ្គាហ្សាៈ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គា​ហ្សា​ បាន​ប្រកាស​បទឈប់​បាញ់​មួយ ​ដែល​សម្រប​សម្រួល​ដោយ​អេហ្ស៊ីប​ជា​មួយ​អុី​ស្រាអែល ​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង បាន​ជិត​ឈាន​ដល់មាត់​ជ្រោះនៃ​សង្គ្រាម​ពេញ​ទំហឹង​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ជន​សកម្ម​ប្រយុទ្ធ​ជា​ច្រើន​ក្រុម​ក្នុង​នោះ​មាន​ក្រុម​ហាម៉ាស​ និយា​យថា​ ពួក​គេ​នឹង​គោរព​តាម​បទ​ឈប់​បាញ់​នេះ ​ខណៈ​អុីស្រា​អែល​ ក៏​ត្រូវ​គោ​រព​តាម​ដែរ​នោះ​។

លោក​នាយក​រដ្ឋ​មន្ត្រី​អុីស្រាអែល ​បេន​ចាមីន ​នេតាន់​យ៉ាហ៊ូ​ និងក្រុម​​យោធា ​នៅមិន​ទាន់​ធ្វើការ​អត្ថា​ធិប្បាយអំពីសេចក្តី​ប្រកាស​នោះ​ នៅ​ឡើយ​ទេ​។​ លោក​រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​ Avigdor​Lieberman​ បាន​ថ្លែង​ថា ​លោក​ មិន​គាំ​ទ្រ​ការ​បញ្ឈប់​វាយ​ប្រហារ​ទាំង​នោះ​ទេ។

អំពើ​ហិង្សា​នោះ ​ដែល​បាន​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​ពល​រដ្ឋ​ប៉ាឡេ​ស្ទីន​៧​នាក់​នៅ​ក្នុង​រយៈ​ពេល ​២៤​ ម៉ោង​ ខណៈ​ការវាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អុីស្រា​អែល ​បានបំផ្លាញអគារ​អស់​ជា​ច្រើន​ ​ ហើយ​បាន​ធ្វើ​ឲ្យ​​ដុំភ្លើង​​ និង​ផ្សែង​ក្រាស់​ឃ្មឹក​ហើរ​ទៅ​លើ​អាកាស​ គឺ​​ជា​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​រវាង​អុី​ស្រា​អែល​ និង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ប៉ាឡេ​ស្ទីន ​ចាប់​តាំង​ពី​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ​ ២០១៤ ​មក​ម្លេះ​ ។

​សំលេង​ស៊ីរ៉ែន​រថ​យន្ត​ ​ឮលាន់កង​រំពងនៅ​អុី​ស្រាអែល​ភាគ​ខាង​ត្បូង​ ហើយ​ប្រជា​ជន​រាប់​ម៉ឺន​នាក់ ​បានរត់​ទៅ​រក​ទី​កន្លែង​លាក់​ខ្លួន​ ខណៈ​គ្រាប់​រ៉ុក្កែត​ប្រហែល​ជា​ ៤៦០ គ្រាប់​ និង​គ្រាប់កាំភ្លើង​ត្បាល់​ជាច្រើន​គ្រាប់​ ត្រូវ​បាន​ចេញពី​តំបន់​ហ្គាហ្សា ដោយ​បាន​បណ្តាលឲ្យ​មនុស្ស​ ២៧​ នាក់​ រងរបួស​ នៅក្នុង​នោះ​ ៣ នាក់​ទៀត​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​៕ SK