កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៤ មីនា ​គណបក្ស Christian Democrats Union (CDU) របស់​លោកស្រី Angela Merkel បាន​ធ្លាក់​សំឡេង​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​រដ្ឋ​សំខាន់​ចំនួន ២ ខណៈ​មាន​រឿង​អាស្រូវ​កំពុង​កើន​ឡើង​ដែល​ពាក់ព័ន្ធ​នឹង​សមាជិកសភា​ទទួល​ប្រាក់​សំណូក​ក្នុង​ការ​ជួយ​លក់​ម៉ាស់។

ការ​បោះឆ្នោត​នៅ​រដ្ឋ Baden Wurttemberg និង​រដ្ឋ Rhineland Palatinate ត្រូវ​បាន​គេ​ឃើញ​ថា ​ជា​ការ​សាកល្បង​មតិសាធារណៈ​សម្រាប់​ឆ្នាំ ២០២១ ដែល​នឹង​ជា​ឆ្នាំ​មាន​ការ​បោះឆ្នោត​សំខាន់​ច្រើន​ដូចជា​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋ​ចំនួន ៤ ផ្សេង​ទៀត និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា Bundestag។ នៅ​ខែកញ្ញា​ខាង​មុខ​នេះ​ អាល្លឺម៉ង់​នឹង​ជ្រើសរើស​អធិការបតី និង​រដ្ឋាភិបាល​ថ្មី ​ដើម្បី​កាន់កាប់​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អឺរ៉ុប បន្ទាប់​ពី​រយៈពេល ១៦ ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី Merkel។

លោក Winfried Kretschmann អភិបាល​មក​ពី​គណបក្ស Greens នៃ​រដ្ឋ BadenWurttemberg បាន​ទទួល​ជ័យជម្នះ ​ដើម្បី​បន្ត​ការ​គ្រប់គ្រង​មួយ​អាណត្តិ​ទៀត។ ឥឡូវ​នេះ​លោក​កំពុង​ប្រឈម​នឹង​ជម្រើស ២ គឺ៖ បន្ត​សម្ព័ន្ធភាព​របស់​គាត់​ជាមួយ CDU ឬ​រើស​ជម្រើស​ថ្មី៖ បង្កើត​សម្ព័ន្ធភាព​ថ្មី​ជាមួយ​គណបក្ស Social Democrats (SPD) និង Free Democrats (FDP)។

លទ្ធផល​នៅ​រដ្ឋ BadenWurttemberg គឺ​បង្ហាញ​ការ​ធ្លាក់​ចុះ​នូវ​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច CDU នៅ​អាល្លឺម៉ង់។ រដ្ឋ​ភាគខាងត្បូង​នេះ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ហើយ​ជា​លំនៅឋាន​របស់​អភិជន គឺ​ជា​តំបន់​គាំទ្រ CDU ជាច្រើន​ទសវត្សរ៍​មក​ហើយ រហូត​ដល់​ឆ្នាំ ២០១១ ទើប CDU បាត់បង់​ការ​គាំទ្រ​នៅ​តំបន់​នេះ។

នៅ Rhineland Palatinate គណបក្ស SPD ដែល​ដឹកនាំ​ដោយ​លោកស្រី​អភិបាល Malu Dreyer បាន​ទទួល​ជ័យជម្នះ ហើយ​លោកស្រី​ទំនង​អាច​នឹង​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គណបក្ស Greens និង SPD។

អគ្គលេខាធិការ​នៃ​គណបក្ស CDU លោក Paul Ziemiak បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ថ្ងៃ​នេះ​មិនមែន​ជា​ការ​បោះឆ្នោត​ដ៏​ល្អ​សម្រាប់ ​Christian Democrats Union ទេ»។ លោក​បាន​បន្ត​ទៀត​ថា៖ «យើង​ចង់​ឃើញ​លទ្ធផល​ល្អ​ជាង​នេះ»។

គណបក្ស CDU បាន​ឃើញ​ការ​ធ្លាក់ចុះ​សំឡេង​ឆ្នោត​យ៉ាង​តិច ៤ ភាគរយ ​នៅ​ក្នុង​រដ្ឋ BadenWurttemberg និង​ច្រើន​ជាង ៥ ភាគរយ ​នៅ​រដ្ឋ Rhineland Palatinate បើ​ធៀប​នឹង​លទ្ធផល​ឆ្នាំ ២០១៦។ គណបក្ស​នេះ​ឈរ​នៅ​លំដាប់​ថ្នាក់​ទី២ ក្នុង​ការ​បោះឆ្នោត​នេះ តែ​ជា​លទ្ធផល​អាក្រក់​បំផុត​សម្រាប់​គណបក្ស​អភិរក្សនិយម​នេះ តាំង​ពី​បញ្ចប់​សង្គ្រាម លោក​លើក​ទី២ មក។

លទ្ធផល​បាន​ចង្អុល​បង្ហាញ​អំពី​បញ្ហា​ដែល​គណបក្ស CDU កំពុង​ប្រឈម​ក្នុង​ការ​ព្យាយាម​ស្តារ​ទំនុក​ចិត្ត​អ្នក​បោះឆ្នោត ដែល​ត្រូវ​បាន​បាត់បង់​បន្ទាប់​ពី​សមាជិកសភា​របស់​ពួក​គេ​ចំនួន ៣ រូប ក្នុង​នោះ ១ រូប​ជា​តំណាង​រដ្ឋ Baden Wurttemberg ត្រូវ​បាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង​បន្ទាប់​ពី​គេ​បាន​រក​ឃើញ​ថា សមាជិក​ទាំង​នេះ​បាន​ទទួល​ប្រាក់​សំណូក​រាប់សែន​អឺរ៉ូ ដើម្បី​ជួយ​រៀបចំ​កាល​លក់​ម៉ាស់​ទៅ​កាន់​រដ្ឋាភិបាល​មូលដ្ឋាន​មួយ​ចំនួន ខណៈ​ពេល​ដែល​កំពុង​មាន​ការ​ខ្វះខាត។

បន្ទាប់​ពី​មាន​ការ​លេច​ចេញ​រឿង​អាស្រូវ​នេះ​មេដឹកនាំ​គណបក្ស ​CDU បាន​ទាមទារ​ឱ្យ​សមាជិកសភា​របស់​ខ្លួន​ទាំង ២៤០ រូប​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​មួយ​ដោយ​សន្យា​ថា ពួក​គេ​​មិន​បាន​ប្រើប្រាស់​តំណែង​របស់ខ្លួន ​ដើម្បី​ធ្វើ​ការ​កេង​ប្រវ័ញ្ច​ទាក់ទង​នឹង​ការ​ប្រយុទ្ធប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នោះ​ទេ។

ការ​ធ្លាក់ចុះ​នៃ CDU អាច​បង្ហាញ​ពី​ការ​អង្រួន​អនាគត​នយោបាយ​ប្រទេស​អាល្លឺម៉ង់។ ការ​ចាកចេញ​របស់​លោកស្រី Merkel ក្នុង​នាម​ជា​មេដឹកនាំ​គណបក្ស​បាន​បន្សល់ទុក​នូវ​ភាព​មិន​ប្រាកដប្រជា​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស ដោយ​អ្នក​ស្នង​តំណែង​របស់លោកស្រី​គឺ​លោកស្រី Annegret Kramp Karrenbauer ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​ត្រូវ​បាន​ជំនួស​ដោយ​លោក ​Armin Laschet។

បេក្ខជន​អធិការបតី​គណបក្ស Social Democrats (SPD) លោក Olaf Scholz ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​ក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​លោកស្រី Merkel បាន​លើក​ឡើង​ថា ​ការ​ចាកចេញ​ពី​រដ្ឋាភិបាល​សម្ព័ន្ធភាព CDU / SPD បច្ចុប្បន្ន​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ។ ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត​ខាង​លើ​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន DPA ថា «នេះ​ជា​ថ្ងៃ​ល្អ​មួយ ពី​ព្រោះ​វា​បង្ហាញ​ថា យើង​អាច​ទៅ​រួច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​នៅ​ប្រទេស​អាល្លឺម៉ង់ ​ដោយ​មិន​ត្រូវ​ការ CDU»។

គណបក្ស Greens ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​រដ្ឋ​ទាំង ២ ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រជាប្រិយភាព​របស់​គណបក្ស​ដែល​កំពុង​កើន​ឡើង​ជា​លំដាប់។ ជ័យជម្នះ​នោះ​អាច​ជួយ​ឱ្យ​គណបក្ស​នេះ​លេច​ចេញ​ជា​កម្លាំង​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កញ្ញា​ ដែល​បង្កើន​ការ​រំពឹង​ទុក​ថា អាល្លឺម៉ង់​មាន​អធិការបតី​គណបក្ស Greens ដំបូង​របស់​ខ្លួន។

ទាំង​អស់​នេះ​បាន​ដាក់​សម្ពាធ​ទៅ​លើ​មេដឹកនាំ​ថ្មី​របស់ CDU លោក Armin Laschet ដែល​នៅ​តែ​អាច​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ពី​អភិបាលរដ្ឋ ​Bavaria លោក Markus Soder ក្នុង​ការ​ក្លាយជា​បេក្ខជន​អធិការបតី​នៃ​ប្លុក​សម័ន្ធភាព​អភិរក្ស​និយម CDU/ CSU ក្នុង​ការ​បោះឆ្នោត​ខែ​កញ្ញា។ សមាជិក​ជាច្រើន​នៃ CDU នៅ​តែ​មិន​ប្រាកដ​ថា លោក Laschet នឹង​ក្លាយ​ជា​បេក្ខជន​នៅ​ក្នុង​ការ​ប្រជែង ​ដើម្បី​ជំនួស​លោកស្រី Merkel៕