ក្រុង​បាងកកៈ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក អា​ភី​ស៊ីត វេចា​ជីវ៉ា បាន​ជាប់​ឆ្នោត​ធ្វើ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ឯ​សន្និបាត​ទូទៅ​របស់​បក្ស​កាល​ពី​ថ្ងៃ​អាទិត្យ។

ការជាប់​បោះឆ្នោត​ជាថ្មី​របស់លោក​អា​ភី​ស៊ីត បាន​កើតឡើង​បន្ទាប់ពី​ការបោះឆ្នោត​ជា​បឋម​មួយ​របស់​បក្ស​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

មាន​បេក្ខជន ៣ រូប​សម្រាប់​មុខតំណែង​មេដឹកនាំ​បក្ស​នៅក្នុង​ការបោះឆ្នោត​ជាបឋម គឺមាន​លោក​អាភីស៊ីត អតីត​សមាជិក​សភា​លោក Warong Dechgitvigrom ជា​អតីត​មេ​ដឹកនាំ​រង​បក្ស លោក Alongkorn Ponlaboot។

នៅក្នុង​ការបោះឆ្នោត​ជាបឋម លោក​អា​ភី​ស៊ីត បាន នាំមុខគេ ដោយ​ទទួល​បាន​សំឡេង ៦៧ ៥០៥ លោក DrWarong ទទួល​បាន​សំឡេង គាំទ្រ ៥៧ ៦៨៩ សំឡេង និង​លោក Alongkorn ទទួល​បាន ២ ២៨៥ សំឡេង។

ឈ្មោះ​បេក្ខជន​ទាំង ៣ រូបនេះ​ត្រូវបាន​ដាក់ជូន​សន្និបាត​បក្ស​ដើម្បី​ធ្វើការ​សម្រេច​ជា​លើក​ចុង​ក្រោយ ប៉ុន្តែ​លោក​បណ្ឌិត Warong និង​លោក Alongkorn បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នេះ ដោយ​ទុក​ឲ្យ​លោក​អាភីស៊ីត ជា​អ្នក​ឈ្នះ​ដោយ​គ្មាន​ដៃគូ​ប្រកួត។

ការតែងតាំង​លោក​អាភីស៊ីត សម្រាប់​តំណែង​ជា​មេដឹកនាំ​បក្ស​នេះ​បានទទួល​សំឡេង​គាំទ្រ ៩៦,៧៧ ភាគរយ​នៃ​សមាជិក​ចំនួន ២៥៩ រូប​ដែល​បាន​បោះ​ឆ្នោត។

មហាសន្និបាត​បក្ស បាន​បោះឆ្នោត​ឲ្យ លោក Siriwan Pratsajaksatru ធ្វើជា​មេដឹកនាំ​រង​បក្ស​សម្រាប់​ភាគ​ខាងជើង លោក VithoonNambutr សម្រាប់​ទិសឦសាន​លោក SathitPithuthecha សម្រាប់​ភាគ​កណ្តាល៕