ក្រុងប៉េកាំងៈ លោក គីម ជុងអ៊ុន បានប្រកាសចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្មានដែនកំណត់របស់កូរ៉េខាងជើង ជាមួយក្រុងប៉េកាំង នៅក្នុងអំឡុងទស្សនកិច្ចលើកទី៣របស់លោកទៅកាន់ប្រទេសចិននាឆ្នាំនេះ ដែលជាការបង្ហាញភាពស្មោះត្រង់ចំពោះភាពសម្ព័ន្ធមិត្តសំខាន់របស់លោក បន្ទាប់ពីជំនួបកំពូលជាប្រវត្តិសាស្ត្រ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
ទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលត្រូវចប់នៅថ្ងៃពុធនេះ ត្រូវបានធ្វើឡើង ដើម្បីធានាចំពោះក្រុងប៉េកាំងថាក្រុងព្យុងយ៉ាង នឹងមិនបោះបង់ផលប្រយោជន៍របស់ខ្លួនខណៈលោកត្រាំ និងអ្នកប្រើអំណាចផ្តាច់ការវ័យក្មេង កំពុងដើរចូលក្នុងភូមិសាស្ត្រការទូតថ្មីនេះ។
ការបំពេញមុខងារនេះ គឺជាផ្នែកនៃសកម្មភាពប្រកបដោយតុល្យភាពមួយសម្រាប់លោកគីម ជុងអ៊ុន ដែលក្រុមអ្នកវិភាគនិយាយថា កំពុងប្រឹងប្រែងទាញយកផលប្រយោជន៍ពីអាមេរិក និងចិន ខណៈរក្សាការទំនាក់ទំនងល្អជាមួយក្រុងប៉េកាំង ជាអ្នកជួយទ្រទ្រង់សេដ្ឋកិច្ច និងជាអ្នកគាំទ្រការទូតរបស់លោក។
ចិន និងអាមេរិកសង្ឃឹមថា នឹងឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែក្រុងប៉េកាំង ព្រួយបារម្ភថាក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ប្រហែលជាធ្វើដើម្បីផលប្រយោជន៍របស់ពួកគេ ជាលទ្ធភាពមួយ ដែលចិនមើលឃើញថា ជាការគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ខ្លួន និងផលប្រយោជន៍សន្តិសុខក្នុងតំបន់៕ PSA