
ប្រធានគណបក្ស UMNO លោក Ahmad Zahid Hamidi ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងគូឡាឡាំពួនាពេលកន្លងទៅ។ AFP
មហាសន្និបាតគណបក្សរួបរួមជាតិម៉ាឡេស៊ី UMNO សម្រាប់ ឆ្នាំ ២០២០ បានយល់ព្រមផ្តល់សិទ្ធិអំណាចដល់ប្រធានគណបក្ស និងក្រុមប្រឹក្សាជាន់ខ្ពស់ ដើម្បីកំណត់ថា គួរតែដកការគាំទ្ររដ្ឋាភិបាលជនជាតិភាគតិច Perikatan Nasional (PN) ពេលណា។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់ប្រធានគណបក្ស UMNO លោក Ahmad Zahid Hamidi បានស្នើឱ្យគណៈប្រតិភូសម្រេចចិត្តលើបញ្ហានេះ នៅចុងបញ្ចប់នៃសន្និបាត ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកាលពីចុងសប្ដាហ៍កន្លងទៅ។
ប្រធានអចិន្រៃ្តយ៍របស់គណបក្ស UMNO លោក Tan Sri BadruddinAmiruldin ក៏បានសុំចម្លើយពីគណៈប្រតិភូថា តើយល់ ឬមិនយល់ស្របនឹងសំណើនេះ។ ជាលទ្ធផលគណៈប្រតិភូបានយល់ព្រមនឹងសំណើនេះ។
លោក Ahmad Zahid បាននិយាយថា៖ «ដូច្នេះប្រតិភូទាំងអស់សុទ្ធតែយល់ព្រមហើយថា នឹងប្រគល់សិទ្ធិសម្រេចនេះទៅឱ្យប្រធាន និងឧត្តមក្រុមប្រឹក្សាដើម្បីកំណត់ការដកខ្លួនរបស់យើងចេញពីរដ្ឋាភិបាលជនជាតិភាគតិច (PN) នៅពេលណាមួយប្រសិនបើពួកគេមិនមានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងស្ដីពីការរៀបចំបោះឆ្នោតនាពេលខាងមុខទេ»។
លោកបានបន្ថែមថា សេចក្ដីសម្រេចនេះ នឹងអាស្រ័យលើសមាជិកសភា និងគណៈរដ្ឋមន្ត្រីទាំងអស់ក្នុងការសម្រេចថា តើគួរឱ្យគណបក្សនេះដកការគាំទ្រចេញពីរដ្ឋាភិបាល PN ឬអត់?។ លោកបានបន្ថែមថា ការបោះឆ្នោតថ្នាក់ជាតិអាចនឹងត្រូវបានធ្វើឡើង នៅពេលដែលចប់អាណត្តិទី១៤ ពោលគឺនៅឆ្នាំ ២០២៣។
យ៉ាងណាមិញការសម្រេចបែបនេះបង្កឱ្យមានការមិនពេញចិត្តពីមន្ត្រីមួយចំនួនផងដែរ។ លោក Tan Sri Annuar Musa ជាមន្ត្រីម្នាក់ស្ថិតក្នុងចំណោមមេដឹកនាំគណបក្ស UMNO ផ្សេងទៀតបច្ចុប្បន្នជារដ្ឋមន្ត្រីដែនដីសហព័ន្ធដែលគេជឿជាក់ថា ជាមន្ត្រីដែលគេកំណត់គោលដៅចង់ដកតំណែងបានចោទប្រកាន់ «រដ្ឋមន្ត្រី» ម្នាក់ថា ជាមន្ត្រីក្បត់ក្រោយខ្នង ខណៈមន្ត្រីនោះកំពុងបង្កឱ្យមានអ្នកមើលមុខគ្នាមិនចំក្នុងគណបក្ស។
គួរបញ្ជាក់ផងដែរថា លោក Annuar Musa ត្រូវបានគេស្គាល់ថា ជាមន្ត្រីមួយរូបដែលស្ថិតក្នុងចំណោមមេដឹកនាំ គណបក្ស UMNO ផ្សេងទៀត ដែលគាំទ្ររដ្ឋាភិបាល PN ហើយក៏តែងព្យាយាមជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគណបក្សជនជាតិភាគតិច Bersatu ដែរ។ ប៉ុន្តែចុងក្រោយលោកត្រូវបានគេដកចេញពីតំណែងដោយឱ្យលោកកាន់តំណែងត្រឹមជាអគ្គលេខាធិការគណបក្ស UMNO វិញ៕