ក្រុង​ប៉េ​កាំងៈ​ ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ការពារ​ការ​បង្ក្រាប​សន្តិសុខ​ដ៏​ចម្រូង​ចម្រាស​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ចុង​ខាង​លិច​នៃ​ខេត្ត​​ស៊ីងជាំង​​ដែល​ភាព​ជ្រួល​ច្របល់​ ដោយ​និយាយ​ថា ​«​​ភេរវករ​»​ជិត​ ១៣ ​ពាន់ ​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទី​នោះ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ មក។​

យោង​តាម​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ​ក្រុង​ប៉េកាំង​ បាន​រង​ការ​រិះគន់​ពី​អន្តរជាតិ​ជុំវិញ​គោល​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ​ជា​ទី​ដែល​មាន​ជនជាតិ​អ៊ូយហ្គ័រ ​១ ​លាន​នាក់ ​និង​ជន​ភាគ​តិច​មូស្លីម​មួយ​ចំនួន​ធំ​ផ្សេង​ទៀត ​ត្រូវ​បាន​ចាប់ ឃុំ​ខ្លួន​នៅ​ក្នុង​ជំរំ​នានា​​នៅ​ទី​នោះ​។

ក្រុម​ប្រឹក្សា​របស់​រដ្ឋ​ គឺ​គណៈ​រដ្ឋមន្ត្រី​​ចិន ​បាន​វាយ​បក​វិញ​ម្តង​ទៀត ដោយ​មាន​ឯកសារ​បញ្ជាក់​ថា ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​​ដោយ​និយាយ​ថា​ រដ្ឋាភិបាល ​«​មិន​បង្អង់​ដៃ​ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ក្រុម​ជ្រុល​និយម​ ដោយ​អនុលោម​ទៅ​តាម​​ច្បាប់​របស់​ចិន»។

ឯកសារ​នោះ បញ្ជាក់​ទៀត​ថា ខេត្ត​​ស៊ីងជាំង ​គឺ​ជា​ផ្នែក​នៃ​ទឹក​ដី​របស់​ចិន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ​ប៉ុន្តែ​ថា​​ ក្រុម​កង​កម្លាំង​ភេរវកម្ម ​និង​ក្រុម​​ជ្រុល​និយម ទាំង​នោះ​​បង្កើត​​សកម្មភាព​ផ្តាច់​ខ្លួន ​ដោយ ​«​ក្លែង​បន្លំ​»​ ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​តំបន់​។​

យោង​តាម​ឯកសារ​​នោះ ​បាន​ឲ្យ​ដឹង​ថា​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤​ មក ខេត្ត​ស៊ីងជាំង បាន​កម្ទេច​ក្រុម​ជន​អន្ធពាល​ភេរវករ​បង្ក​អំពើ​ហិង្សា​ចំនួន ​១ ៥៨៨ ក្រុម​ ​ចាប់​ខ្លួន​ភេរវករ ១២ ៩៩៥ ​នាក់ ​​រឹប​អូស​យក​គ្រឿង​ផ្ទុះ​ចំនួន ​២ ០៥២ ​គ្រាប់ ​ហើយ​បាន​ធ្វើ​ការ ផ្តន្ទាទោស ​៣០ ៦៤៥ ​នាក់​ពី​បទ​ធ្វើ​សកម្មភាព​នានា​​​ទាក់ទង​នឹង​សាសនា​ខុស​ច្បាប់​ ​៤ ៨៥៨ ករណី​៕ AFP/SK