គិលានុបដ្ឋាក ​១ ​រូប នៅ​រដ្ឋ ​California ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ ១៩​ មួយ​សប្ដាហ៍​បន្ទាប់​ពី លោក​ទទួល​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer/BioNTech តែ​អ្នក​ជំនាញ ​និង​ក្រុមហ៊ុន​ឱសថ​នេះ​បាន​និយាយ​ថា ​​រាងកាយ​ត្រូវ​ការ​ពេលវេលា​ដើម្បី​បង្កើត​ភាពស៊ាំ។

កាល​ពី​ថ្ងៃ​អង្គារ​ទី ​២៩ ​KG-TV​ ដែល​ជា​សាខា​របស់​ទូរទស្សន៍ ​ABC ​នៅ​រដ្ឋ​ California ​បាន​រាយការណ៍​ថា ​លោក ​Matthew W. ដែល​ជា​គិលានុបដ្ឋាក​អាយុ ​៤៥ ឆ្នាំ​នៅ​ទីក្រុង San Diego ​បាន​ទទួល​វ៉ាក់សាំង​នៅ​ថ្ងៃទី ​១៨ ​ខែ​ធ្នូ ​ដោយ​បាន​និយាយ​ថា ​ផល​ប៉ះពាល់​នៃ​​វ៉ាក់សាំង​តែ​មួយ​គត់​​ដែល​លោក​បាន​ជួប​ប្រទះ ​គឺ​ការ​​ចុកដៃ។

៦ ថ្ងៃ ​ក្រោយ​មក​លោក​ Matthew ​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​មាន​រោគសញ្ញា ​គ្រុនញាក់ ​ឈឺសាច់​ដុំ​ និង​អស់​កម្លាំង ​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ ​១ វេន​ក្នុង​ផ្នែក​ជំងឺ​កូវីដ ​១៩ ​នៃ​មន្ទីរពេទ្យ។ ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា ​លោក ​Matthew​ គឺ​វិជ្ជមាន​ជំងឺ​កូវីដ ​១៩។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ក្រុមហ៊ុន​ Pfizer បាន​និយាយ​ថា​ ពួក​គេ​នឹង​ពិនិត្យ​មើល​រាល់​ព័ត៌មាន​ដែល​មាន​លើ​ករណី​នេះ​ និង​រាល់​ការ​រាយការណ៍​ការ​រក​ឃើញ​​ករណី​តេស្ត​វិជ្ជមាន​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង។

Pfizer ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «ដោយ​ផ្អែក​លើ​ការ​សិក្សា​​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​ដំណាក់កាល​ទី ៣ ​របស់​យើង ​វ៉ាក់សាំង​នេះ​ផ្ដល់​ភាព​ស៊ាំ​ខ្លះ ​ក្នុង​រយៈពេល​ប្រហែល ​១០ ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់​លើក​ដំបូង​ ហើយ​ភាពស៊ាំ​នឹង​ត្រូវ​បាន​បង្កើន​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​ចាក់​លើក​ទី២។​ នេះ​គឺ​ជា​ការ​គាំទ្រ​ដល់​តម្រូវ​ការ​សម្រាប់​ការ​​ចាក់​វ៉ាក់សាំង​ ២ ​ដូស»។

Pfizer បាន​បន្ត​ទៀត​ថា ​ការ​ធ្វើ​តេស្តវិជ្ជ​មាន​​អាច​ដោយសារ ​«បុគ្គលម្នាក់​ៗ​អាច​ឆ្លង​ជំងឺ​មុន​ឬ​ភ្លាមៗ​ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច​»។

លោក​វេជ្ជបណ្ឌិត ​Christian Ramers ​ដែល​ជា​អ្នក​ឯកទេស​ជំងឺ​ឆ្លង​នៅ​ទីក្រុង​ San Diego ​បាន​ប្រាប់ ​KGTV ​ថា​ សេណារីយោ​នេះ​ គឺ​មិនមែន​ជា​សេណារីយោ​មិន​បាន​រំពឹង​ទុក​មុន​ទេ ដោយ​​លោក​លើក​ឡើង​ថា ​ទិន្នន័យ​ការ​សាកល្បង​បង្ហាញ​ថា ​នេះ​ជា​អ្វី​ដែល​គេ​គិត​ថា​ នឹង​កើត​​ឡើង​បើ​សិន​មាន​អ្នក​ប៉ះពាល់​នឹង​ជំងឺ​។

«យើង​ដឹង​ពី​ការ​សាកល្បង​វ៉ាក់សាំង​ថា ​ត្រូវ​ចំណាយ​ពេល​ប្រហែល ​១០ ទៅ ១៤​ ថ្ងៃ​សម្រាប់​អ្នក ​ដើម្បី​ចាប់​ផ្ដើម​បង្កើត​ការ​ការពារ»។​ លោក Ramers​ បាន​និយាយ​បែប នេះ ​ហើយ​បាន​បន្ត​ទៀត​ថា៖ «យើង​គិត​ថា ​ដូស​ទី១ នឹង​ផ្ដល់​ការ​ការពារ​ដល់​អ្នក​ប្រមាណ ​៥០% ​ហើយ​អ្នក​ត្រូវ​ការ​ដូស​ទី២ ​ដើម្បី​ឈាន​ដល់​កម្រិត​ការពារ​ ៩៥%»។

វេជ្ជ​បណ្ឌិត​រូប​នេះ​ ក៏​បាន​លើក​ឡើង​ថា​លោក Matthew ​បាន​ឆ្លង​មុន​ពេល​ចាក់​វ៉ាក់សាំង ​ដោយសារ​កូវីដ ១៩ ​អាច​ចំណាយ​ពេល​រហូត​ដល់ ១៤ ថ្ងៃ​ទើប​ចេញ​រោគសញ្ញា។

លោក ​Rammers បាន​និយាយ​ថា​ លោក​បាន​ដឹង​អំពី​ករណី​ផ្សេង​ទៀត​ក្នុង​តំបន់​ដែល​បុគ្គលិក​សុខាភិបាល​បាន​ឆ្លង​មេរោគ​នៅ​ក្នុង​អំឡុង ពេល​ដែល​ពួក​គេ​បាន​ទទួល​វ៉ាក់សាំង​នេះ។ លោក​និយាយ​ថា ​គ្រប់​ករណី​ទាំង​អស់​បង្ហាញ​ពី​ការ​ពិត​ដែល​ថា ​លទ្ធផល​គឺ​មិន​មាន​ភ្លាមៗ​ទេ ​ហើយ​បើ​ទោះបី​ជា​មាន​ភាពស៊ាំ​ខ្លះ​ក៏​​ដោយ​ ក៏​មិនមែន​មាន​ភាព​ស៊ាំ​ពេញ​លេញ​នោះ​ទេ​។

ព្រឹត្តិការណ៍​នេះ​ បាន​កើត​ឡើង​ខណៈ​ពេល​ដែល​វ៉ាក់សាំង​​ចំនួន ២ ​ត្រូវ​បាន​អនុញ្ញា​តឱ្យ​​ប្រើប្រាស់​នៅ​ចក្រភព​អង់គ្លេស ​និង​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​ពុធ ​ទី៣០​ ចក្រភព​អង់គ្លេស​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ AstraZeneca/Oxford ​ក្នុង​គ្រាអាសន្ន។ ​វ៉ាក់សាំង ​AstraZeneca/Oxford គឺ​មាន​តម្លៃ​ថោក​ជាង​គេ ​ងាយ​ស្រួល​ផលិត ​និង​ងាយ​ស្រួល​ស្តុក​ទុក ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ប្រើប្រាស់​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក។

ទិន្នន័យ​បឋម​បាន​បង្ហាញ​ថា ​វ៉ាក់សាំង​នេះ ​មាន​ប្រសិទ្ធភាព​ត្រឹមតែ ​៦២% ប៉ុណ្ណោះ​ប៉ុន្តែ​ក្រោយ​មក​បាន​រក​ឃើញ​ថា​មាន​​ប្រសិទ្ធភាព​ ៩០% ​ក្នុង​ជន​​ស្ម័គ្រ​ចិត្ត​ដែល​គេ​ច្រឡំ​ផ្ដល់​វ៉ាក់សាំង​ត្រឹម​តែ​ពាក់​កណ្ដាល​ដូស​ក្នុង​ការ​ចាក់​ទី ១​ និង​ដូស​ពេញ​ក្នុង​ការ​ចាក់​ទី២។ កំហុស​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​មិន​ទុក​​ចិត្ត​នៅ​ប្រទេស​ផ្សេង។ ​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ថា​ ពួក​គេ​ទំនង​ជា​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ​រហូតដល់​យ៉ាង​ហោច​ណាស់​ខែ​កុម្ភៈ ឆ្នាំ ​២០២១។

ក្នុង​ការ​ប្រកាស​ដដែល​រដ្ឋាភិបាល​ចក្រភពអង់​គ្លេស​ក៏​បាន​​​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​មក​ធ្វើ​ការ​​ចាក់​វ៉ាក់សាំង​ដូសទី១​ឱ្យ​មនុស្ស​​ឱ្យ​ច្រើន​បំផុត​ជា​ជាង​រក្សា​ទុក​វ៉ាក់​សាំង​សម្រាប់​ការ​ចាក់​ដូស​ទី២ ដើម្បី​បង្កើន​ចំនួន​មនុស្ស​​ដែល​ទទួល​បាន​វ៉ាក់សាំង។

រីឯ​ប្រទេស​ចិន វិញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ៣១ បាន​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន ​Sinopharm/Beijing Institute of Biological Products​ ដោយ​សន្និដ្ឋាន​ថា ​វ៉ាក់សាំង​នេះ ​មាន​ប្រសិទ្ធភាព ​៧៩% ​ក្នុង​ការ​សាកល្បង​ដំណាក់​កាលទី ៣ ​របស់​ពួក​គេ។ អត្រា​ប្រសិទ្ធភាព​នេះ ​គឺ​ខុស​ពី​អត្រា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដដែល​នៅ​ប្រទេស​អារ៉ាប់រួម ​ដែល​កាល​ពី​ដើម​ខែ​ធ្នូ ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​វ៉ាក់​សាំង​នេះ ​ក្រោយ​ពី​បាន​សន្និដ្ឋាន​ថា ​មាន​ប្រសិទ្ធភាព ​៨៦%។​ មួយ​វិញ​ទៀត​​ Sinopharm មិន​បាន​បញ្ចេញ​ទិន្នន័យ​អំពី​ចំនួន​អ្នក​សាកល្បង ​ឬ​ផ្តល់ព័ត៌​មាន​លម្អិត​​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណា​មួយទេ​។

យ៉ាង​ណាមិញ​បើទោះ​បី​ជា​រដ្ឋាភិបាល​ចិន​ ទើប​ធ្វើការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក៏ដោយ ​ក៏​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​បាន​ធ្វើ​ការ​ចាក់​វ៉ាក់សាំងនេះ​ជូន​ប្រជាជន​អស់ជា​ច្រើន​ខែមក​ហើយ ដែល​អ្នកវិភាគ​មួយ​ចំនួន​គិតថា​ ជា​អំពើ​មិន-​ទទួល​ខុសត្រូវ​៕