ក្រុងសេអ៊ូល៖ ប្រធានគណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃពុធថា ខ្លួននឹងស្វះស្វែងរកប្រព័ន្ធច្បាប់រដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីត្រួតពិនិត្យមើលអំណាចដ៏ខ្លាំងក្លារបស់ប្រធានាធិបតីនៅក្នុងប្រទេសមួយនេះ ដោយបានអះអាងថា ផលវិបាកយ៉ាងធ្ងន់ធ្ងររបស់ខ្លួន គឺស្ថិតនៅក្រោមរដ្ឋការរបស់លោក មូន ជេអ៊ីន។
លោក វ៉ាង យូ-អាន ជាមេដឹកនាំរបស់គណបក្សកូរ៉េសេរី (LKP) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មីរបស់លោកថា សម្រាប់ហេតុផលនោះ វាមានសារៈសំខាន់សម្រាប់ក្រុមអភិរក្សនិយម ដើម្បីទទួលបានជោគជ័យយ៉ាងខ្លាំងមួយនៅក្នុងការបោះឆ្នោតទូទៅនៅថ្ងៃទី ១៥ ខែមេសា ខាងមុខនេះ។
លោកកំពុងព្យាយាមដើម្បីពង្រឹងការគាំទ្រនយោបាយចេញពីក្រុមអ្នកបោះឆ្នោតអភិរក្សនិយម និងឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីយកចិត្តក្រុមអ្នកបោះឆ្នោតដែលមិនពេញចិត្តចំពោះគោលនយោបាយរបស់រដ្ឋាភិបាលលោក មូន ជេអ៊ីន។
លោក វ៉ាង យូ-អាន បានថ្លែងថា គណបក្សរបស់លោកនឹង «ជំរុញឲ្យមានការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីទប់ស្កាត់ប្រព័ន្ធប្រធានាធិបតីដ៏មានឥទ្ធិពលមួយនេះ»។
លោក វ៉ាង យូ-អាន មិនបានពិភាក្សាលម្អិតអំពីអ្វីថា តើលោកមានប្រព័ន្ធគណៈរដ្ឋមន្ត្រីមួយនៅក្នុងចិត្តរបស់លោករួចទៅហើយ។
អតីតនាយករដ្ឋមន្ត្រីរូបនោះ ជំនួសមកវិញបានផ្តោតទៅលើការថ្កោលទោសទៅនឹងអ្វី ដែលលោកបានពិពណ៌នាថា ជាគោលនយោបាយ«មិនត្រឹមត្រូវតាមបែបប្រជាធិបតេយ្យ» របស់លោក មូន ជេអ៊ីន ដែល «បានឈានដល់ការបរាជ័យ»។
លោក វ៉ាង យូ-អាន ជាប្រធានគណបក្សកូរ៉េសេរីដ៏ធំបានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយនៅក្នុងទីស្នាក់ការរបស់គណបក្ស។
លោកបានថ្លែងថា៖ «មិនមានការរីកចម្រើនអំពីបញ្ហាការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងសូម្បីតែបន្តិចបន្តួច» «តើមានការរីកចម្រើនជាក់ស្តែងណាមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពអស់រយៈពេលជាង ៣ ឆ្នាំកន្លងមកនេះដែរ ឬទេ? ហើយអ្វីទៅ គឺជាលទ្ធផលនៃគោលនយោបាយដំបូងរបស់កូរ៉េខាងជើងនោះ?»។
លោកបានអះអាងថា សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងអាមេរិក បានធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ដោយមានទស្សនៈរបស់សាធារណជនមិនចុះសម្រុងគ្នានៅក្នុងប្រទេស ដោយសារការជំរុញរបស់ប្រធានាធិបតី ជុំវិញវិធានការគួរឲ្យអស់សំណើចអំពីហេតុផលនៃការធ្វើកំណែទម្រង់របស់លោកនោះហើយ៕ Yonhap/SK