
បាតុករប៉ាឡេស្ទីន កាន់បដាខណៈពួកគេតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនិងជំនួបរបស់លោកជាមួយលោកប្រធានាធិបតី ម៉ាមុដ អាបាស កាលពីថ្ងៃទី ២៥ ឧសភា។ AFP
ប៉ុន្មានម៉ោងក្រោយ ពេលបទឈប់បាញ់តំបន់ហ្គាហ្សាចុងក្រោយចូលជាធរមាន កម្មវិធីផ្ញើសារ WhatsApp ដែលជាប្រព័ន្ធទំនាក់ទំនងសំខាន់បំផុតរបស់អ្នកកាសែតប៉ាឡេស្ទីនមួយចំនួននៅតាមឆ្នេរសមុទ្រត្រូវបានកាត់ផ្ដាច់ក្នុងអំឡុងពេលចុះប្រតិបត្តិការ។
នេះបើតាមឱ្យដឹងពីសារព័ត៌មាន Associated Press ដែលបានទាក់ទងទៅអ្នកសារព័ត៌មានចំនួន ១៧ នាក់ នៅតំបន់ហ្គាហ្សាដែលបានបញ្ជាក់ថា គណនី WhatsApp របស់ពួកគេ ត្រូវបានកាត់ផ្ដាច់ចាប់តាំងពីថ្ងៃសុក្រ មកម្ល៉េះ។ គិតត្រឹមពាក់កណ្តាលថ្ងៃចន្ទមានតែអ្នកកាសែត ៤ នាក់ប៉ុណ្ណោះ ដែលធ្វើការឱ្យសារព័ត៌មាន Al Jazeera និងបានបញ្ជាក់ថា គណនីរបស់ពួកគេ ត្រូវបានប្រើប្រាស់បានវិញហើយ។
ឧប្បត្តិហេតុនេះ បង្កឱ្យមានការសម្ដែងក្ដីព្រួយបារម្ភជាខ្លាំងទាក់ទិននឹងសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន WhatsApp Inc ដែលជាក្រុមហ៊ុនឧបសម្ព័ន្ធនៃក្រុមហ៊ុន Facebook និងក្លាយជាមន្ទិលពីសំណាក់អ្នកប្រើប្រាស់ប៉ាឡេស្ទីនឬសម្ព័ន្ធមិត្តរបស់ពួកគេថា ហេតុអ្វីបានជាពួកគេក្លាយទៅជាក្រុមគោលដៅរបស់ក្រុមនេះទៅវិញ។
អ្នកកាសែតចំនួន ១២ ក្នុងចំណោមអ្នកកាសែតទាំង ១៧ នាក់ បានប្រាប់សារព័ត៌មាន Associated Press ថា ពួកគេស្ថិតនៅក្រុមឆាត WhatsApp មួយ ដែលទទួលយកព័ត៌មានស្ដីអំពីប្រតិបត្តិការយោធាហាម៉ាស។ ប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលម្ចាស់គេហទំព័រ Facebook តែងចាត់ទុកក្រុមហាម៉ាស ដែលគ្រប់គ្រងលើតំបន់ហ្គាហ្សាថា ជាអង្គការភេរវកម្ម ១។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើអ្នកសារព័ត៌មាន ត្រូវបានគេកំណត់គោលដៅ ដោយសារតែពួកគេមានតួនាទីជាអ្នកតាមដានសកម្មភាពយោធារបស់ក្រុមនេះ ហើយរាយការណ៍មកក្នុងក្រុមឆាត WhatsApp ឬយ៉ាងណានោះឡើយ។
យ៉ាងណាមិញ ក្រុមហាម៉ាស ដែលគ្រប់គ្រងក្រសួងសុខាភិបាលតំបន់ហ្គាហ្សា ក៏មានក្រុមឆាតនៅលើ WhatsApp ដែរ ដែលមានសមាជិកជាង ៨០ នាក់ ដែលភាគច្រើនជាអ្នកកាសែត។ ប៉ុន្តែ ក្រុមឆាតនេះ មិនត្រូវបានគេកាត់ផ្ដាច់នោះឡើយ។
ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeeraប្រចាំនៅតំបន់ហ្គាហ្សាលោក Wael al-Dahdouh បាននិយាយថា គណនី WhatsApp របស់លោក ត្រូវបានកាត់ផ្ដាច់កាលពីព្រឹកព្រលឹមថ្ងៃសុក្រមុនពេលដែលគេបើកវិញនៅថ្ងៃចន្ទ។
លោកបាននិយាយថា អ្នកសារព័ត៌មានបានចូលទៅក្នុងក្រុមឆាតទាក់ទិននឹងសកម្មភាពយោធាក្រុមហាម៉ាស គឺដើម្បីទទួលបានព័ត៌មានចាំបាច់សម្រាប់ការងារសារព័ត៌មានប៉ុណ្ណោះ។
អ្នកនាំពាក្យក្រុមហ៊ុន WhatsApp បាននិយាយថា៖ «ក្រុមហ៊ុនយើងបានហាមឃាត់គណនីនានា ដើម្បីឱ្យគោរពតាមគោលការណ៍របស់ក្រុមហ៊ុនយើង និងដើម្បីការពារគ្រោះថ្នាក់ ក៏ដូចជាច្បាប់ ដែលបានអនុវត្ត»។
លោកបានបន្តថា ក្រុមហ៊ុនលោកបានទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុនស្ដីអំពីការប្រើប្រាស់នូវកម្មវិធីមួយនេះឱ្យស្របទៅតាមគោលការណ៍ ហើយលោកនឹងផ្តល់ព័ត៌មានដល់អ្នកសារ ព័ត៌មានឡើងវិញប្រសិនបើលោករកឃើញពីផលប៉ះពាល់ណាមួយ។
សារព័ត៌មាន Al Jazeera បាននិយាយថានៅពេលដែលខ្លួនស្វែងរកព័ត៌មានទាក់ទងនឹងអ្នកកាសែត ៤ នាក់ របស់ខ្លួននៅតំបន់ហ្គាហ្សាដែលរងផលប៉ះពាល់ដោយការការកាត់ផ្ដាច់នោះ ក្រុមហ៊ុន Facebook បានប្រាប់ពួកគេថា ក្រុមឆាតជាច្រើន ដែលស្ថិនៅក្នុងតំបន់ហ្គាហ្សា ត្រូវបានបិទ ហើយជាលទ្ធផលលេខទូរស័ព្ទរបស់អ្នកកាសែត Al Jazeera ដែលស្ថិតនៅក្នុងក្រុមឆាតនោះ ក៏ត្រូវបានបិទដូចគ្នា។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១ ទេដែលគណនីរបស់អ្នកសារព័ត៌មាន ត្រូវបានក្រុមហ៊ុន WhatsApp កាត់ផ្ដាច់ក្នុងអំឡុងពេលចុះប្រតិបត្តិការ។ នៅឆ្នាំ ២០១៩ គណនីមួយចំនួនរបស់អ្នកកាសែតនៅហ្គាហ្សា ត្រូវបានបិទ ដោយគ្មានហេតុផល។ ដោយឡែកគណនីរបស់អ្នកកាសែត ដែលធ្វើការជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិត្រូវបានបើកឡើងវិញ ក្រោយទាក់ទងទៅក្រុមហ៊ុន។
កាសែត The New York Times ក៏ធ្លាប់បានរាយការណ៍ផងដែរថាក្រុមឆាត WhatsApp ប្រមាណ ១០០ ក្រុម គឺក្រុមប្រើប្រាស់ដោយក្រុមជ្រុលនិយមជ្វីហ្វនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។
កម្មវិធី WhatsApp បាននិយាយថា ខ្លួនមិនមានលទ្ធភាពចូលមើលមាតិកាក្នុងឆាតរបស់គណនីនីមួយៗទេ ប៉ុន្តែខាងក្រុមហ៊ុននឹងបិទគណនីណាមួយ នៅពេលដែលមានអ្នកប្រើប្រាស់ផ្សេងរាយការណ៍ថា ករណីទាំងនោះ នឹងបង្កគ្រោះថ្នាក់។
លោក Al-Dahdouh អ្នកឆ្លើយឆ្លងសារព័ត៌មាន Al Jazeera បាននិយាយថា បើទោះបីជាគណនីរបស់គាត់ត្រូវបានគេបើកឡើងវិញយ៉ាងណាក្ដី ប៉ុន្តែព័ត៌មានចាស់ៗនៅក្នុងក្រុមឆាត និងសារកន្លងមករបស់គាត់ត្រូវបានលុបចោលទាំងអស់៕