
លោក Mike Pompeo ថ្លែងអំពីប្រទេសចិនប្រឆាំងនឹងសន្តិសុខជាតិអាមេរិក។ AFP
កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានចាត់វិធានការថ្មីប្រឆាំងនឹងការអនុវត្តមិនត្រឹមត្រូវរបស់រដ្ឋាភិបាលបរទេស ដោយដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដែល មានទីតាំងលើទឹកដីបរទេសក្នុងការធ្វើជំនួញជាមួយប្រទេសចិន ទាំងមូលជាពិសេសប្រឆាំងនឹងការរឹតបន្តឹងបន្ថែមថ្មីៗនេះពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
វិធានការថ្មី ឬហៅថា វិធានស្តីពីការប្រឆាំងនឹងការអនុវត្តវិសោធនកម្មក្រៅច្បាប់ដែលមិនសមហេតុផលនៃច្បាប់បរទេស និងវិធានការផ្សេងទៀតសំដៅលើការអនុវត្តចំពោះកាលៈទេសៈណាមួយដែល «ហាមឃាត់ឬដាក់កម្រិតមិនត្រឹមត្រូវ» លើបុគ្គលចិនក្រុមហ៊ុន និងស្ថាប័ននានាពីការធ្វើសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងសកម្មភាពដែលពាក់ព័ន្ធជាមួយភាគីពីប្រទេសទី៣។ វិធានការនេះផងដែរ នឹងត្រូវអនុវត្ត និងមានប្រសិទ្ធភាពចាប់ពីថ្ងៃសៅរ៍ទៅ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិននៅថ្ងៃដដែលនេះ។
ក្រសួងបានឱ្យដឹងថា៖ «វិធានការថ្មីនេះអនុវត្តឡើងក្នុងបំណងការពារផលប្រយោជន៍ជាតិចៀសវាងឬកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សហគ្រាសចិន និងរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិឱ្យនៅជាប្រក្រតីធម្មតា»។
ក្រោមការអនុវត្តវិធានការថ្មីនេះបុគ្គលចិន ឬស្ថាប័ននានាគួរតែរាយការណ៍ទៅក្រសួងក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីអាជីវកម្មរបស់ខ្លួនរងផលប៉ះពាល់ដោយច្បាប់អនុលោមភាពបរទេស។ បន្ទាប់មកអាជ្ញាធរនឹងវាយតម្លៃថា តើការអនុលោមនេះរំលោភលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងផលប៉ះពាល់ដែលអាចកើតមានលើអធិបតេយ្យភាពសន្តិសុខ និងការអភិវឌ្ឍជាតិរបស់ចិនមែន ឬយ៉ាងណា?
ប្រសិនបើមែន ក្រសួងនឹងចេញ សេចក្តីបង្គាប់ប្រឆាំងនឹងការទទួលស្គាល់ការអនុវត្ត និងការគោរពច្បាប់ និងវិធានការបរទេស។ ដំណើរការនៃការរាយការណ៍នឹងត្រូវរក្សាការសម្ងាត់បើចាំបាច់ (យោងទៅតាមខ្លឹមសាររបស់វិធានការ)។
មាត្រា ៨ នៃវិធានការថ្មីនេះបានចែងថា បុគ្គល និងនីតិបុគ្គលអាចដាក់ពាក្យសុំទៅក្រសួង ដើម្បីលើកលែងពីវិធានរបស់ច្បាប់អនុលោមភាពបរទេសហើយសេចក្តីសម្រេចលើពាក្យសុំនេះ ត្រូវធ្វើក្នុងរយៈពេល ៣០ ថ្ងៃ។
ចំណែកឯរដ្ឋាភិបាលចិនក៏នឹងចាត់វិធានការតបតទៅវិញដែរ ក្នុងករណីចាំបាច់ណាមួយ។
ទោះបីជាភាគីចិនមិនបានបញ្ជាក់ច្បាស់ថា ប្រទេសណាខ្លះដែលនឹងត្រូវអនុវត្តវិធានការនេះក៏ដោយ ក៏ក្រុមហ៊ុនចិននៅលើពិភពលោកអាចនឹងក្លាយទៅជាចំណុចកណ្តាលនៃការប្រជែងសេដ្ឋកិច្ចគ្នារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលចិននាពេលបច្ចុប្បន្នផងដែរ។ ជាឧទាហរណ៍ស្រាប់ សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ប្រឆាំងនឹងជនជាតិចិនកាន់តែមានសភាពខ្លាំងឡើង ក្រោយរដ្ឋបាល Trump បានហាមឃាត់ការលក់បច្ចេកវិទ្យាអាមេរិកទៅឱ្យក្រុមហ៊ុន Huawei ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន និងក្រុមហ៊ុនដទៃទៀត។
នេះជាបញ្ហាដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ដែលត្រូវសម្រេចចិត្តថា តើត្រូវបន្តការរឹតត្បិតដែលបន្សល់ដោយអាណត្តិ Trump ប្រឆាំងនឹងអាជីវកម្មចិនកាត់បន្ថយការរឹតត្បិត ឬត្រូវគិតឡើងវិញទាំងស្រុង។
លោក Henry Gao សាស្រ្តាចារ្យច្បាប់មកពីសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី និងជំនាញផ្នែកពាណិជ្ជកម្មអន្តរជាតិបាននិយាយថា៖ «នេះ គឺជាការដាក់ឱ្យក្រុមហ៊ុនធំៗជាច្រើននៅកណ្ដាលចន្លោះផ្ទាំងថ្ម និងកន្លែងពិបាកពីព្រោះក្រុមហ៊ុនទាំងនេះ ត្រូវសម្រេចចិត្តថា តើត្រូវអនុវត្តតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬអនុវត្តវិធានការថ្មីរបស់ចិន។ ជម្រើសមួយណាក៏ដោយក៏ក្រុមហ៊ុនទាំងនោះនៅតែត្រូវប្រឈមនឹងការខាតបង់ទីផ្សារធំបំផុតរបស់ខ្លួនដូចគ្នា»។
លោក Nick Marro អ្នកនាំមុខផ្នែកពាណិជ្ជកម្មពិភពលោកនៅអង្គភាពផ្នែកសេដ្ឋកិច្ចវៃឆ្លាតក្នុងទីក្រុងហុងកុង បាននិយាយថា វិធានការថ្មីនេះនឹងពិបាកអនុវត្តពីព្រោះសហរដ្ឋអាមេរិកនៅតែជាទីផ្សារសំខាន់សម្រាប់ក្រុមហ៊ុនភាគច្រើនហើយអ្នកបង្កើតគោលនយោបាយនានាដឹងច្បាស់ណាស់អំពីរឿងនេះ។
លោកបានបន្ថែមថា៖ «ប៉ុន្តែការលេចឡើងនូវវិធានការថ្មីរបស់ក្រសួងបង្ហាញពីការគិតជាយុទ្ធសាស្រ្ត ដែលអាចបង្កើតឱ្យមានការផ្លាស់ប្តូរមួយរហូតដល់ពេលមួយដែលធ្វើឱ្យមន្ត្រីមានភាពងាយស្រួលជាងមុន ក្នុងការបង្ខំឱ្យក្រុមហ៊ុនរើសយកភាគីខាងណា ដើម្បីអនុវត្តច្បាប់»។
គួរបញ្ជាក់ផងដែរថា វិធានការថ្មីនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រជាជន ឬអង្គភាពដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នានៅទីក្រុងហុងកុងនាពេលថ្មីៗនេះ។ យ៉ាងណាមិញនៅមិនទាន់មានភាពជាក់លាក់ណាមួយទេថា តើវិធានថ្មីអាចអនុវត្តចំពោះការរឹតត្បិតទាក់ទងនឹងទីក្រុងហុងកុងបានដល់កម្រិតណា?
តួយ៉ាងកាលពីពេលថ្មីៗនេះ រដ្ឋបាលលោក Trump បានហាមឃាត់មិនឱ្យសហរដ្ឋអាមេរិកវិនិយោគជាមួយក្រុមហ៊ុនចិនមួយចំនួនឡើយហើយធ្វើឱ្យប៉ះពាល់ដល់ភាគហ៊ុនធំៗ មួយចំនួននៅហុងកុងថែមទៀតផង។
ដើម្បីអនុវត្តតាមការបញ្ជាក់ថ្មីស្តីពីការបញ្ជាទិញក្រុមហ៊ុនយក្សសន្ទស្សន៍ភាគហ៊ុន រួមមានក្រុមហ៊ុន MSCI និងក្រុមហ៊ុន FTSE Russell នឹងត្រូវដកហូតភាគហ៊ុនដែលបានចុះបញ្ជីនៅហុងកុង ជាមួយក្រុមហ៊ុនទូរគមនាគមន៍ចិនធំៗ ចំនួន ៣ គឺ China Mobile China Telecom និង China Unicom។
ការដកហូតនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃចន្ទនេះទៅមានន័យថា ភាគហ៊ុនទាំងនោះ នឹងលែងជាផ្នែកនៃសន្ទស្សន៍ដែលតាមដានដោយការវិនិយោគសកលនៃប្រាក់រាប់លានកោដិដុល្លារទៀតហើយ។
ភាគហ៊ុនរបស់ក្រុមហ៊ុនទាំង ៣ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុងបានលក់អស់យ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ហើយធ្វើឱ្យមានការខាតបង់ដល់ទៅ ១៣ ភាគរយ សម្រាប់ក្រុមហ៊ុន China Telecom ៧,៥ ភាគរយសម្រាប់ក្រុមហ៊ុនChina Unicom និងជាង ៨ ភាគរយ សម្រាប់ក្រុមហ៊ុន China Mobile នៅក្នុងរយៈពេល ៥ ថ្ងៃ៕