កាលពីថ្ងៃសុក្រ ទី១៣ ប្រទេសចិន បានអបអរសាទរលោក Joe Biden ជាផ្លូវការក្នុងការទទួលជ័យជម្នះពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសភាគច្រើនជុំវិញពិភពលោក បានធ្វើការអបអរសាទររួចទៅហើយ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថាសារនៃការគាំទ្រនេះគឺមិនមែនមកពីប្រធានាធិបតីចិនលោក Xi Jinping ដោយផ្ទាល់ដូចកាលពីឆ្នាំ ២០១៦ ទេ តែគឺមកពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang-Wenbin ដោយលោកបាននិយាយថា៖ «យើងគោរពជម្រើសរបស់ប្រជាជនអាមេរិក។ យើងសូមសម្ដែងការអបអរសាទរចំពោះលោក Biden និងលោកស្រី Harris ហើយយើងក៏យល់ផងដែរថា លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនឹងត្រូវបានសម្រេចស្របតាមច្បាប់ និងនីតិវិធីរបស់អាមេរិក»។
ចាប់តាំងពីលោក Trump ឡើងកាន់អំណាចមកទំនាក់ទំនងអាមេរិក-ចិន កាន់តែអាក្រក់ទៅៗជាមួយនឹងសង្គ្រាមពាណិជ្ជកម្មទាក់ទងទំនិញនាំចូល និងការដាក់ទណ្ឌកម្មវិស័យបច្ចេកវិទ្យាចិន។ ចំណុចប៉ះទង្គិចផ្សេងទៀតរួមមានសមុទ្រចិនខាងត្បូង បញ្ហាសិទ្ធិមនុស្សនៅហុងកុង និងស៊ីនជាំងជាដើម។
ទំនាក់ទំនងរវាងចិន-អាមេរិក អាចនឹងនៅតែតានតឹងក្រោមរដ្ឋបាលលោក Biden ដោយសារនៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតលោកបានបង្ហាញថា លោកនឹងរឹតបន្តឹងគោលនយោបាយដាក់សម្ពាធលើចិន និងបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។
ប្រទេសចិន គឺស្ថិតនៅក្នុងចំណោមប្រទេសភាគច្រើនជុំវិញពិភពលោក ដែលបានចូលរួមអបអរសាទរជ័យជម្នះការបោះឆ្នោតរបស់លោក Biden។ បើតាមគេហទំព័រ Axios ចាប់តាំងពីពេលលោក Biden ត្រូវបានប្រកាសថា ទទួលជ័យជម្នះមេដឹកនាំប្រទេសចំនួន ១៥៩ បានអបអរសាទរលោក ឬទទួលស្គាល់ថា លោកបានឈ្នះ។ ក្នុងចំណោមប្រទេសទាំងនេះមានសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកដូចជា កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងជាដើម ហើយក៏រួមមាន ប្រទេសដែលកំពុងមានភាពតានតឹងជាមួយអាមេរិកផងដែរ ដូចជា អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា (ទាំងលោក Nicholas Maduro និងលោក Juan Guaido) ហើយបន្ទាប់មកគឺចិន។
មានប្រទេសចំនួន ៤ ដែលបដិសេធអបអរសាទរលោក Biden ដោយសារពួកគេរង់ចាំដល់នីតិវិធីការបោះឆ្នោតបានបញ្ចប់អស់ ឬដោយសារពួកគេបដិសេធមិនទទួលស្គាល់ការបោះឆ្នោត។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីម៉ិកស៊ិក លោក Lopez Obrador បានបង្ហាញថា ពួកគេគឺរង់ចាំដល់នីតិវិធីបោះឆ្នោតបានបញ្ចប់រួចរាល់ហើយអស់។
រីឯប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា៖ «អ្នកការពារលទ្ធិប្រជាធិបតេយ្យ...ក្រឡេកទៅមើលអ្វីដែលកំពុងកើតឡើងនៅជាមួយការបោះឆ្នោតនេះ។ វាជាការអាម៉ាស់មួយ ហើយជាការចំអកមួយនៃលទ្ធិប្រជាធិបតេយ្យ»។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលមានគោលនយោបាយស្ដាំនិយមស្រដៀងលោក Trump នៅតែហៅលោក Bidenថា ជាបេក្ខជន ហើយអ្នកទាំង ២ នាក់នេះ បានគំរាមគ្នាទៅវិញទៅមក ដោយលោក Biden កាលពីធ្វើយុទ្ធនាការបោះឆ្នោតលោកបាននិយាយថា ប្រទេសប្រេស៊ីល អាចប្រឈមមុខនឹង «ផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ» បើសិនមិនអាចការពារព្រៃអាម៉ាហ្សូន រីឯលោក Bolsonaro ថ្មីៗនេះ បានឆ្លើយតបវិញថា៖ «នៅពេលអស់ទឹកមាត់និយាយ មនុស្សត្រូវមានរំសេវកាំភ្លើង»។
នៅសល់ប្រទេសចំនួន ៣២ ទៀត ដែលមិនទាន់បញ្ចេញជាសាធារណៈថា ទទួលស្គាល់ ឬបដិសេធថា លោក Biden ទទួលបានជ័យជម្នះ។
យ៉ាងណាមិញ មកដល់ពេលនេះ លោក Biden ត្រូវចាប់ផ្ដើមធ្វើដំណើរការផ្ទេរអំណាច ដែលរួមមានការធ្វើទំនាក់ទំនងជាមួយមេដឹកនាំជុំវិញពិភពលោកតាមរយៈក្រសួងការបរទេសអាមេរិក តែរដ្ឋបាលលោក Trump បានបដិសេធមិនឱ្យស្ថាប័នរដ្ឋាភិបាលធ្វើកិច្ចសហប្រតិបត្តិការជាមួយលោក Biden ខណៈពេលដែលប្រធានាធិបតីរូបនេះ នៅមិនទាន់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយបន្តការតវ៉ាដោយមិនមានភ័ស្តុតាងបង្ហាញថា មានការក្លែងបន្លំសន្លឹកឆ្នោត៕