ក្រុង​បាងកក៖ ​គណៈ​រដ្ឋមន្ត្រី​ថៃ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​គាំទ្រ​សំណើ​មួយ​ឱ្យ​បើក​ប្រជុំ​សភា​ពិសេស​ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​នយោបាយ​ដែល​បាន​កើត​ចេញ​ពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​។​

រដ្ឋមន្ត្រី​ប្រចាំ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ គឺ​លោក​ អានូ-ឆាណាកាសៃ​ បាន​ប្រកាស​ថា ​សភា​ និង​ព្រឹទ្ធសភា​ នឹង​បើក​កិច្ច​ប្រជុំ​រយៈពេល ​២ ​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ​២៦​ ខែ​តុលា​។ ​សំណើ​នោះ​ត្រូវ​ការ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​។​

លោក​ឧបនាយក​រដ្ឋមន្ត្រី ​វីស្សនុ ​គ្រឿង៉ាម ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ព្រះរាជ​ក្រឹត្យ​មួយ​ត្រូវ​បាន​ចេញ​រួច​រាល់​សម្រាប់​កិច្ច​ប្រជុំ​សភា​ធម្មតា​មួយ​ ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី ​១ ​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បាន​អនុញ្ញាត​ឱ្យ​គណៈ​រដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​អនុម័ត​ឱ្យ​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​។​

ព្រះរាជក្រឹត្យ​ ក៏​អាច​ត្រូវ​បាន​ឲ្យ​បន្ត​បើក​កិច្ច​ប្រជុំ​ឡើង​វិញ​ ប្រសិន​បើ​សមាជិក​សភា​ចំនួន ​១ ​ភាគ ​៣​ មក​ពី​ស្ថាប័ន​ទាំង ​២​ បាន​គាំទ្រ​ញត្តិ​មួយ​ឱ្យ​រៀប​ចំ បើក​កិច្ចប្រជុំ​ពិសេស​នៅ​ក្នុង​សភា​។​

ការ​តវ៉ា​ជា​ច្រើន​​ បាន​អំពាវនាវ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ​ចាន​-អូ​ចា ​ចុះ​ចេញ​ពី​តំណែង​ ហើយ​ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ឆាប់​រហ័ស​នៅ​ទូ​ទាំង​ប្រទេស​ ចាប់​តាំង​ពី​ក្រុម​មេ​ដឹកនាំ​និស្សិត​ និង​សកម្មជន​មួយ​ចំនួន​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​រថយន្ត​បាញ់​ទឹក​ជា​ច្រើន​គ្រឿង​ ត្រូវ​បាន​គេ​ប្រើប្រាស់​ ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក​ កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុម​ស្រឡាញ់​ថៃ ​(Loyal ​Thai) ​គាំទ្រ​របប​រាជាធិបតេយ្យ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​អតីត​សមាជិក​សភា​ប្រជាធិបតេយ្យ​ គឺ​លោក ​វ៉ារ៉ុង​ ឌីគីតវីក្រម​ បាន​រិះគន់​ប្រឆាំង​យ៉ាង​ខ្លាំង ​ចំពោះ​កិច្ច​ប្រជុំ​សភា​ពិសេស​នោះ​។​

លោក ​វ៉ារ៉ុង​ ឌីគីតវីក្រម ​បាន​ថ្លែង​ថា ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​មិន​មាន​បំណង​ដោះ​ស្រាយ​បញ្ហា​នយោបាយ​នោះ​ទេ​ ហើយ​ជា​ការ​ពិត​ណាស់​ ពួក​គេ​បាន​​ចាប់​អារម្មណ៍​​យ៉ាង​សំខាន់​​​ទៅ​លើ​​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​។​

លោក ​វ៉ារ៉ុង​ ឌីគីតវីក្រម​ បាន​ថ្លែង​ទៀត​ថា​ អ្នក​នយោបាយ​ខ្លះ​ បាន​ទទួល​ផល​ប្រយោជន៍​ពី​ស្ថានការណ៍​នោះ​ ដើម្បី​អំពាវនាវ​ឱ្យ​បើក​កិច្ច​ប្រជុំ​សភា​ពិសេស​ ស្ថិត​នៅ​ក្រោម​លេស​មួយ​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នោះ​ ប៉ុន្តែ​ការ​ពិត​ទៅ​ គឺ​ពួក​គេ​ចង់​កេង​ចំណេញ​ ឱ្យ​សភា​បង្កើត​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​ និង​ការ​ធ្វើ​បាតុកម្ម​ដោយ​​ស្រប​ច្បាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នោះ​។​

ចលនា​យុវជន​សេរី ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ថា៖​ «​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​»​ ដែល​បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គឺ​«មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​»​។​

សារ​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​ថា ​«​ចូរ​យើង​ធ្វើ​បាតុកម្ម​ពេញ ​១ ថ្ងៃ​»។

សម្រាប់​រយៈពេល​ ​១ ​សប្តាហ៍​វិញ​ ​យើង​បាន​ប្រយុទ្ធ​ជាមួយ​គ្នា​យ៉ាង​អង់​អាច​ក្លាហាន​ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ ​ មិន​បាន​ដឹង​ច្បាស់​ថា​​​របប​សក្តិ​ភូមិ​និយម​ប្រហែល​ជា​នឹង​អាច​ត្រូវ​ដួល​រលំ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ឬ​យ៉ាង​ណា​ទេ?​​»​​។

«ចាប់​តាំង​ពី​ពួក​គេ​ មិន​បាន​អើពើ​ជាមួយ​ការ​អំពាវនាវ​របស់​ពួក​យើង​មក​នោះ​ ពួក​គេ​បាន​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រកាស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​យ៉ាង​អន្ទះសា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​»​។​

គណបក្ស​ប្រឆាំង​ភឿថៃ​ បាន​ស្នើ​ឱ្យ​តុលាការ​ស៊ីវិល​ ចាត់​ទុក​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ​ចាន​-អូ​ចា​ ដែល​បាន​ប្រើប្រាស់​ច្បាប់​គ្រា​អាសន្ន​ និង​ការ​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​នៅ​ក្នុង​ទីក្រុង​បាងកក ​ជា​មោឃៈ​ ដោយ​បាន​និយាយ​ថា​ ច្បាប់​នោះ​ពិត​ជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​។​

តុលាការ​ស៊ីវិល​ នឹង​អនុវត្ត​ច្បាប់​របស់​ខ្លួន​ស្តីពី​បញ្ហា​នោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ​ ចាន​-អូ​ចា​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល ​១ ​ខែ​ កាល​ពី​ថ្ងៃទី ​១៥​ ខែ​តុលា ​ថ្មីៗ​នេះ​។​

នេះ​គឺ​ជា​ការ​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស​ចាប់​ពី ​៥ ​នាក់​ ឬ​ច្រើន​ជាង​នេះ​ ហើយ​សារព័ត៌មាន​បាន​រាយការណ៍​ថា​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ និង​​​​រំលោភ​​បំពាន​​សិទ្ធិ​ជួប​ជុំ​បញ្ចេញ​​មតិយោបល់​របស់​ពលរដ្ឋ៕ BKP/SK