ក្រុងសាណាៈ ក្រុមឧទ្ទាមហ៊ូធីយេម៉ែន បានព្រមានកាលពីថ្ងៃសៅរ៍ថា ពួកគេ អាចធ្វើការវាយប្រហារប្រឆាំងរដ្ឋធានីនៃអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ដែលបានដឹកនាំក្រុមយោធាចម្រុះប្រឆាំងនឹងពួកគេ។
ការគំរាមកំហែង បានកើតឡើង ខណៈអង្គការសហប្រជាជាតិ កំពុងព្យាយាមស្តារកិច្ចព្រមព្រៀងឈប់បាញ់នៅយេម៉ែនឡើងវិញ ត្រូវគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងការទូតដ៏សំខាន់ ដើម្បីបញ្ចប់សង្គ្រាមអស់រយៈពេល ៤ ឆ្នាំនៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យយោធាឧទ្ទាមហ៊ូធី លោក Yahya Saree បានថ្លែងនៅក្នុងបទអត្ថាធិប្បាយជាច្រើនដែលត្រូវបានចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមឧទ្ទាមថា៖ «យើងមានរូបថតជាច្រើនដែលត្រូវគេថតពីលើអាកាសនិងមានទីស្នាក់ការរាប់សិបកន្លែង និងមូលដ្ឋានយោធារបស់សត្រូវទាំងនោះ»។
លោក Yahya Saree បានថ្លែងថា៖ «គោលដៅរបស់កងកម្លាំងស្របច្បាប់របស់យើង មានបំណងពង្រីកទៅដល់ក្រុងនានានៃអារ៉ាប៊ីសាអ៊ូឌីត និងក្រុងអាប៊ុយដាប៊ី» របស់ប្រទេស (UAE)។
លោក បានបន្ថែមទៀតថា៖ «យើងបានផលិតយន្តហោះចម្បាំងជាច្រើនគ្រឿងទុកជាមុន និងប្រព័ន្ធការពារដែនអាកាសជាច្រើនទៀត នឹងត្រូវដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ»៕ AFP/SK