កាល​ពី​ថ្ងៃ​ចន្ទទី ​២៥ ​មករា ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​តែងតែ​បញ្ជូន​នាវា ​និង​យន្តហោះ​ទៅ​សមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​បង្ហាញ​អំណាច​របស់​ខ្លួន។​ ប្រទេស​ចិន ​យល់​ថា សកម្មភាព​បែប​នេះ គឺ​មិន​ល្អ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​បន្ទាប់​ពី​ក្រុម​នាវា​ដឹក​យន្តហោះ​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​បាន​ចូល​ទៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ។

ប្រទេស​ចិន ​បាន​លើក​ឡើង​ជារឿយៗ​ពី​រឿង​ដែល​កង​ទ័ពជើង​​ទឹក​របស់​អាមេរិក​បាន​ចូល​ទៅ​ជិត​កោះ​ដែល​ខ្លួន​កាន់​កាប់។​ កាល​ពី​ថ្ងៃទី ​២៣ ​មករា ​ក្រុម​នាវា​សហរដ្ឋ​អាមេរិក ​Theodore Roosevelt និង​នាវា​ចម្បាំង ​៣ គ្រឿង ​បាន​ចូល​ទៅ​​តំបន់​នោះ​ក្នុង​គោល​បំណង​​លើក​កម្ពស់​សេរីភាព​សមុទ្រ។ នេះ​បើ​តាម​ការ​រាយ​ការណ៍​របស់​សារព័ត៌មាន​ Reuters។

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​រិះគន់​ពី​គោល​បំណង​ ដើម្បី​បង្កើត​សកម្មភាព​យោធា​នៅ​តំបន់​នោះ​ដើម្បី​ជំរុញ​ឱ្យ​មាន​ប្រតិបត្តិការ​យោធា។​ ប៉ុន្តែ​ប្រសិន​បើ​យោធា​អាមេរិក​ប៉ះពាល់​​កោះ​របស់​ចិន​មែន សង្គ្រាម​​ជាមួយ​ចិន​នឹង​អាច​កើត​មាន​ឡើង​៕