ខេត្ត Ontario និងខេត្ត Alberta ប្រទេសកាណាដា នឹងពង្រីកការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដោយបង្កើនសិទ្ធិទទួលវ៉ាក់សាំង សម្រាប់បុគ្គលអាយុលើស ៤០ ឆ្នាំ ខណៈពេលខេត្តទាំង ២ នេះ កំពុងប្រឈមនឹងការកើនឡើងករណីឆ្លងយ៉ាងខ្លាំង។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលខេត្ត Ontario លោកស្រី Alexandra Hilkene បាននិយាយថា ការចាក់វ៉ាក់សាំងនេះនឹងត្រូវផ្ដល់ជូននៅតាមឱសថស្ថាន ហើយបាននិយាយថា ការសម្រេចនេះគឺធ្វើឡើង ផ្អែកលើការ «ផ្គត់ផ្គង់បច្ចុប្បន្ន» នៃវ៉ាក់សាំង។
ប៉ុន្មានម៉ោង បន្ទាប់ពីការប្រកាសរបស់ខេត្ត Ontario នាយករដ្ឋមន្ត្រីខេត្ត Alberta លោក Jason Kenneyបានប្រកាសថា ខេត្តនេះនឹងបានបន្ទាបអាយុអប្បបរមាដែលមានសិទ្ធិទទួលវ៉ាក់សាំង ពី ៥៥ ឆ្នាំ មក ៤០ ឆ្នាំ។
មុនពេលការប្រកាសរបស់ Ontario វ៉ាក់សាំងនេះអាចប្រើបានសម្រាប់តែមនុស្សដែលមានអាយុលើសពី ៥៥ ឆ្នាំ ស្របតាមការណែនាំពីក្រុមប្រឹក្សាជាតិការចាក់វ៉ាក់សាំង (NACI) កាលពីខែមីនា ដែលជាការប្រុងប្រយ័ត្ននឹងករណីកកឈាមកម្រ ក្នុងបុគ្គលវ័យក្មេង។
ទោះយ៉ាងណា កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលសហព័ន្ធកាណាដាបាននិយាយថា ខេត្ត និងដែនដី មានសេរីភាពក្នុងការពង្រីកសិទ្ធិទទួលវ៉ាក់សាំង AstraZeneca ចំពោះមនុស្សពេញវ័យ ដែលមានអាយុលើសពី ១៨ ឆ្នាំ ខណៈដែលឱសថការីមួយចំនួន បាននិយាយថា ដូសជាច្រើនមិនត្រូវបានប្រើប្រាស់ ដោយសារតែការកំណត់អាយុខាងលើនេះ។
ខេត្ត Ontario បច្ចុប្បន្នកំពុងប្រឈមមុខជាមួយនឹងរលកទី ៣ នៃការរាតត្បាតជំងឺកូវីដ១។ ខេត្តនេះបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន ៤ ២៥០ ករណី និងមានអ្នកស្លាប់ ១៨ នាក់ទៀត កាលពីថ្ងៃអាទិត្យ៕