ប្រទេស​ចិន បាន​ដាក់​ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដែល​បាន​ចោទ​ប្រកាន់​ថា មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ស៊ីនជាំង ដែល​ជា​ចំណាត់ការ​ចុងក្រោយ​បង្អស់​ក្នុង​ការ​ជំរុញ​ប្រឆាំង​ទប់ទល់​នឹង​ការ​ចោទប្រកាន់​បរទេស​ស្ដីពី ការ​រំលោភ​ពលកម្ម​នៅ​តំបន់​នេះ។

គេហទំព័រ​ព័ត៌មាន​រដ្ឋ Tianshannet បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ចិន ​បាន​ប្ដឹង​និង​ទាមទារ​ឱ្យ​មាន​ការ​សុំទោស ព្រមទាំង​សំណង​ហិរញ្ញវត្ថុ​ពី​អ្នក​ស្រាវជ្រាវ​ម្នាក់​ឈ្មោះ ​Adrian Zenz។ បណ្តឹង​នេះ​កើត​ឡើង​ក្រោយ​លោក Zenz និង​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​បាន​និង​កំពុង​សិក្សា​ពី​ករណី​មួយ ទាក់ទិន​នឹង​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ជនជាតិ​ភាគតិច​នៅ​ស៊ីនជាំង ដែល​ពួក​គេ​ឱ្យ​ចាត់​ទុក​ថា​ជា «អំពើ​ប្រល័យ​ពូជសាសន៍» បើ​យោង​តាម​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺណែវ។

បណ្ដឹង​នេះ ផ្ដោត​លើ​របាយការណ៍​របស់​លោក Zenz ជាពិសេស ដែល​ធ្លាប់​បាន​សរសេរ​ផ្សាយ​នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាល​ពី​ខែធ្នូ​កន្លង​ទៅ​ដែល​ថា ​ពលករ​ជនជាតិ​ភាគ​តិច​រាប់ពាន់​នាក់​នៅ​ស៊ីនជាំង «កំពុង​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​បេះ​កប្បាស​ដោយ​ដៃ»។

ពាក្យ​បណ្តឹង​នេះ​ក្រោយ​មក​ត្រូវ​បាន​អនុម័ត​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian ដែល​បាន​ចោទ​ប្រកាន់​លោក Zenz ពី​ការ​​បង្ក​ឱ្យ​លោក​ខាង​លិច​ប្រតិកម្ម​ប្រឆាំង​នឹង​ចិន​ទាក់ទិន​នឹង​បញ្ហា​នៅ​ស៊ីនជាំង។ លោក Zhao បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា «អ្នក​នយោបាយ​ខ្លះ​សុខ​ចិត្ត​ជឿ​ពាក្យ​របស់​គាត់(លោក Zenz)»។

លោក Peng Qinxuan អ្នក​ជំនាញ​មក​ពី​វិទ្យាស្ថាន​ច្បាប់​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Wuhan បាន​ឱ្យ​ដឹង​ថា វិវាទ​ប្រឆាំង​នឹង​លោក Zenz នេះ​នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ក្រោម​យុត្តាធិការ​ការពារ​ពីព្រោះ​អំពើ​របស់​គាត់​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​តាម​បទឧក្រិដ្ឋ។

លោក Zenz បាន​និយាយ​ថា លោក​មិន​ខ្វល់​នឹង​សកម្មភាព​ផ្លូវ​ច្បាប់​ដែល​ចិន​កំពុង​ធ្វើ​ប្រឆាំង​នឹង​លោក​ឡើយ ហើយ​បាន​បន្ត​ថា ការ​ស្រាវជ្រាវ​របស់​លោក​ត្រូវ​បាន​គេ​ដឹងឮ។ លោក Zenz បាន​និយាយ​តាម​ទូរស័ព្ទ​ថា៖ «វា(ការ​ស្រាវជ្រាវ) ពិត​ជា​ធ្វើ​ឱ្យ​ពួក​គេ​ក្ដៅ​ក្រហាយ ដូច​នេះ​បាន​ន័យថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្ញុំ ពិត​ជា​ធ្វើ​ឱ្យ​មាន​ផលប្រយោជន៍​ដល់​សង្គម»។

ប្រទេស​ចិន បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រឆាំង​នឹង​ការ​រិះគន់​របស់​បរទេស​ចំពោះ​គោល​នយោបាយ​ក្នុង​តំបន់​ស៊ីនជាំង​ដែល​ការ​រិះគន់​ទាំង​នេះ​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ហាម​ឃាត់​ផលិតផល​កប្បាស​ពី​តំបន់​នេះ និង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ពហិការ ចំពោះ​បញ្ហា​នេះ​នៅ​ទីក្រុង​ប៉េកាំង​នៅ​រដូវរងា​ឆ្នាំ​ក្រោយ។

សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តំបន់​ស៊ីនជាំង កាល​ពី ១ ឆ្នាំ​កន្លង​មក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភ័ស្តុតាង​ដែល​បាន​បង្ហាញ​ដោយ​អ្នក​ស្រាវជ្រាវ​រួមទាំង​លោក Zenz ស្ដី​អំពី​យុទ្ធនាការ​ដ៏​ធំ​មួយ​នៃ​ការ​ឃុំឃាំង និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ពោល គឺ​បង្ខំ​លើ​ក្រុម​មូស្លីម​អ៊ុយហ្គ័រ​នៅ​ក្នុង​តំបន់​នេះ។ ការ​ដាក់​ទណ្ឌកម្ម​រួម​មាន​ការ​ហាម​ឃាត់​ភួយ​កប្បាស​ពី​តំបន់​នេះ ដែល​មាន​ចំនួន ៨៧ ភាគរយ ​នៃ​កប្បាស​ដែល​ដាំដុះ​នៅ​ក្នុង​ប្រទេស​ចិន ​សរុប។

លោក Zhao Lijian បាន​និយាយ​ថា៖ «ក្រុមហ៊ុន និង​ប្រជាជន​ជាច្រើន​នៅ​ស៊ីនជាំង​បាន​ទទួល​រង​នូវ​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ពាក្យ​ចចាម​អារ៉ាម​របស់​លោក Zenz ដែល​ថា ចិន​បង្ខំ​ឱ្យ​មាន​ការ​ធ្វើ​ពលកម្ម ដោយ​គ្មាន​ទិស​តំបន់។ ប្រជាជន​នៅ​តំបន់​នេះ​ស្អប់​ខ្ពើម ពាក្យ​ចចាម​អារ៉ាម​នេះ​ខ្លាំង​ណាស់»។

លោក Zenz គឺ​ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​ទទួល​បន្ទុក​ការ​សិក្សា​ប្រទេស​ចិន ​នៅ​មូលនិធិ​ជនរងគ្រោះ​នៃ​របប​កុម្មុយនីស្ត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភា​ជា​ឯកច្ឆន្ទ​ក្នុង​ឆ្នាំ ១៩៩៣។

មន្ត្រី​រដ្ឋាភិបាល​ចិន​តែង​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​ការ​អះអាង​ដែល​លើក​ឡើង​ដោយ​លោក Zenz និង​បាន​ថ្កោលទោស​លោក​ថា ជា «អ្នក​ប្រាជ្ញ​ក្លែងក្លាយ» និង​ចោទ​ប្រកាន់​ទៀត​ថា បាន​ធ្វើ​ការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។

ការ​ស្រាវជ្រាវ​របស់​លោក Zenz ភាគ​ច្រើន​ត្រូវ​បាន​ទទួល​ដោយ​អ្នក​ប្រាជ្ញ​ផ្សេង​ទៀត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា។ គណៈកម្មាធិការ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន ​ដោយ​ប្រើប្រាស់​ការ​សិក្សា​របស់​លោក​កាល​ពី​ឆ្នាំ ២០១៨ ហើយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​និង​សភា​ហូឡង់​ថ្មីៗ​នេះ​បាន​ចាត់​ទុក​គោល​នយោបាយ​របស់​ទីក្រុង​ប៉េកាំង​ថា ជា​របប «ប្រល័យ​ពូជសាសន៍»។

កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក ​Wang Yi​ បាន​ច្រានចោល​ការ​អះអាង​បែប​នេះ​ថា ​​ជា​ការ​អះអាង «ភូតភរ» នៅ​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​លោក។ លោក​បាន​និយាយ​ថា៖ «វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប្រឌិត​ជាមួយ​នឹង​បរទេស​ខាង​ក្រៅ ដើម្បី​ភូត​កុហក​ប៉ុណ្ណោះ»។

លោក Zenz បាន​និយាយ​ថា លោក​ជឿជាក់​ថា បណ្តឹង​នេះ​អាច​នឹង​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​ប្រទេស និង​អង្គការ​សង្គម​ស៊ីវិល​នានា​ឱ្យ​ងាក​មក​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធានការ​ចំពោះ​បញ្ហា​នៅ​ស៊ីនជាំង។

លោក​បាន​មានប្រសាសន៍​ថា៖ «នេះ​គឺ​ជា​ឱកាស​ក្នុង​ការ​ស្វាគមន៍​ដល់​បុគ្គល​នានា​ឱ្យ​ងាក​មក​មើល​ប្រធានបទ និង​ភ័ស្តុតាង​នេះ​ឱ្យ​លម្អិត​ពី​ព្រោះ​ភ័ស្តុតាង ដែល​បាន​សរសេរ​ក្នុង​ការ​ស្រាវជ្រាវ​នេះ គឺ​ជា​ភ័ស្ដុតាង​ពិត​ប្រាកដ​ណាស់»៕