កាលពីថ្ងៃសៅរ៍ ទី ២៧ មីនា ប្រទេសចិន បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិក និងកាណាដា មួយចំនួន មួយថ្ងៃបន្ទាប់ពីបានប្រកាសដាក់ទណ្ឌកម្មលើអ្នកនយោបាយ និងអង្គការអង់គ្លេសមួយចំនួន ដែលវិធានការទាំងនេះ គឺជាការឆ្លើយតបនឹងទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដាក់លើមន្ត្រីចិន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (Xinjiang)។
ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ក្រសួងការបរទេសចិនបាននិយាយថា ប្រធាននៃគណៈកម្មការសហរដ្ឋអាមេរិកលើសេរីភាពសាសនាអន្តរជាតិលោក Gayle Machin នឹងត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ចិនដីគោក ហុងកុង និងម៉ាកាវ ហើយត្រូវបានហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មជាមួយស្ថាប័នហិរញ្ញវត្ថុចិន។
អនុប្រធានគណៈកម្មការនេះ គឺលោក Tony Perkins ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីទណ្ឌកម្មផងដែរ រួមជាមួយនឹងសមាជិកសភាកាណាដាលោក Michael Chong និងអនុគណៈកម្មាធិការសិទ្ធិមនុស្សអន្តរជាតិនៃសភាកាណាដា។
ក្រសួងការបរទេសចិនបានចេញសេចក្ដីថ្លែងការណ៍នោះថា៖ «ពួកគេត្រូវតែបញ្ឈប់ឧបាយកលនយោបាយលើបញ្ហាដែលទាក់ទងនឹងស៊ីនជាំងបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនតាមគ្រប់រូបភាព និងចៀសវាងដើរតាមផ្លូវខុស។ បើមិនដូច្នោះទេពួកគេអាចនឹងឆេះម្រាមដៃពួកគេ»។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ការដាក់ទណ្ឌកម្មរបស់ប្រទេសចិនគឺ «គ្មានមូលដ្ឋាន» ហើយគ្រាន់តែនាំឱ្យមានការពិនិត្យពិច័យបន្ថែមទៀតលើ «អំពើប្រល័យពូជសាសន៍» នៅស៊ីនជាំង។
លោក Blinken បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ដើម្បីបំភិតបំភ័យ និងបំបិទមាត់អ្នកដែលនិយាយ ដើម្បីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន គឺគ្រាន់តែជួយដល់ការឃ្លាំមើលអន្តរជាតិដែលកំពុងកើនឡើងនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកំពុងកើតមាននៅស៊ីនជាំង»។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយថា ទណ្ឌកម្មទាំងនេះគឺជា «ការវាយប្រហារទៅលើតម្លាភាព និងសេរីភាពនៃការបញ្ចេញមតិ»។ លោក Trudeau បានបង្ហោះសារទៅលើបណ្ដាញ Twitter ថា៖ «យើងនឹងបន្តការពារសិទ្ធិមនុស្សនៅជុំវិញពិភពលោកជាមួយដៃគូអន្តរជាតិរបស់យើង»។
រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាលោក Marc Garneau បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានប្រើយុទ្ធសាស្ត្រដៃធ្ងន់។ លោក Garneau បាននិយាយថា៖ «អ្នកយាយីគេ គឺមិនផ្លាស់ប្តូរទេលុះត្រាតែអ្នកផ្ញើសារយ៉ាងច្បាស់ទៅពួកគេ»។
កាលពីថ្ងៃសុក្រ ចិនប្រកាសដាក់ទណ្ឌកម្មដូចខាងលើចំពោះស្ថាប័នអង់គ្លេសចំនួន ៤ និងបុគ្គលចំនួន ៩ រូប រួមមានសមាជិកសភាអង់គ្លេសមួយចំនួនដែលបានរិះគន់ទង្វើនានាប្រព្រឹត្តទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រនៅស៊ីនជាំង។
ក្នុងសេចក្ដីថ្លែងការណ៍មួយក្រសួងការបរទេសចិន បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិច គឺផ្អែកទៅលើ «ការកុហក និងព័ត៌មានប្រឌិត» ហើយ «ជ្រៀតជ្រែកយ៉ាងពេញទំហឹងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងជាការធ្វើឱ្យខូចទំនាក់ទំនងចិន-អង់គ្លេសយ៉ាងធ្ងន់ធ្ងរ»។
ឯកអគ្គរដ្ឋទូតរងចិនប្រចាំទីក្រុងឡុងដ៍ លោក Yang Xiaoguang បាននិយាយក្នុងសន្និសីទកាសែតមួយថា៖ «ចិនមិនបង្កបញ្ហាទេ ប៉ុន្តែចិនមិនភ័យខ្លាចនៅពេលដែលប្រទេសមួយចំនួនបង្ក»។
«ចិនមិនមែនជាប្រទេសដែល បាញ់មុនទេ ប៉ុន្តែយើងក៏មិនមែនអសកម្ម និងចុះចូលចំពោះការគំរាមកំហែងពីខាងក្រៅដែរ»។ លោក Yang Xiaoguang បាននិយាយបន្តទៀតថា៖ «ពិភពលោកសព្វថ្ងៃ គឺមិនមែនជាពិភពលោកកាលពី ១២០ ឆ្នាំមុនទេ។ ប្រជាជនចិននឹងមិនត្រូវបានគេយាយី»។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានថ្កោលទោសសកម្មភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថា បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មគឺ «កំពុងបំពេញតួនាទីដ៏សំខាន់មួយដែលបំភ្លឺពន្លឺទៅលើការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានប្រព្រឹត្តលើជនជាតិអ៊ុយហ្គ័រ»។ លោក Johnson បានបង្ហោះសារទៅបណ្ដាញ Twitter ថា៖ «សេរីភាពក្នុងការនិយាយប្រឆាំងនឹងការរំលោភបំពាន គឺជាសិទិ្ធមូលដ្ឋានហើយខ្ញុំឈរយ៉ាងរឹងមាំជាមួយពួកគេ»។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយថា ទណ្ឌកម្មរបស់ចិននឹង «មិនបញ្ឈប់រដ្ឋាភិបាលអង់គ្លេសពីការនិយាយអំពីការរំលោភសិទ្ធិមនុស្ស ដែលកំពុងកើតឡើងនៅក្នុងតំបន់ស៊ីនជាំងនោះទេ»។
លោក Raab បានទទូចដល់អាជ្ញាធរចិនឱ្យអនុញ្ញាតតំណាងអង្គការសហប្រជាជាតិចូលទៅក្នុងតំបន់ស៊ីនជាំង ដើម្បីធ្វើការ «ផ្ទៀងផ្ទាត់ការពិត» ប្រសិនបើខ្លួនចង់បដិសេធការចោទប្រកាន់រំលោភសិទ្ធិ។ ចិនបាននិយាយថា មន្ត្រីការទូត គឺស្វាគមន៍នៅក្នុងតំបន់នេះ ប៉ុន្តែធ្វើនៅក្រោមលក្ខខណ្ឌដែលបានដាក់ដោយទីក្រុងប៉េកាំងប៉ុណ្ណោះ។
ការដាក់ទណ្ឌកម្មរបស់ចិន គឺជាវិធានការចុងក្រោយបង្អស់នៅក្នុងជម្លោះជូរចត់កាន់តែខ្លាំងឡើង ជុំវិញបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ដែលក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់ជនជាតិអ៊ុយហ្គ័រ ១ លាននាក់ ត្រូវបានឃុំខ្លួនក្នុងជំរំអប់រំឡើងវិញនៅក្នុងតំបន់នេះ។ ការចោទប្រកាន់បានលើកឡើងថា ប្រទេសចិន បានប្រើទារុណកម្ម និងបង្ខំឱ្យធ្វើការនៅជំរំទាំងនេះ ហើយកំពុងបំបាត់សមត្ថភាពបន្តពូជរបស់ជនជាតិអ៊ុយហ្គ័រ។
កាណាដា និងអាមេរិកបានចាត់ទុកសកម្មភាពរបស់ចិនទៅលើជនជាតិអ៊ុយហ្គ័រថា ជាអំពើប្រល័យពូជសាសន៍។ ចិនបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយនិយាយថា ជំរំខាងលើបានផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនជាតិភាគតិច និងចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយម។
កាលពីសប្ដាហ៍មុន ដោយប្រើការចោទប្រកាន់ខាងលើអាមេរិក អង់គ្លេស កាណាដា និងសហភាពអឺរ៉ុបបានធ្វើការដាក់ទណ្ឌកម្មលើមន្ត្រីចិននៅស៊ីនជាំងចំនួន ៤ រូប និងអង្គភាពផលិតកម្ម និងសំណង់ស៊ីនជាំង (XPCC) ដែលជាស្ថាប័នរដ្ឋចិនទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយសន្តិសុខ និងគ្រប់គ្រងជំរំឃុំឃាំងនៅស៊ីនជាំង។
នៅពេលនោះ ចិនបានឆ្លើយតបភ្លាមៗដោយការដាក់ទណ្ឌកម្មទៅលើមន្ត្រី EU ចំនួន ១០ រូប ដែលរួមមានសមាជិកសភាអឺរ៉ុប មន្ត្រីការបរទេស និងស្ថាប័ន EU ចំនួន ៣ ផងដែរ។ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាសមាជិកក្រុមប្រឹក្សារដ្ឋបាននិយាយថា៖ «ការដាក់ទណ្ឌកម្ម (លោកខាងលិច) ផ្អែកលើការកុហក គឺមិនអាចទទួលយកបានទេ»។
ជម្លោះការទូតនេះ បានរីកសាយភាយចូលដល់ទីផ្សារខោអាវនៅសប្ដាហ៍នេះ នៅពេលដែលការសន្យា ដែលធ្វើឡើងកាលពីឆ្នាំមុនដោយក្រុមហ៊ុនលោកខាងលិចមួយចំនួន ដើម្បីធ្វើពហិការមិនប្រើសំឡីកប្បាសដាំនៅស៊ីនជាំង បានលេចឡើងមកវិញនៅក្នុងបណ្ដាញសង្គម Weibo ធ្វើឱ្យប្រជាជនចាប់ផ្ដើមធ្វើពហិការខោអាវទាំងនោះ។ ក្រុមហ៊ុនទាំងនេះ រួមមានក្រុមហ៊ុន H&M របស់ស៊ុយអែត ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាមេរិក Nike និងក្រុមហ៊ុន Adidas របស់អាល្លឺម៉ង់៕