ក្រុងម៉ិកស៊ីកូ: រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Alfonso Navarrete បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ជន​ល្មើស​ដែល​គេ​ចោទ​ប្រកាន់​ថា​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​អ្នក​កាសែត​ម៉ិកស៊ិក​ឈ្មោះ Javier Valdez អ្នក​សហការ​ឆ្លើយ​ឆ្លង​សារ​ព័ត៌មាន AFP រយៈ​ពេល​យូរ ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៧ កំពុង​ស្ថិត​នៅ​ក្នុងការ​ចាប់​ឃុំ​ខ្លួន​ពី​ក្រុម​អាជ្ញាធរ​ប៉ូលិស។

លោក Navarrete បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ធ្វី​ធើរ​ថា៖ «២ ឬ ៣ ខែ​កន្លងទៅ (ក្រុម​ប៉ូលិស​និង​ក្រុម​រដ្ឋអាជ្ញា) បាន​ចាប់​ឃុំ​ខ្លួន​ក្រុម​ជន​អ្នកបង្ក​ឃាតកម្ម ដែល​តាម​ការ​ចោទ​ប្រកាន់​លើ រូប​អ្នក​កាសែត​ឈ្មោះ Javier Valdez ដែល​បាន​ស្លាប់​យ៉ាង​អកុសល​កាល​ពី​ឆ្នាំ​ទៅ​នៅ​ក្នុង​រដ្ឋ Sinaloa។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ពួកគេ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ឡើយ។ លោក Valdez គឺជា​អ្នក​កាសែត​ទទួល​បាន​ពាន​រង្វាន់​ដែល​បាន​ព្យាយាម​តាម​ដាន​និង​ផ្សព្វផ្សាយ​អំពី​ក្រុម​សង្គម​ឈ្មួញ​គ្រឿង​ញៀន​ដ៏​មាន​អំណាច​ខ្លាំង​នៅ​ក្នុង​ទឹកដី​ម៉ិកស៊ិក ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​កាសែត Riodoce ជា​កាសែត​មួយ ដែល​លោក​រួម​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង Culiacan ជា​រដ្ឋធានី​របស់​រដ្ឋ Sinaloa ជា​ស្រុក​កំណើត​របស់​លោក។ លោក​មាន​អាយុ ៥០ ឆ្នាំ ខណៈ​ត្រូវ​បាន​គេ​ធ្វើ​ឃាត។

លោក គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកសរសេរ​និពន្ធ​ដ៏​ល្បីល្បាញ​បំផុត​អំពី​សង្គ្រាម​គ្រឿង ញៀន​ដ៏​សាហាវ​នៅ​ម៉ិកស៊ិក​នៅ​ក្នុង​រដ្ឋ​មួយ​ជាទី​ដែល​បុរស​ម្នាក់​ឈ្មោះ Joaquin “El Chapo” Guzman ដែល​ពេល​នេះ​កំពុង​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​ធ្លាប់​បាន​គ្រប់គ្រង​អំណាច។

កាលពី​ឆ្នាំ ២០១១ គណៈកម្មាធិការ​ការពារ​អ្នកកាសែត (CPJ) មាន​មូលដ្ឋាន​ក្នុង​បុរី​ញូវយ៉ក បាន​ផ្តល់​កិត្តិយស​ដល់​លោក Valdez ចំពោះ​កិច្ចការ​របស់​លោក ជាមួយ​ពាន​រង្វាន់​សេរីភាព​បញ្ចេញ​មតិ (FEA) ដ៏ប្រកប​ដោយ​កិត្យានុភាព។ លោក​ស្ថិត​ក្នុង​ចំណោម​អ្នក​កាសែត ១១ នាក់​ដែល​ត្រូវគេ​ធ្វើឃាត៕