ភ្នំពេញ ប៉ុស្ដិ៍ | ​ក្រុម​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​ព្រមាន​ពី​បញ្ហា​សុខភាព​បន្ទាន់​នៅ​ក្នុង​ជំរំ​នៅ​មីយ៉ាន់ម៉ា

ក្រុម​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​ព្រមាន​ពី​បញ្ហា​សុខភាព​បន្ទាន់​នៅ​ក្នុង​ជំរំ​នៅ​មីយ៉ាន់ម៉ា

អន្តរជាតិ

កាលបរិច្ឆេទផ្សាយ:
០៨ កុម្ភៈ ២០១៣ | ១៩:៥០

អ្នកយកព័ត៌មាន:
AFP

ប្រធានបទផ្សេងៗ

ក្រុងយ៉ាំងហ្គោនៈ ទីភ្នាក់ងារ​ជំនួយ​សុខាភិបាល «ពេទ្យ​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន» (MSF) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​ពី​«ភាព​បន្ទាន់​ខាង​មនុស្ស​ធម៌​» ​មួយ​​នៅ ភាគ​ខាង​លិច​មីយ៉ាន់ម៉ា ដែល​រង​គ្រោះ​ដោយ​ជម្លោះ​ ដោយ​មនុស្ស រាប់​ម៉ឺន​នាក់​ មិន​អាច​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ដែល​គេ​ត្រូវ​ការ​ជា​ចាំបាច់​។

MSF បាន​និយាយ​ថា​ ក្រុម​ខ្លួន​នៅ​លើ​មូលដ្ឋាន​ក្នុង​រដ្ឋ​រ៉ាក់ឃីន បាន​ប្រឈម​​នឹង​ការ​គំរាម​កំហែង អរិ​ភាព និង​ការ​ចោទ​ប្រកាន់​ពី​ការ​លម្អៀង​ទៅ​ក្រុម​អម្បូរ​ភាគ​តិច​មូស្លីម រ៉ូហ៊ីងយ៉ា។

យោង​តាម​ក្រុម​មនុស្ស​ធម៌នោះ ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​តំបន់​នោះ​ពីរ​ទសវត្សរ៍​មក​ហើយ​ ឲ្យ​ដឹង​ថា​ ជន​ខ្ចាត់​ព្រាត់​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​នៅ​ក្នុង​រដ្ឋ ​រ៉ាក់ឃីន ត្រូវ​បាន​គេ​កាត់​ផ្តាច់​ពី​ការ​ថែទាំ​សុខភាព ទឹក​ស្អាត និង​ការ​ផ្តល់​ជំនួយ​មូល​ដ្ឋាន។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ អគ្គនាយក MSF លោក Arjan Hehenkamp បាន​និយាយ​ថា៖ «វា​គឺ​ស្ថិត​ក្នុង​ចំណោម​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ក្នុង​វាល​ស្រែ ឬ​លើ​ដី​មួយ​ប្រឡោះ​មាន​មនុស្ស​កកកុញ​ដែល​ MSF កំពុង​តែ​មើល​ឃើញ​ពី​តម្រូវ​ការ​ថែទាំ​សុខភាព​ចាំាបាច់​បំផុត។ អសន្តិសុខ​ដែល​នៅ​តែ​​កើត​មាន និង​ការ​គំរាម​កំហែង​ដដែល​ៗ និង​ការ​បំភិត​បំភ័យ​ពី​ក្រុម​តូចមួយ​ដែល​មាន​វោហារ នៅ​ក្នុង​សហគមន៍​រ៉ាក់ឃីន បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​លទ្ធ​ភាព​របស់​យើង​ ដើម្បី​ផ្តល់​ការ​ថែ​ទាំ​សង្គ្រោះ​ជីវិត​មនស្ស»​។

មនុស្ស​ជាង​១០​ម៉ឺន​ នាក់ ភាគ​ច្រើន​អម្បូរ​ភាគ​តិច​រ៉ូហ៊ីងយ៉ា បាន​ខ្ចាត់​ព្រាត់ និង​រាប់​សិប​នាក់​ទៀត ត្រូវ​បាន​គេ​សម្លាប់ ​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១២ នៅ​រដ្ឋ​រ៉ាក់ឃីន​ក្នុង​ការ​ផ្ទុះ​អំពើ​ហិង្សា​ធំៗ​ចំនួន​ពីរ​លើក​ រវាង​ពុទ្ធ​សាសនិក​ និង​មូស្លីម ភាគ​ច្រើន​មាន​ប្រភព​មក​ពី​អម្បូរ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​។

មីយ៉ាន់ម៉ា បាន​ចាត់​ទុកពល​រដ្ឋ​អម្បូរ​រ៉ូហ៊ីងយ៉ាង​ប្រមាណ​៨០​ម៉ឺន​នាក់​ជា​ជន អន្តោ​ប្រវេសន៍​បង់ក្លាដែស​ខុស​ច្បាប់ ហើយ​និង​បាន បដិសេធ​មិន​ព្រម​ផ្តល់​សញ្ជាតិ​ជា​ពល​រដ្ឋ​ឲ្យ​ពួក​គេ​ទេ៕ NR

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com