ក្រុង​បាងកក៖ ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​(FFP) ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​រិះគន់​ប្រមុខ​កងទ័ព​លោក​ Apirat Kongsompong ​ជុំវិញ​សុន្ទរកថា​ប្រឆាំង​នឹង​ក្រុម​បញ្ញ​វន្ត ​និង​អ្នក​នយោបាយ​ ដោយ​និយាយ​ថា​ ពាក្យ​សម្តី​របស់​​លោក​នឹង​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​ និង​បង្ក​ឲ្យ​មាន​ការ​ស្អប់​គ្នា​តែ​ប៉ុណ្ណោះ​។

អគ្គលេខាធិការ​ FFP ​លោក​ ភីយ៉ាប៊ុត ​សែងកាណុកគុល ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ថ្លែង​សុន្ទរកថា​ពិសេស​មួយ​នៅ​ស្នាក់ការ​បក្ស​ ដោយ​បាន​និយាយ​ថា ​សុន្ទរកថា​នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរកថា​របស់​លោក​ឧត្តមសេនីយ៍​ Apirat ​កាល​ពី​ថ្ងៃ​សុក្រ​ ទោះបី​ជា​លោក​ឧត្តមសេនីយ៍​ មិន​បាន​លើក​ឡើង​ពី​គណបក្ស​នោះ ​ដោយ​ចំៗ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ក្តី​។

លោក ​ភី​យ៉ា​ប៊ុត បាន​ថ្លែង​ថា​​សម្តី​របស់​ប្រមុខ​កងទ័ព​នោះ ​មិន​បាន​ដោះស្រាយ​បញ្ហា​អ្វី​ឡើយ ​ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​មាន​ការ​បែក​បាក់​ក្នុង​សង្គម​។ លោក​ឧត្តមសេនីយ៍ ​បាន​ខក​ខាន​មិន​ក្តាប់​ស្ថានការណ៍​​​នយោបាយ​ដែល​កំពុង​ផ្លាស់​ប្តូរ​នេះ​ទេ ​ហើយ​សម្តី​របស់​លោក​បង្ក​ឲ្យ​មាន​ការ​ស្អប់​គ្នា​ និង​បង្កើត​សត្រូវ​ថ្មី​​​។ ​

លោក ​ភីយ៉ាប៊ុត បាន​ថ្លែង​ថា ​ប្រមុខ​កងទ័ព​រូប​នេះ ​មិន​គួរ​ចាត់​ទុក​អ្នក​ដែល​មាន​ទស្សនៈ​ខុស​គ្នា​នោះ​ជា​សត្រូវ​ទេ​ ប៉ុន្តែ​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ និង​ស្តាប់​គណបក្ស​នយោបាយ​ និង​គោរព​ទស្សនៈ​ខុស​គ្នា​ទាំង​នោះ ​ដើម្បី​ទាញ​ប្រទេស​នេះ​ចេញ​ឲ្យ​ផុត​ពី​ជម្លោះ​។

ជា​ការ​ឆ្លើយ​ទៅ​នឹង​ការ​ប្រឆាំង​ជំទាស់​របស់​លោក​ឧត្តម​សេនីយ៍​ Apirat​ នៅ​នឹង​សំណើ​សុំវិ​សោធនកម្ម​ផ្នែក​ទី ១ ​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នោះ​ លោក ​ភីយ៉ាប៊ុត ​ថ្លែង​ថា កង្វល់​របស់​លោក​ប្រមុខ​កង​ទ័ព​អំពី​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​នេះ​មិន​ចាំបាច់​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​យុទ្ធនាការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​របស់​បក្ស​ប្រឆាំង​នេះ ​​បាន​បដិសេធ​ចោល​ផ្នែក​នេះ ​ដែល​ចែង​ថា​ប្រទេស ​ថៃ ​គឺ​ជា​ព្រះរាជាណាចក្រ​មួយ​ដែល​មិន​អាច​បំបែក​បាន​៕ BKP