The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចក្រភពអង់​គ្លេស​សម្តែ​ង​កង្វល់យ៉ា​ងខ្លាំង ​ជុំវិញ​សកម្មភាព​​រុស្ស៊ី​នៅ​ព្រំដែន​ប្រទេស​អ៊ុ​យក្រែន




ចក្រភពអង់​គ្លេស​សម្តែ​ង​កង្វល់យ៉ា​ងខ្លាំង ​ជុំវិញ​សកម្មភាព​​រុស្ស៊ី​នៅ​ព្រំដែន​ប្រទេស​អ៊ុ​យក្រែន

Content image - Phnom Penh Post
លោក​នាយករដ្ឋមន្ត្រី បូរីស ចនសុន ​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​នៅ ក្នុងសភា​ Downing Street កាល ពី ថ្ងៃទី​ ៥ មេសា។ AFP

ចក្រភពអង់​គ្លេស​សម្តែ​ង​កង្វល់យ៉ា​ងខ្លាំង ​ជុំវិញ​សកម្មភាព​​រុស្ស៊ី​នៅ​ព្រំដែន​ប្រទេស​អ៊ុ​យក្រែន

លោកនា​យករដ្ឋមន្ត្រី​អង់គ្លេស​ បូរីស ​ចនសុន​ កាលពី​ថ្ងៃចន្ទ ​បាន​និយាយ​ថា ​ចក្រភព​អង់គ្លេស​មាន​កង្វល់​យ៉ាង​ខ្លាំង​ ជុំ​វិញសកម្មភាព​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ប្រជុំ​កោះ​គ្រីមា​ និង​នៅ​ព្រំដែន​អ៊ុយក្រែន​។​

ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ នៅ​ក្នុង​អំឡុង​ការ​សន្ទនា​តាម​ទូរស័​ព្ទ​ទៅកាន់​លោក​ប្រធានា​ធិបតី​អ៊ុយក្រែន​ Volodymyr Zelensky លោក​ចនសុន​ បាន​បញ្ជាក់​អះអាង​ពី​ការ​គាំទ្រ​មិនងាករេ​របស់​លោក​ចំពោះ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។ ​

សេចក្តី​ថ្លែងការណ៍ដដែលនោះ បាន​ឱ្យដឹង​ទៀត​ថា លោក​បាន​សម្តែ​ង​សាមគ្គីភាព​​ជាមួយ​​រដ្ឋាភិបាល របស់លោក​ប្រធានាធិបតី​ Zelensky នៅ​ក្នុង​ការ​ប្រឆាំង​នឹងសកម្មភាព​បង្ក​អស្ថិរភាព​ និង​​​សរសើរដ​ល់វិធី​សាស្ត្រ របស់​អ៊ុយ​ក្រែន​​​​​ក្នុង​កា​រដោះស្រាយស្ថា​នការណ៍នេះ ​​ដោយ​បាន​និយាយ​​ថា ​​ចក្រភព​អង់គ្លសនឹ​ង​ធ្វើការ​ដើម្បី​​​ធានា​ថា ​មិន​មាន​​ភាព​តាន​តឹង​កើន​ឡើងតទៅ​ទៀត​ទេ​។

នៅ​លើ​ធ្វីធើរ​ក្រោយ​ពី​សន្ទនា​រួមមក ​លោក​ Zelensky​ បាន​អរគុណ​លោក​ ចនសុន ​ចំពោះការ​គាំទ្រ​របស់​លោក​និង​បាន​និយាយ​ថា ​ប្រទេស​អ៊ុយក្រែន​ មិន​ឯកោ​ទេ ​ហើយ​ត្រូវ​បាន «​គាំទ្រ​ដោយ​បណ្តា​ប្រទេស​G7»​ ដោយ​បាន​និយាយ​យោង​ដល់​ក្រុម​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​។​​

ការ​សន្ទនា​រវាង​មេដឹកនាំ​អង់គ្លេស​ និង​អ៊ុយក្រែន​ បាន​កើត​ឡើង​ បន្ទាប់​ពី​សារសាមគ្គីភាព​ពី​អាមេរិក​ និង​សហភាព​អឺរ៉ុប ​ក្រោយ​ពី​ទីក្រុង​គៀវ​កាល​ពី​សប្តាហ៍មុន​ បាន​ចោទ​ទីក្រុងម៉ូស្គូ​ថា ​បាន​ប្រមូល​ផ្តុំ​បុគ្គលិក​យោធា​រាប់ពាន់​នាក់​ទៅ​ព្រំដែន​ខាងជើង ​និង​ខាង​លិច​របស់ខ្លួន ​និង​នៅ​លើ​ឧបទ្វីប​គ្រីមា​ ដែល​ទីក្រុង​ម៉ូស្គូ​ដាក់​ជាឧប​សម្ព័ន្ធនៅ​ក្នុង​ឆ្នាំ​ ២០១៤​។

ប្រមុខ​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​សន្យា​ផ្តល់ការ​គាំទ្រ​ឥត​ងាករេ​របស់​ប្លុក​នេះ​ ចំពោះ​ទីក្រុង​គៀវ។

លោក​ប្រធានា​ធិបតី​អាមេរិក ​ចូ ​បៃដិន ​នៅ​ក្នុង​ការ​សន្ទនា​លើក​ដំបូង​ជា​មួយ​លោក​ Zelensky ​បាន​បញ្ជាក់​អះអាង​ពី​ការ​គាំទ្រ​របស់​ទី​ក្រុង​វ៉ាស៊ីនតោន​ ចំពោះ​​អធិបតេយ្យភាព ​និង​បូរណ​ភាពទឹកដី​របស់​ប្រទេស​អ៊ុយក្រែន​ ក្នុង​ការ​ប្រឆាំង​នឹង​ការបន្ត​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​។ ​​

ចំណែក​កងកម្លាំង​អាមេរិក​នៅ​អឺរ៉ុប ​បាន​បង្ហាញ​ជំហរ​ត្រៀម​ជា​និច្ចក្នុង​ការ​ឆ្លើយតប​ទៅនឹង «ការ​កើន​ឡើងនៃការ​ឈ្លានពាន​ថ្មីៗ​របស់រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ភាគខាងកើត​»។ ​

ប្រ​ទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃចន្ទ ​បាន​បដិសេធ​របាយការណ៍​ដែល​ថា​ កង​កម្លាំង​របស់ខ្លួន​បាន​សម្លាប់​ក្មេង​ ៥ ​ឆ្នាំ​ម្នាក់​នៅ​ក្នុងការ​វាយ​ប្រហារទៅលើ​ក្រុមបំបែកខ្លួន​​គាំទ្រ​ទីក្រុងម៉ូស្គូ ​ក្រោយពី​ប្រទេសរុស្ស៊ី​ បាន​និយាយ​ថា​ ខ្លួន​នឹង​បើកការ​ស៊ើបអង្កេត។

ក្រសួងការពារជាតិ​អ៊ុយក្រែន​បាន​ប្រាប់សារព័ត៌មាន​ AFP នៅ​ក្នុង​ការ​អធិប្បាយ​ជា​លាយ​លក្ខណ៍អក្សរ​​ថា៖ «នេះ​គឺជា​កិច្ចប្រតិបតិ្តការ​មិនសមរម្យ ​មើល​ឃើញ​តែ​អាក្រក់​ គួរ​ឱ្យ​ស្អប់ខ្ពើម និង​មិន​គួរ​ឱ្យ​ជឿ​ ដោយ​បាន​ចាត់​ទុក្ខ​របាយកាណ៍នោះថាជា ​ព័ត៌មាន​ក្លែងក្លាយ​»។

អាជ្ញាធរ​បំបែក​ខ្លួនកាលពីចុ​ងសប្តា​ហ៍​ បាន​ចោទ​ប្រកាន់​កង​កម្លាំង​អ៊ុយក្រែន​ថា​ បាន​សម្លាប់ក្មេងនោះ​ និង​ធ្វើ​ឱ្យ​ស្ត្រីម្នាក់រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​។

សភា​អង់គ្លេស​បានឱ្យ​ដឹង​ថា​ ចក្រភព​អង់គ្លេស​ដែល​បាន​កាន់តំណែង​ប្រធាន​ G7 កាល​ពី​ដើម​ឆ្នាំនេះ​ បាន​យល់ព្រម​បន្ត​កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​បេសកកម្ម​បណ្តុះបណ្តាល​មួយ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «Operation Orbital»​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ​២០១៥ ​បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​ដាក់​ឧប​ទ្វីបគ្រីមា​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន៕

អត្ថបទគួរចាប់អារម្មណ៍