រដ្ឋាភិបាល​ចិន​បាន​កាត់​ទោស​ប្រហារ​ជីវិត​អតីត​មន្ត្រី​រដ្ឋាភិបាល​អ៊ុយហ្គ័រ ២ រូប​នៅ​ស៊ីនជាំង​ពី​បទ «អនុវត្ត​សកម្មភាព​បំបែក​ប្រទេស» ខណៈ​ក្រុង​ប៉េកាំង​ កំពុង​ទទួលរង​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​នានា​ទាក់ទិន​នឹង​បញ្ហា​ក្រុម​ជនជាតិ​ភាគតិច​នៅ​ក្នុង​តំបន់​នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ស៊ីនជាំង​បាន​ឱ្យ​ដឹង​ថា​ លោក Shirzat Bawudun អតីត​ប្រធាន​មន្ទីរ​យុត្តិធម៌​ស៊ីនជាំង ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ «អនុវត្ត​សកម្មភាព​បំបែក​ប្រទេស» ហើយ​នឹង​ត្រូវ​អនុវត្ត​ទោស​ក្នុង​កំឡុង​ពេល ២ ឆ្នាំ។

ដោយ​ឡែក​មេដឹកនាំ​ម្នាក់​ទៀត ដែល​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​លើ​ករណី​ដូចគ្នា ​និង​បន្ថែម​ករណី​ទទួល​សំណូក​ផង​ដែរ គឺ​លោក Sattar Sawut អតីត​ប្រធាន​មន្ទីរអប់រំ​ស៊ីនជាំង និង​ជា​អតីត​ប្រធាន​ក្រុម​ឈាន​មុខ​គេ​ក្នុង​តំបន់​ស្តីពី​កំណែ​ទម្រង់​កម្មវិធី​សិក្សា​មូលដ្ឋាន។

ប្រភព​ដដែល​បាន​បន្ត​ថា មន្ត្រី​ទាំង ២ បាន​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ស្ដីអំពី​ការ​រើសអើង​ជនជាតិ​ភាគតិច​អំពើ​ហិង្សា​អំពើ​ភេរវកម្ម និង​មាតិកា​ជ្រុល​និយម​ខាង​សាសនា​មួយ​ចំនួន​ចូល​ទៅ​ក្នុង​សៀវភៅ​ពុម្ព។

លោក Wang Langtao អនុប្រធាន​តុលាការ​ជាន់​ខ្ពស់​ប្រជាជន​តំបន់​ស៊ីនជាំង​បាន​ឱ្យ​ដឹង​ថា សៀវភៅ​ទាំង​នេះ ត្រូវ​បាន​ប្រើប្រាស់​អស់​រយៈពេល ១៣ ឆ្នាំ​មក​ហើយ។ វា​បាន​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Sawut ត្រូវ​បាន​គេ​រក​ឃើញ​ថា ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំង​នេះ ប៉ុន្តែ​លោក​មិន​បាន​ប្តឹង​ឧទ្ធរណ៍ ដើម្បី​ប្រឆាំង​នឹង​សាលក្រម​នោះ​ទេ។ តុលាការ​បាន​រក​ឃើញ​ថា លោក​ Sawut បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ចងក្រង និង​បោះពុម្ព​សៀវភៅ​សិក្សា​ភាសា​សម្រាប់​សាលាបឋម និង​មធ្យម​សិក្សា ដោយ​បញ្ចូល​នូវ​ខ្លឹមសារ «បំបែក​ប្រទេស» តាំង​ពី​ឆ្នាំ ២០០២ មក។

ការ​ស៊ើបអង្កេត​ក៏​បាន​រក​ឃើញ​ថា មាន​ឯកសារ​ចំនួន ​៨៤ ច្បាប់ ​បាន​បញ្ចូល​ខ្លឹមសារ​អប់រំ​ស្ដីអំពី​ការ​រើសអើង​ជនជាតិ​ភាគតិច អំពើ​ហិង្សា​ភេរវកម្ម និង​ភាព​ជ្រុល​និយម​សាសនា​នៅ​ក្នុង​សៀវភៅ​សិក្សា​ឆ្នាំ​ចន្លោះ​ពី​ឆ្នាំ ២០០៣ និង ២០០៩។

ក្រោម​ឥទិ្ធពល​នៃ​ខ្លឹមសារ​សៀវភៅ​មនុស្ស​ជាច្រើន​បាន​ចូល​រួម​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ ​Urumqi នៅ​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០០៩ និង​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ និង​ខ្លះ​ទៀត​ក្លាយជា​សមាជិក​សំខាន់​នៃ​ក្រុម​បំបែក​ខ្លួន​ដែល​ដឹកនាំ​ដោយ​អតីត​គ្រូ​បង្រៀន​មហាវិទ្យាល័យ ​Ilham Tohti។

បន្ថែម​ពី​នេះ តុលាការ​ក៏​បាន​និយាយ​ថា លោក Sawut បាន​ឆ្លៀត​ឱកាស​ទទួល​យក​សំណូក​ដែល​មាន​តម្លៃ ២,៣ លាន​ដុល្លារ​ផង​ដែរ។

ដោយ​ឡែក​ចំពោះ​លោក Bawudun អតីត​មន្ត្រី​រដ្ឋាភិបាល​បាន​ឃុបឃិត​ជាមួយ​អង្គការ​ភេរវករ ហើយ​បាន​ធ្វើ​សកម្មភាព​ផ្តាច់​ខ្លួន ដោយ​ប្រើប្រាស់​តំណែង​របស់​ខ្លួន​ជា​ការ​លាក់បាំង។ លោក Bawudun ធ្លាប់​ជា​អតីត​ប្រធានការិយាល័យ​សន្តិសុខ​សាធារណៈ​នៃ​តំបន់ ​Moyu County នៃ Hotan និង ជា​អតីត​ប្រធាន​នាយកដ្ឋាន​យុត្តិធម៌​តំបន់​ស៊ីនជាំង។

តុលាការ​បាន​រក​ឃើញ​ថា លោក ​Bawudun បាន​ឃុបឃិត​ជាមួយ​ចលនា​អ៊ិស្លាម​តួកគី​ខាង​កើត (ETIM) ដែល​ជា​​ក្រុម​ភេរវករ​ស្ថិត​ក្នុង​បញ្ជី​របស់​អង្គការ​សហប្រជាជាតិ និង​បាន​ផ្តល់​ជំនួយ​ដល់​ក្រុម​បំបែក​ខ្លួន និង​ក្រុម​ជ្រុល​និយម​សាសនា​ក៏​ដូចជា​បាន​សហការ​ជាមួយ​កងកម្លាំង​បំបែក​ខ្លួន​នៅ​បរទេស​ផង​ដែរ។

គួរ​រំឭក​ផង​ដែរ​ថា ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន ​បាន​ចេញ​របាយការណ៍ ​និង​បទ​អត្ថាធិប្បាយ​ជា​ច្រើន​ថ្កោលទោស​ក្រុមហ៊ុន​បរទេស ស្ដី​អំពី​បញ្ហា​រំលោភ​កម្លាំង​ពលកម្ម​កប្បាស​នៅ​ស៊ីនជាំង។ ទីក្រុង​ប៉េកាំង ​ថ្កោល​ទោស​ប្រឆាំង​នឹង​អ្នក​សិក្សា និង​បណ្តាញ​សារព័ត៌មាន​នៅ​បរទេស​ណា ដែល​រិះគន់​គោល​នយោបាយ​ស៊ីនជាំង​របស់​ខ្លួន​ផង​ដែរ៕