កាល​ពី​ថ្ងៃ​សៅរ៍ ទី ១០ តុលា កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ធ្វើ​សមយុទ្ធ​ខ្នាត​ធំ ​១ ​ក្នុង​ទម្រង់​វាយ​គ្រប់គ្រង​ដី​កោះ​ក្រោម​ប្រធានបទ «ពង្រឹង​សមត្ថភាព​ប្រយុទ្ធ ​និង​ការពារ​បូរណភាព​ទឹកដី»។ សមយុទ្ធ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កោះ​តៃវ៉ាន់ ​កំពុង​តែ​អបអរ​គម្រប់​ខួប​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋ​ចិន​ឆ្នាំ ១៩១១។

យោង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា​ សមយុទ្ធ​ធ្វើ​ឡើង​នៅ​ពេល​យប់ ​ជា​ការ​ហ្វឹកហាត់​ប្រតិបត្តិការ​យោធា​រួម (អាកាស​ គោក ​និង​ជើង​ទឹក) និង​មាន​ចល័ត យន្តហោះ​ដ្រូន​ កង​កម្លាំង​ពិសេស​ និង​កងកម្លាំង​ឆត្រយោង​ចេញ​ពី​តំបន់​មាត់​សមុទ្រ​នៃ​ខេត្ត​ក្វាងទុង ​និង​ហ្វូជាន។

CCTV បាន​ឱ្យ​ដឹង​ទៀត​ថា៖ «សមយុទ្ធ​ដែល​មាន​ការ​ធ្វើ​សមាហរណកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​កម្លាំង​ប្រយុទ្ធ​ថ្មី​ជា​ច្រើន​នេះ​បាន​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ជាក់​ស្តែង​របស់​កងទ័ព​រំដោះ​ចិន​ក្នុង​ការ​រួមគ្នា​វាយ​ប្រយុទ្ធ​ឡើង​គោក (Landing) ជា​បី​វិជ្ឈមាត្រ ​(three dimensional assault)»។

ដោយ​ឡែក​នៅ​ថ្ងៃ​អង្គារ ​ទី ១៣ ​ខែ​តុលា​ កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ធ្វើ​សមយុទ្ធ​ម្ដង​ទៀត​ក្នុង​ដែនដី​នៃ​ខេត្ត​ហ្វូជាន។

គួរ​កត់​សម្គាល់​ថា ​សមយុទ្ធ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ធ្វើ​ឡើង​ក្រោយ​ពី​ភាព​តានតឹង​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ទីក្រុង​ប៉េកាំង​បាន​បង្កើន​សម្ពាធ​យោធា​ស្ទើរ​តែ​រាល់​ថ្ងៃ​ទៅ​លើ​តៃវ៉ាន់​ដោយ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ឆ្លង​កាត់ «ខ្សែ​បន្ទាត់​មេដ្យាន» ដែល​ពុះ​ច្រក​សមុទ្រ​តៃវ៉ាន់​ជា ​២។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​និយាយថា ​តាំង​ពី​ថ្ងៃ​ទី ១៦​ ខែ​កញ្ញា​ មក ចិន​បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​មេដ្យាន​ចំនួន ​១៧ ​ដង។

ថ្លែង​នៅ​ឯ​ពិធី​បុណ្យជាតិ​នៃ​ការបង្កើត​សាធារណ​រដ្ឋ​ចិន ​១៩១១​ លោកស្រី​ប្រធានាធិបតី​ Tsai Ing-wen​ បាន​ពណ៌នា​ពី​ស្ថានភាព​ច្រក​សមុទ្រ​តៃវ៉ាន់​ថា ​ពិត​ជា​មាន​ភាព​តានតឹង ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​ខ្លឹមសារ (meaningful dialogue) ជាមួយ​ទីក្រុង​ប៉េកាំង ​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើ​ភាព​គ្នា។

ជា​ការ​ឆ្លើយតប​នឹង​សម្តី​របស់​លោក​ស្រី Tsai ​អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ក្រុង​ប៉េកាំង លោក Zhu Fenglian បាន​និយាយ​ថា៖ «ផ្លូវ​ទៅ​រក​ឯករាជភាព​របស់​កោះ​តៃវ៉ាន់ ​គឺ​ជា​ផ្លូវ​ទាល់​ រី​ឯ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក៏​មិន​អាច​ទម្លាយ​ផ្លូវ​ទាល់​នេះ​ទេ​»។

ទន្ទឹម​នឹង​ការ​រាយការណ៍​អំពី​សមយុទ្ធ CCTV​ ក៏​បាន​ចាក់​បញ្ចាំង​នូវ​ចម្លើយ​សារភាព​របស់​បុរស​សញ្ជាតិ​តៃវ៉ាន់ ​១ ​រូប​ ដែល​អាជ្ញាធរ​ប៉េកាំង​បាន​ចោទ​ថា ​បាន​ធ្វើ​ចារកម្ម​នៅ​ហុងកុង ​និង​សិនជិន។

លោក Lee Meng-Chu មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Morris Lee ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តំបន់​ព្រំដែន​ហុងកុង-សិនជិន ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​មុន ពី​បទ​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​រដ្ឋ។ អាជ្ញាធរ​ចិន​បាន​និយាយថា ​លោក Lee បាន​ទៅ​ហុងកុង ​ដើម្បី​គាំទ្រ​បាតុករ​ប្រឆាំង​ចិន​ហើយ​ក៏​បាន​រក​ឃើញ​ថា ​លោក​បាន​លួច​ថត​រូបភាព និង​វីដេអូ ​នៃ​ប៉ូលិស​ប៉េអឹម​ចិន ដែល​រូបភាព ​និង​វីដេអូ​នោះ ​អាច​ប្រើ​សម្រាប់​វិភាគ​អំពី​យុទ្ធជន​ឧបករណ៍​យោធា ​និង​កម្លាំង​យោធា។

លោក Lee ​ស្លៀក​ពាក់​ឯកសណ្ឋាន​អ្នក​ទោស​បាន​និយាយ​ថា៖ «ខ្ញុំ​សុំទោស ​ខ្ញុំ​បាន​ធ្វើ​រឿង​អាក្រក់​ជា​ច្រើន​កាល​ពី​អតីតកាល ​ប្រហែល​ជា​ខ្ញុំ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មាតុភូមិ​ និង​ប្រទេស»។

ចិន​បាន​ហៅ​ការ​ចាប់​ខ្លួន​ក្រុម​ចារកម្ម​តៃវ៉ាន់​ថា​ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ពិសេស​ ឬ​ហៅ​ថា «រន្ទះ ២០២០ (Thunder 2020)» ​ដោយ​បាន​បង្ក្រាប​ក្រុម​ចារកម្ម​តៃវ៉ាន់​រាប់​រយ​នាក់។ ជាមួយ​គ្នា​នេះ ​ចិន​ក៏​បាន​ចោទ​ក្រុង​តៃប៉ិ​ថា ​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ចលនា​តវ៉ា​របស់​ហុងកុង​ហើយ​លើក​ឡើង​ថា​ ចលនា​ឯករាជ្យ​តៃវ៉ាន់ ​និង​ហុងកុង​ កំពុង​តែ​ឃុបឃិត​គ្នា។

ការ​ចាក់​ផ្សាយ​ចម្លើយ​សារភាព​របស់​លោក Lee ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​កិច្ចការ​ចិន​ដីគោក​របស់​ក្រុង​តៃប៉ិ​និយាយ​ថា​ ជា​ការ​ផ្សព្វផ្សាយ​ព្យាបាទ​ផ្នែក​នយោបាយ​ដោយ​ភាគី​ម្ខាង​ទៀត ក្នុង​បំណង​បំផ្លាញ​ទំនាក់ទំនង​ដោយ​ចេតនា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ តាមរយៈ​ការ​ដាក់​អន្ទាក់​តៃវ៉ាន់​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​ធ្វើ​ចារកម្ម។​ ក្រុម​ប្រឹក្សា​បាន​បន្ត​ទៀត​ថា​ ចិន​គួរ​តែ​បញ្ឈប់​ការ​ព្យាយាម​ធ្វើ​ការ​ចោទ​ប្រកាន់​មិន​ពិត​ទៅ​លើ​ពលរដ្ឋ​របស់​តៃវ៉ាន់។

ទំនាក់​ទំនង​រវាង​តៃវ៉ាន់ ​និង​ចិន​ដី​គោក​ប្រែ​ជា​អាក្រក់​ទៅៗ ​ជា​ពិសេស​ក្រោយ​ពី​លោកស្រី ​Tsai មក​ពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​មាន​គោល​នយោបាយ​ធ្វើ​ឱ្យ​តៃវ៉ាន់​មាន​ឯករាជភាព​ និង​មិន​ទទួល​យក​គោលការណ៍​ចិន​តែ​មួយ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ២០១៦​៕