កាលពីថ្ងៃសៅរ៍ទី ៧ មីនា ក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍មួយថា មានការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្តចិញ្ចឹមជ្រូកសំខាន់ៗ ចំនួន ២ គឺ Sichuan និង Hubei។
ការរីករាលដាលជំងឺនេះបានសម្លាប់ជ្រូកចំនួន ៣៨ ក្បាលក្នុងចំណោម ១២៧ ក្បាល នៅកសិដ្ឋានមួយនៅខេត្ត Sichuan ដែលជាខេត្តចិញ្ចឹមជ្រូកនាំចេញធំជាងគេរបស់ប្រទេសចិន។ នៅ Hubei ជំងឺនេះត្រូវបានគេរកឃើញនៅលើឡានដឹកកូនជ្រូកដែលត្រូវបានដឹកជញ្ជូនខុសច្បាប់ពីខេត្តមួយផ្សេងទៀត។ កូនជ្រូកចំនួន ១០ ក្បាលក្នុងចំណោម ១៦៥ ក្បាលបានឆ្លងហើយ ៥ ក្បាលទៀតបានងាប់។
ប្រទេសចិនគឺជាអ្នកផលិត និងអ្នកទទួលទានសាច់ជ្រូកច្រើនជាងគេក្នុងពិភពលោក។ ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសចិនបានកើតឡើងម្ដងទៅហើយកាលពីឆ្នាំ ២០១៩ ដែលកាលនោះបានសម្លាប់ពាក់កណ្ដាលនៃចំនួនជ្រូកសរុបក្នុងប្រទេស។ ការរីករាលដាលឆ្នាំ ២០១៩ បានឆ្លងព្រំដែនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម៕